(ភ្នំពេញ)៖ លោក ​ប៉ែន​ ​វិបុល​ ​អនុរដ្ឋ​លេខាធិការ​ក្រសួងធម្មការ​ ​និងសាសនា បានសំណូមពរឲ្យប្រជាពលរដ្ឋខ្មែរ ដែលជាពុទ្ធសាសនិកជន សូមជួយបង្ហោះខ្លឹមសារទាក់ទងនឹងពិធីបុណ្យមាឃបូជា តាមបណ្តាញសង្គមនានាឲ្យបានច្រើន ព្រោះពិធីបុណ្យនេះ ហាក់គ្មានការយល់ដឹងច្រើន ពីកូនខ្មែរជំនាន់ក្រោយ ដូចពិធីបុណ្យបរទេសនោះឡើយ។

លោក ប៉ែន វិបុល បានថ្លែងបែបនេះ ក្នុងឱកាសដែលលោកចូលរួម ក្នុងពិធីឈ្វេងយល់បុណ្យមាឃបូជា ដែលត្រូវរៀបចំឡើងដោយពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ សហការជាមួយក្រុមហ៊ុនផ្កាឈូក នាសន្និសីទចតុមុខ។

កម្មវិធីនេះក៏មានការនិមន្ត និងអញ្ជើញជាវាគ្មិន ដោយអ្នកជំនាញផ្នែកព្រះពុទ្ធសាសនា និងសង្គម ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ ក្រសួងចំនួន០៥ ព្រះសង្ឃ និស្សិត និងប្រជាពលរដ្ឋទូទៅប្រមាណ៥០០អង្គ/នាក់ ក្នុងគោលបំណងពិភាក្សាលម្អិតពីអត្ថន័យ និងទស្សនវិជ្ជា ដែលរៀនសូត្របាន​មកពីពិធីបុណ្យនេះ។

មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ និងសាសនារូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ពុទ្ធបរិស័ទ​ទាំងអស់​ដែល​ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ ​គួរ​ធ្វើ​រូបសញ្ញា​មួយ​ផ្ទាំង​ ​ឬ​ធ្វើអ្វី​ដើម្បី​បង្ហាញ​ជា​រូបភាព​មាឃបូជា​ ​ឱ្យ​មើលទៅ​ដឹង​ថា​ជា​ថ្ងៃ​មាឃបូជា​ ​ដោយ​មិនបាច់​ផ្សព្វផ្សាយ​ច្រើន​ក៏​ដឹង​តែម្តង​ ​ហើយ​បន្ថែម​ការចែក​រំលែក​តាមរយៈ​ ​Message​ ​ឬ​ ​Facebook​ ​ជាដើម​»​។​ ​

លោក ប៉ែន វិបុល បន្តថា បច្ចុប្បន្ននេះ ពិធីបុណ្យមាឃបូជា ហាក់គ្មានការយល់ដឹងច្រើនពីកូនខ្មែរជំនាន់ក្រោយ ដូចពិធីបុណ្យបរទេសផ្សេងៗ ដែលមាននៅលើពិភពលោកនេះឡើយ ហើយសម្រាប់ប្រជាជនខ្មែរខ្លះ ដែលជាអ្នកកាន់ព្រះពុទ្ធសាសនា មិនទាន់យល់ច្បាស់ពីអត្ថន័យពិត របស់បុណ្យមាឃបូជាផងដែរ។ លោកបានសំណូមពរ ឲ្យប្រជាពលរដ្ឋងាកមកចាប់អារម្មណ៍ ក្នុងការរៀបចំពិធីបុណ្យសាសនាព្រះពុទ្ធដ៏ធំមួយនេះ ជាពិសេសតាមសាលារៀន ត្រូវបង្រៀនឲ្យសិស្សបានយល់ដឹងច្រើន ពីការប្រារព្ធពិធីបុណ្យមាឃបូជា។

បើតាមអនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ​ប្រជាជន​ខ្មែរ​ជា​ពុទ្ធបរិស័ទ​ ​នៅតាម​សាកល​វិទ្យាល័យ​ ​ក្រុមហ៊ុន​នានា​ ​និង​មនុស្ស​ទូទៅ​មិន​ច្រើន​ទេ ​ដែល​ដឹង​ថា​ថ្ងៃទី១៩ ​កុម្ភៈ​ ​ខាងមុខនេះ​ជា​ថ្ងៃ​មាឃបូជា​។​ ​បញ្ហា​ដែល​មិនសូវ​មាន​អ្នកដឹង​ ​និង​ស្គាល់​ពិធីបុណ្យ​ដ៏​សំខាន់​មួយ​នេះ​ ​ដោយសារតែការផ្សព្វផ្សាយពិធីបុណ្យនេះ គ្មាន​រូបភាព​បង្ហាញ​ច្បាស់លាស់​។​ ​

លោកបញ្ជាក់បន្តថា «ជាក់ស្តែង​ប្រសិនបើ​យើង​គិត​ពី​បុណ្យណូអែល​ ​មិន​ចាំបាច់​ផ្សព្វផ្សាយ​ទេ​ ​ក៏​គេ​ដឹង​ថា​បុណ្យណូអែល​ ​គឺ​គេ​ច្រើន​ធ្វើ​នៅ​ថ្ងៃទី២៥​ ​ខែធ្នូ​ដែរ​ ​ព្រោះ​គេ​មានការ​ជូន​កាដូ​ ​ឬ​រូបភាព​មួយចំនួន​ផ្សេងទៀត​ ​ឯ​បុណ្យចូលឆ្នាំ​ចិន​ ​គេ​ដឹង​ថា​មានការ​ជូន​អាំង​ប៉ាវ​ជាដើម​។​ ​សម្រាប់​ថ្ងៃ១៤​ ​កុម្ភៈ​ ​ទិវា​នៃ​ក្តី​ស្រឡាញ់​ ​មិនទាន់​ដល់​ថ្ងៃ​ផង​ ​គេ​ដឹង​បាត់​ទៅ​ហើយ​ ​តាមរយៈ​រូបភាព​នៃ​ការ​លក់​ផ្កា​នៅ​ម្តុំ​វិមានឯករាជ្យ​ជាដើម​ ​ចុះ​មាឃបូជា​វិញ​ ​តើ​យើង​ត្រូវ​មាន​អ្វី​បង្ហាញ​ទៅ​»?

លោកស្រី នេត ភូមិរី អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងដែរថា ប្រជាពលរដ្ឋខ្មែរជាពុទ្ធសាសនិកជន ជាពិសេសនៅតាមប្រទេសណា ដែលកាន់ព្រះពុទ្ធសាសនា តែងតែប្រារព្ធនូវពិធីបុណ្យមាឃបូជាជារៀងរាល់ឆ្នាំ ប៉ុន្តែការរៀបចំពិធីបុណ្យនេះ មិនបានចូលជ្រៅឲ្យបានស៉ីជម្រៅ ខ្លឹមសារនៃពិធីបុណ្យនោះទេ។ លោកស្រី បានជំរុញដល់ពុទ្ធបរិស័ទទាំងអស់ ត្រូវសិក្សាស្វែងយល់ពីអត្ថន័យពិត របស់កម្មវិធីបុណ្យមាឃបូជា មិនត្រូវចាប់យកវប្បធម៌បរទេសដាក់ខ្លួន ភ្លេចវប្បធម៌របស់ជាតិនោះទេ។

លោកស្រី នេត ភូមិរី បានបន្តថា «នៅក្នុងការគាំទ្រពុទ្ធសាសនា ធ្វើឲ្យពុទ្ធសាសនិកជនយើងត្រូវចេះធម្មវិន័យ ចេះនូវក្បួនច្បាប់នានារបស់ព្រះពុទ្ធដែរ ទើបយើងគាំទ្របាន យើងមិនចេះតែគាំទ្រទេ។ ដូច្នេះយើងទៅទាំងចិត្ត ទាំងសម្ភារទាំងអស់ ដើម្បីឲ្យដំណើរការទៅរលូនបាន»

ព្រះមហាវិមលធម្ម ពិន​ សែម ព្រះរាជាគណៈថ្នាក់ទោ សមាជិកថេរសភាសង្ឃព្រះពុទ្ធសាសនាកម្ពុជា មានសង្ឃដីកាថា ពិធីបុណ្យមាឃបូជា ជាពិធីបុណ្យមួយដ៏វិសេសវិសាល សម្រាប់ពុទ្ធសាសនិកជនទូទាំងប្រទេស នៅលើពិភពលោកយើងនេះ។

ព្រះមហាវិមលធម្ម ពិន​ សែម​ បានគូសបញ្ជាក់ថា បុណ្យមាឃបូជា ត្រូវបានប្រារព្ធរំលឹកថ្ងៃសាវកសន្និបាត របស់ព្រះសម្មាសម្ពុទ្ធជាបរមគ្រូនៃយើង។ ក្នុងពិធីបុណ្យមាឃបូជា មានសារៈសំខាន់២យ៉ាងគឺ៖ ទី១- ចតុរង្គសន្និបាត ជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនា និងទី២- ការដាក់អាយុសង្ខារ នៃការចូលព្រះបរិនិព្វានរបស់ទ្រង់។

សូមជំរាបថា ពិធីបុណ្យមាឃបូជា តែងតែត្រូវបានធ្វើឡើងនៅថ្ងៃ១៥កើត ខែមាឃ ជារៀងរាល់ឆ្នាំ ហើយពិធីបុណ្យសាសនាមួយនេះ មានសារៈសំខាន់ណាស់នៅក្នុងពុទ្ធិសាសនា ប្រហាក់ប្រហែលនឹងបុណ្យពុទ្ធសាសនាដទៃទៀតដែរ រួមមាន៖ ពិសាខបូជា, អាសាឍបូជា និងបុណ្យបវារណា (ចេញវស្សា)ជាដើម។ បុណ្យមាឃបូជានេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ចូលជាបុណ្យជាតិរបស់កម្ពុជាផងដែរ ដោយនៅថ្ងៃប្រារព្ធបុណ្យនេះ រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យមន្ត្រីរាជការ សិស្សានុសិស្ស រួមទាំងវិស័យឯកជន ឈប់សម្រាកមួយថ្ងៃផងដែរ៕