(ភ្នំុពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ទឹកប្រាក់ជិត ៧លានដុល្លារសហរដ្ឋអាមេរិកហើយ ត្រូវបានឧបត្ថម្ភជូនដល់កម្មការិនីពេលពួកគេសម្រាលកូនក្នុងរយៈពេលជាង១ឆ្នាំមកនេះ។

ក្រោយពីបានចុះជួបសំណេះសំណាលជាបន្តបន្ទាប់ជាមួយកម្មករ កម្មការិនីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចដាក់ចេញគោលនយោបាយឧបត្ថម្ភថវិកាដល់កម្មការិនីពេលសម្រាលកូន ដើម្បីជួយសម្រាលផលលំបាកនានារបស់ពួកគេ។ សម្តេចតេជោ បានសម្រេចឲ្យឧបត្ថម្ភថវិកា ៤០ម៉ឺនរៀល សម្រាប់កម្មការិនីសម្រាលកូន១, ៨០ម៉ឺនរៀលសម្រាប់អ្នកសម្រាលកូនភ្លោះ២ និង ១លាន ២សែនរៀល សម្រាប់អ្នកសម្រាលកូនភ្លោះ៣។

ការឧបត្ថម្ភនេះបានចាប់ផ្តើមអនុវត្តន៍ចាប់ពីខែមករា ឆ្នាំ២០១៨។ លោក អ៉ិត សំហេង បានឲ្យដឹងថា មកដល់ពេលបច្ចុប្បន្ននេះ មានកម្មការិនីសម្រាលកូនចំនួន ៦៥,០៥៤នាក់ ចំនួនកូន ៦៥,៥៣៤នាក់។ ក្នុងនោះកូនភ្លោះ២ ចំនួន ៩៤០នាក់ និងកូនភ្លោះ៣ ចំនួន ១៥នាក់។ រាជរដ្ឋាភិបាល បានផ្តល់ប្រាក់ឧបត្ថម្ភសរុបចំនួនប្រមាណជិត ៦លាន ៦សែនដុល្លារ។

សម្រាប់ឆ្នាំ២០១៩នេះ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ មានកម្មការិនីសម្រាលកូនជិត ១ម៉ឺន ៨រយនាក់ ចំនួនកូនជិត ១ម៉ឺន ១ពាន់នាក់ ក្នុងនោះ កូនភ្លោះ២ ចំនួន ៤៦នាក់ កូន ៩២នាក់ និងកូនភ្លោះ៣ ចំនួន ១នាក់ កូនចំនួន ៣នាក់ ដែលបានផ្តល់ប្រាក់ឧបត្ថម្ភសរុបចំនួនជាង ១លាន ៨ម៉ឺនដុល្លារ។

តាមរយៈគោលនយោបាយឧបត្ថម្ភថវិកាដល់កម្មករិនីពេលសម្រាលកូននេះ បានធ្វើកម្មការិនីសម្តែងសាទរជាខ្លាំងចំពោះគោលនយោបាយដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន។ រីករាយក៏ដោយសារតែប្រាក់ឧបត្ថម្ភនេះ បានរួមចំណែកជួយសម្រាលផលលំបាកនៅក្នុងជីវភាពរបស់ពួកគេបានមួយកម្រិត។

សូមបញ្ជាក់ថា ក្រៅពីការឧបត្ថម្ភដល់កម្មការិនីនៅពេលសម្រាលកូនហើយនោះ ចាប់ពីពាក់កណ្តាលឆ្នាំ២០១៩នេះតទៅ រាជរដ្ឋាភិបាលកម្ពុជា ក៏នឹងមានការឧបត្ថម្ភថវិកាដល់ស្រ្តីក្នុងគ្រួសារមានជីវភាពក្រីក្រពេលសម្រាលកូនប្រមាណ ៧៦ម៉ឺនរៀលចាប់ពីពេលមានផ្ទៃពោះ រហូតដល់កូនមានអាយុពីរឆ្នាំផងដែរ។

តាមរយៈគោលនយោបាយទាំងនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោជាប្រមុខទៅលើការគាំពារមាតា និងទារក៕