(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៧ ក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ» នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខនេះ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានដាក់ចេញឯកសារវីដេអូអប់រំ អំពីការយល់ដឹងជាសាធារណៈអំពីការប្រើប្រាស់ «កូនសៀវភៅ Green Passport» សម្រាប់ចូលរួមចលនាប្រឡងប្រណាំង «ភោជនីយដ្ឋានស្អាត»។ 

យោងសេចក្ដីជូនដំណឹងលេខ៣២៦ សជណ.អគឧ ចុះថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ របស់ក្រសួងទេសចរណ៍ ស្ដីពីការប្រឡងប្រណាំង «ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ស្អាត» និងការប្រើប្រាស់កូនសៀវភៅយុទ្ធនាការ «ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ស្អាត» (Green Passport) សាធារណៈជនទាំងអស់អាចចូលរួមក្នុងយុទ្ធនាការនេះ ជាពិសេសការប្រើប្រាស់កូនសៀវភៅយុទ្ធនាការ «ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ស្អាត» (Green Passport) ដោយគ្រាន់តែចូលទៅកាន់គេហៈទំព័រ http://cleanrest.cambodiaecobusiness.org

សូមលោកអ្នកដាក់កូនសៀវភៅ Green Passport ជាប់តាមខ្លួន ដើម្បីស្នើសុំអាជីវកម្មភោជនីយដ្ឋាន ឬអាហារដ្ឋានទេសចរណ៍ ឲ្យបោះត្រាសម្គាល់ក្នុងទំព័រនៃកូនសៀវភៅ Green Passport ដោយត្រានោះមាន ០២ ប្រភេទ ទី១. ត្រា «គ្មានសំរាមក្រោមតុ» សម្រាប់តែភោជនីយដ្ឋាន ឬអាហារដ្ឋានទេសចរណ៍ទាំងឡាយណាដែលគ្មានសំរាមនៅក្រៅធុង ទី២៖ ត្រា «បង្គន់អនាម័យស្អាត» សម្រាប់តែភោជនីយដ្ឋាន ឬអាហារដ្ឋានទេសចរណ៍ទាំងឡាយណាដែលមានបង្គន់អនាម័យស្អាត។

ចំពោះលោកអ្នកដែលចូលរួមប្រើប្រាស់កូនសៀវភៅ Green Passport មានចំនួនបោះត្រា «គ្មានសំរាមក្រោមតុ» ឬ «បង្គន់អនាម័យស្អាត» ច្រើនជាងគេ នឹងទទួលបានលិខិតសរសើរ និងមេដាយ ជាពលរដ្ឋគំរូចូលរួមក្នុងយុទ្ធនាការ «ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ស្អាត» ពីក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត៕