(បារាំង)៖ លោក សម រង្ស៉ី មេចលនាឧទ្ទាមនៅក្រៅប្រទេស នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបង្ហាញវីដអូ ជិះស្គីលើទឹកកកកម្សាន្តយ៉ាងសប្បាយរីករាយ នៅប្រទេសបារាំង បន្ទាប់ពីលោកបានបោកប្រាស់សកម្មជន និងអ្នកគាំទ្រ អំពីការវិលត្រឡប់មកប្រទេសកម្ពុជា ដើម្បីរៃអង្គាសថវិកា។

លោក សម រង្ស៉ី បានសរសេរនៅលើ Facebook ផ្លូវការរបស់លោក ជាមួយនឹងការបង្ហោះវីដេអូយ៉ាងដូច្នេះថា៖ «ធ្វើកីឡាជិះស្គីទឹកកក សប្តាហ៍នេះ នៅ Chamonix-Mont-Blanc ដែលជាតំបន់ភ្នំមួយ នៃប្រទេសបារាំង ជាប់ព្រំប្រទល់ដែនប្រទេសស្វីស និងប្រទេសអ៉ីតាលី»។

លោក សម រង្ស៉ី បានប្រកាសប្រមូលថវិកាពីអ្នកគាំទ្រឱ្យបាន៣០ម៉ឺនដុល្លារ ដើម្បីឱ្យលោកវិលចូលប្រទេសកម្ពុជា តាមការភ្នាល់ជាមួយសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨។ ក្នុងការភ្នាល់នេះ លោក សម រង្ស៉ី បានកំណត់ថា ក្រោមសម្ពាធអន្តរជាតិ សម្តេច ហ៊ុន សែន នឹងត្រូវបង្ខំចិត្តដោះលែងលោក កឹម សុខា អាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨នេះ ឬ ក៏យ៉ាងយូរបំផុតថ្ងៃ០៣ មីនា ២០១៩» ហើយថា បើលោកចាញ់ លោកនឹងវិលចូលប្រទេសដើរចូលពន្ធនាគារ តែបើលោកឈ្នះ គឺសម្តេចតេជោ ត្រូវចុះចេញពីតំណែង។

នៅសល់តែជាង១០ថ្ងៃទៀតប៉ុណ្ណោះ ឱសានវាទនឹងឈានមកដល់, លោក សម រង្ស៉ី កាលពីយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ បានប្រកាសតាមរយៈវិទ្យុអាស៊ីសេរី (RFA) វិញថា លោកនឹងមិនវិលត្រឡប់មកកម្ពុជា ទៅតាមការភ្នាល់ជាមួយសម្តេចតេជោ ហ៊ុន សែន នោះឡើយ ប៉ុន្តែនឹងត្រឡប់ចូលក្នុងប្រទេសកម្ពុជាវិញ នៅពេលដែលមាន​ទណ្ឌកម្មពីអន្តរជាតិធ្ងន់ធ្ងរ ដែលមិនអាចចូលនៅពេលនេះទេ។

លោក គង់ គាំ ប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ និងជាអតីតប្រធានគណបក្សសមរង្ស៉ី ដែលជាមនុស្សជំនិតរបស់ លោក សម រង្ស៉ី បានចំអកជាថ្មីដល់ ទណ្ឌិត សម រង្ស៉ី ដែលមិនហ៊ានវិលត្រឡប់មកកាន់ប្រទេសកម្ពុជា ដូចអ្វីដែលលោកបានប្រកាស។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រធានស្តីទី (រស់តែពាក្យ ត្រគាកងាប់ស្តូក) មួយម៉ាត់ (មុន) គាត់ថា សុខចិត្តបូជាជីវិត មួយម៉ាត់ (ក្រោយ) គាត់ថាមេដឹកនាំដែល "បូជាជីវិត" ឬ "សុខចិត្តជាប់គុក" គឺឥតប្រយោជន៍។ សម រង្ស៉ី ខ្ញុំគឺ (ក្របីស៊ីស្រូវបងមិនសូវហ៊ានដេញ ក្របីដើរចេញបងដេញអោយស្រីមើល ក្រពើនៅរស់បងមិនសូវហ៊ានចាប់ ក្រពើងាប់ស្រាប់បងចាប់អោយស្រីមើល)»

ចំណែកលោកស្រី ម៉េង សុភារី មេធាវីម្នាក់របស់ លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ បានសម្តែងការខឹងសម្បារ ហើយចេញមុខវាយប្រហារលោក សម រង្ស៉ី ចំពោះការក្រឡាស់សម្តី មិនត្រឡប់មកប្រទេសកម្ពុជា។

លោកស្រី ម៉េង សុភារី បានអះអាងនៅលើបណ្តាញសង្គម Facebook របស់លោកស្រី នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ដូច្នេះថា៖ «ដល់វេលាត្រូវអនុវត្តសន្យាមិនហ៊ានមក បែរជានិយាយបណ្តុះបង្អាប់ការលះបង់របស់អ្នកដទៃ ដើម្បីលើកតម្លៃខ្លួនឱ្យខ្ពស់ និងដើម្បីឱ្យពលរដ្ឋភ្លេចសន្យារបស់លោក។ ចង់ខ្ពស់ក៏ខ្ពស់ចុះ ខ្ញុំអបអរសាទរតែរហូតមកទេ ប៉ុន្តែកុំជាន់គេដើម្បីឡើងខ្ពស់ខ្លួនឯង អាណិតអ្នកស្លូតត្រង់ផង»

នេះមិនមែនជាលើកទី១ទេ ដែលលោកសម រង្ស៉ី បោកប្រាស់អ្នកគាំទ្រ ដើម្បីរៃអង្គាសថវិកា ឱ្យលោកចូលមកកាន់ប្រទេសកម្ពុជា។ លោកបានប្រើល្បិចនេះរៀងរាល់ឆ្នាំ ចាប់តាំងពីលោកនីរទេសខ្លួនឯងទៅក្រៅប្រទេស មិនហ៊ានជាប់ពន្ធនាគារ តាំងពីចុងឆ្នាំ២០១៥មកម្ល៉េះ៕