(ស្វាយរៀង)៖ លោក អ៊ូ សុភក្តី អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានជំរុញដល់​ប្រជាពលរដ្ឋ​ណា​មាន​ដី ​ត្រូវ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ឲ្យ​បាន​ស្រប​នឹង​ច្បាប់​ ទើប​ពុំ​មានរឿង​ និង​អាច​លក់បញ្ចាំ​បាន​ទៀតផង។

ការថ្លែងបែបនេះ នៅក្នុង​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​សេចក្តីប្រកាស​កំណត់​តំបន់​ធ្វើកា​រ​វិនិច្ឆ័យ ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ជូន​ប្រជាពលរដ្ឋ នៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀងនាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលមានការចូលរួមពីលោក ស៊ិន គឹមសាន្ត និងអស់លោក លោកស្រីជាចៅសង្កាត់ និងអ្នកដែលពាក់ពន្ធ័ជាច្រើនរូបទៀតផងដែរ។

លោកបាន​ថ្លែងអំណរគុណ​ចំពោះ​ប្រជាពលរដ្ឋ ​ដែល​បាន​ចូលរួម​ស្វែងយល់​អំពី ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅក្នុង​ភូមិ​មេភ្លើង សង្កាត់ស្វាយរៀង ដើម្បី​ពិនិត្យ​ថា​ តើ​ការ​ចុះបញ្ជី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ មាន​ភាព​សុក្រឹត​ទាំង​ការងារ​បច្ចេកទេស និង​ផ្លូវច្បាប់​ត្រឹមត្រូវ​ហើយ​ឬ​នូវ ក៏ដូចជា ​ការរួមចំណែកនូវ​សុវត្ថិភាព នៃ​ការកាន់កាប់​ដីធ្លីកាត់បន្ថយ​ទំនាស់ ​និង​ជំរុញ​ឲ្យ​មាន​ទីផ្សារ​ដីធ្លី​ប្រកបដោយប្រសិទ្ធភាព​ខ្ពស់​ កាត់បន្ថយ​ភាពក្រីក្រ ស្ថិរភាព​សង្គម និងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ស្របតាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ​ដែលមានសម្ដេច​​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​ នៃកម្ពុជា អាណត្តិ​ទ​៦​នេះ​ផងដែរ​។​

លោកអនុប្រធានបាន​ថ្លែងទៀតថា​ ការប្រកាស​កំណត់​តំបន់​វិនិច្ឆ័យ​លើ​ការចុះបញ្ជី​ដីធ្លី ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នេះហើយ​មាន​៥ ​ដំណាក់កាលដោយដំណាក់កាលរួមមាន៖

*ទី១៖ ត្រៀម​រៀបចំ​ គឺជា​ការកំណត់​តំបន់​ធ្វើការ​វិនិច្ឆ័យ បង្កើត​ដោយ​គណៈកម្មការ​រដ្ឋបាល​ជូនដំណឹង ប្រជុំ​ផ្សព្វ​ផ្សាយ​ និង​ដំណើរការ​ផ្សព្វផ្សាយ​ពី​ការចុះបញ្ជី​ដី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ
*ទី​២៖ ​ប្រតិបត្តិការ​បច្ចេក​ទេស​ គឺជា​ការ​ចុះ​កំណត់​ព្រំ​វាស់វែង​ និង​វិនិច្ឆ័យ ​ដើម្បី​កសាង​ប្លង់ ​និង​បញ្ជី​ឈ្មោះ​ម្ចាស់​ដី
*ទី​៣​៖ បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​ នៃ​ការវិនិច្ឆ័យ​ប្លង់​សុរិយោដី​ និង​បញ្ជី​ឈ្មោះ​ម្ចាស់​មាន​រយៈពេល​១៥​ថ្ងៃ​ ដើម្បី​ទុក​លទ្ធភាព​ឲ្យ​ម្ចាស់​ដី​ និង​អ្នកពាក់ព័ន្ធ​ធ្វើការ​ផ្ទៀងផ្ទាត់ ឈ្មោះស្ថានភាព​គ្រួសារ និង​ក្បាល​ដី​របស់ខ្លួន ព្រមទាំង​ធ្វើការ​តវ៉ា ក្នុងករណី​មានការ​ខុសឆ្គង​បើ​ផុត​រយៈពេល​កំណត់​ នៃ​ការបិទ​ផ្សាយ​បងប្អូន​ប្រជាពលរដ្ឋ​មិនអាច​ជំទាស់​តវ៉ា​បាន​ទៀតឡើយ
*ទី​៤​៖ សម្រេច​លើ​ឯកសារ​វិនិច្ឆ័យ របាយការណ៍​ពី​លទ្ធផល​ នៃ​ការបិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​ នៃ​ការវិនិច្ឆ័យ​របស់​គណៈ​កម្មការ​រដ្ឋបាល​ជូន​អភិបាលខេត្ត​ ដើម្បី​ពិនិត្យ ​និងសម្រេច​លើ​ការផ្តល់​សិទ្ធ​ចំពោះ​ក្បាលដី​ណា​ដែល​មិនមាន​ទំនាស់
*ទី​៥​៖ ចុះបញ្ជី​ចេញ​ប័ណ្ណ​ជូន​ម្ចាស់​ដី​។

លោក​បាន​បន្តថា​ យោងតាម​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បានកំណត់​ជាមួយ​ក្រសួង​រៀបចំ​ដែនដី ​នគររូបនីយកម្ម ​និង​សំណង់ តម្រូវ​ឲ្យ​ម្ចាស់​ក្បាលដី​អ្នកកាន់កាប់​ដី​បង់​សេវា ​នៃ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​តែមួយគត់ ​ពេល​មក​ទទួល​ប័ណ្ណ ត្រូវ​បង់​ក្នុង​តម្លៃ ដី​កសិកម្ម​ជនបទ ស្មើ​១​រៀល ​ក្នុង​១​ម៉ែត្រការ៉េ ដី​លំនៅឋាន​ជនបទ​គឺ​១​ម៉ែត្រការ៉េ ស្មើ​១០​រៀល ដី​ទីប្រជុំជន​ស្រុក​គឺ​១​ម៉ែត្រ​ការ៉េ ស្មើ​២០​រៀល ដី​ទីប្រជុំជន​ខេត្ត​ ឬដី​ជាទី​ប្រជុំជន​រាជធានី​ភ្នំពេញ​ គឺ​១​ម៉ែត្រការ៉េ​ ស្មើ​២៥០​រៀល ដី​ទីប្រជុំជន​រាជធានី​ភ្នំពេញ​ គឺ​១​ម៉ែត្រការ៉េ​ស្មើ​៥០០​រៀល​៕​