(កណ្តាល)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបង្ហាញនូវក្តីពេញចិត្តចំពោះស្ថិរភាពតម្លៃប្រាក់រៀលនៅកម្ពុជា និងបានណែនាំបន្ថែមទៀតដល់ធនាគារជាតិនៃកម្ពុជា បន្តខិតខំយកចិត្តទុកដាក់លើបម្រែបម្រួលនៃអត្រាប្តូរប្រាក់។

ការថ្លែងយ៉ាងដូច្នេះក្នុងឱកាសសម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ១១,២២៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន៣៤ នៅក្នុងខេត្តកណ្តាល។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់អត្រាប្តូរប្រាក់គោល គឺ១ដុល្លារ ស្មើ៤០៥០រៀល។ ប៉ុន្តែតម្លៃប្រាក់រៀលរបស់កម្ពុជា មានស្ថិរភាពល្អ គឺតម្លៃក្រោម៤០៥០រៀលក្នុង១ដុល្លារ មានតែខែសីហារ ឬកញ្ញាប៉ុណ្ណោះ ដែលប្រាក់រៀលចុះថ្លៃ ដោយ១ដុល្លារ ដូរបានរហូតដល់៤០៥០រៀល ឬលើសដល់៤០៩០រៀល។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការថែរក្សាបាននូវស្ថិរភាពនៃអត្រាប្តូរប្រាក់រៀលយ៉ាងដូច្នេះ បានផ្តល់ផលចំណេញដល់កម្មករកម្មការិនីជាង១លាននាក់ ដែលបើកប្រាក់បៀវត្សរ៍ជាប្រាក់ដុល្លារ។

សម្តេចបន្តថា ធនាគារជាតិនៃកម្ពុជា មានភារកិច្ចក្នុងការចូលអន្តរាគមន៍រក្សាលំនឹងរបស់អត្រាប្តូរប្រាក់ កុំឲ្យធ្លាក់ចុះពេក និងកើនថ្លៃពេក។ នៅពេលប្រាក់រៀលឡើងថ្លៃ ត្រូវបញ្ចេញប្រាក់រៀលទិញយកប្រាក់ដុល្លារ និងនៅពេលប្រាក់រៀលចុះថោក ត្រូវបញ្ចេញប្រាក់ដុល្លារ ដើម្បីទិញយកប្រាក់រៀលមកវិញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «តម្លៃប្រាក់រៀលរបស់យើងច្រើនតែនៅក្រោម៤០៥០រៀលក្នុង១ដុល្លារ ដែលជាតម្លៃដ៏ល្អ។ ...ធនាគារជាតិមានភារកិច្ច ដើម្បីអន្តរាគមន៍ចូលទីផ្សារដើម្បីរក្សាលំនឹងកុំឲ្យធ្លាក់ពេក [អត្រាប្តូរប្រាក់] និងកុំឲ្យឡើងថ្លៃជ្រុលពេក ដែលប្រាក់រៀលក្នុងប្រទេសរបស់យើងគឺមានតម្លៃ»

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា រាជរដ្ឋាភិបាលមិនត្រឹមតែគិតគូរ ពីការដំឡើងប្រាក់ឈ្នួលជូនកម្មករ កម្មការិនី និងដំឡើងប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនោះទេ រាជរដ្ឋាភិបាលក៏គិតគូរពីម៉ាក្រូសេដ្ឋកិច្ច ជាពិសេសទប់ស្កាត់ការឡើងថ្លៃទំនិញផងដែរ ដើម្បីរក្សាកម្លាំងទិញនៃប្រាក់បៀវត្សរ៍ដែលបានដំឡើងសម្រាប់កម្មករ កម្មការិនី និងមន្ត្រីរាជការកម្លាំងប្រដាប់អាវុធ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រាជរដ្ឋាភិបាលបានខិតខំរក្សាតម្លៃទំនិញលើទីផ្សារឡើងថ្លៃមិនឲ្យកើតឡើង ស្របពេលដែលដែលប្រាក់បៀវត្សរ៍ត្រូវបានដំឡើង។ បើសិនបើដំឡើងប្រាក់ឈ្នួលប្រាក់បៀវត្សរ៍ តែតម្លៃទំនិញឡើងថ្លៃដែរនោះ ការដំឡើងប្រាក់ឈ្នួល និងប្រាក់បៀវត្សរ៍ នឹងមិនមានន័យនោះឡើយ។

ជាមួយគ្នានេះ​ សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា ដើម្បីជួយទប់ស្កាត់នូវការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ រាជដ្ឋាភិបាលកម្ពុជាបានជួយចេញថ្លៃ២សេនក្នុងមួយលីត្រ និងក្រុមហ៊ុនប្រេងឥន្ធនៈជួយចេញ២សេន។ ក្នុងពេលបច្ចុប្បន្ននេះ តម្លៃសាំងធម្មតា ៣៤០០រៀលក្នុង១លីត្រ និងម៉ាស៊ូត ៣៤៥០រៀលក្នុង១លីត្រ៕