(ភ្នំពេញ)៖ រថយន្តក្រឡុកស៊ីម៉ង់ត៍របស់ក្រុមហ៊ុន CPAC ពណ៌ស ពាក់ស្លាកលេខក្រុងព្រះសីហនុ 5A-0143 បានដាច់ហ្វ្រាំងបុកម៉ូតូរះម៉ូតូចំនួន៤គ្រឿង និងម៉ូតូកង់បីឥណ្ឌាមួយគ្រឿង បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសសរុប៤នាក់ (ស្រី២នាក់) នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចស្តុបមុខវិទ្យាល័យបឹងត្របែក តាមផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ម៉ូតូរងគ្រោះរួមមាន៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1C-0959, ម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HI-2991, ម៉ូតូ MSX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FI-7127 និងម៉ូតូម៉ាកហុងដាកុបជ្រុង សេ៧០ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ 1AS-3072។

ជនរងគ្រោះមានឈ្មោះ សុខ សែល អាយុ៤៩ឆ្នាំ មុខរបរគ្រូបង្រៀនស្នាក់នៅសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ និងមានស្រុកកំណើត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ជាអ្នកបើកម៉ូតូម៉ាក MSX បានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យបានពាក់កណ្ដាលផ្លូវ ហើយក៏ដឹកសពយកមកស្រុកកំណើតវិញ។

លោក យិន សាន អធិការនគរបាលខណ្ឌចំការមន បានបញ្ជាកម្លាំងអន្តរាគមន៍ និងផ្នែកសណ្ដាប់ខណ្ឌ រួមនិងនគរបាលរដ្ឋបាល២ប៉ុស្តិ៍ សហការចុះមកសម្រួលចរាចរណ៍៕