(ភ្នំពេញ)៖ សាកលវិទ្យាល័យការពារជាតិ បានខិតខំប្រឹងប្រែងបណ្តុះបណ្តាល ឲ្យនិស្សិតនិងសិក្ខាកាម​ ក្លាយជាកងទ័ពដែលមានសមត្ថភាពពិតប្រាកដ ដោយស្មោះត្រង់នឹងជាតិមាតុភូមិ និងរាជរដ្ឋាភិបាលស្របច្បាប់។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សាកលវិទ្យាល័យនេះ បានប្រកាសឲ្យអនុវត្តន៍សេចក្តីសម្រេចស្តីពី បទបញ្ជាផ្ទៃក្នុង និងក្រមសីលធម៌វិជ្ជាជីវៈ សាស្ត្រាចារ្យ យោធាចារ្យ បុគ្គលិកសិក្សា និស្សិត និងសិក្ខាកាម ២០១៩-២០០២០ ដែលចែកចេញជា៤ជំពូក និង៥៩ប្រការ មាន២០ទំព័រ។

នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ទទួលបន្ទុកជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យការពារជាតិ បានថ្លែងថា សម្រាប់ពីបទបញ្ជាផ្ទៃក្នុង និងក្រមសីលធម៌វិជ្ជាជីវៈ បង្កើតឡើងក្នុងគោលដៅ២គឺ៖

*ទី១៖ បង្កើនប្រសិទ្ធិភាព និងសក្តិសិទ្ធិភាពការងារ បណ្តុះបណ្តាលនិងហ្វឹកហ្វឺន សំដៅឲ្យនិស្សិត និងសិក្ខាកាម ក្លាយជាកងទ័ពម្នាក់ មានសមត្ថភាពដឹកនាំបំពេញភារកិច្ច ការពារជាតិមាតុភូមិ ប្រឆាំងដាច់ខាតចលនាឧទ្ទាម ចលនាបដិវត្តន៍ពណ៌ ដែលមានចរិកប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ព្រមទាំងឱ្យក្លាយជាកម្លាំងពិតមួយដែលស្មោះត្រង់ដាច់ខាត ចំពោះជាតិមាតុភូមិ ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

*ទី២៖ ចូលរួមអនុវត្តឲ្យបានជោគជ័យ ទៅតាមផែនការកំណែទម្រង់កងយោធពលខេមរភូមិន្ទ កម្មវិធីនយោបាយ និងផែនការយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ជាពិសេស បាវចនា២៖ គឺកែទម្រង់ខាងក្នុង បង្កើនកិច្ចខាងក្រៅក្នុងស្មារតីឯករាជ្យ និងអភិក្រមទាំង៥៖ ឆ្លុះកញ្ចក់ ឬថទឹក ដុសក្អែល ព្យាបាល និងវះកាត់។

នាយឧត្តមសេនីយ៍ ជា តារា បន្តថា សាកលវិទ្យាល័យក៏បានឯកភាព ដាក់បញ្ចូលក្នុងផែនការយុទ្ធសាស្រ្តកសាង និងពង្រឹងសាកលវិទ្យាល័យការពារជាតិ នូវគោលបំណងសំខាន់២គឺ៖

១៖ សាកលវិទ្យាល័យការពារជាតិ ជាថ្នាលបណ្តុះបណ្តាល ធនធានមនុស្សក្នុងវិស័យការពារជាតិ និងទី២៖ ជាមជ្ឈមណ្ឌលតម្រង់ទិស អំពីគោលជំហរទស្សនៈនយោបាយការពារជាតិ ចំទិសស្របតាមប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី «កងទ័ពជាខឿនការពារជាតិរបស់ប្រជាជន»

នាយឧត្តមសេនីយ៍សាកលវិទ្យាធិការ បានឲ្យដឹងទៀតថា សេចក្តីសម្រេចនេះ មានសារៈសំខាន់បំផុតក្នុងការអំពីបទបញ្ជាផ្ទៃក្នុង ក្រមសីលធម៌ វិជ្ជាជីវៈ ការដឹកនាំគ្រប់គ្រងដឹកនាំ បញ្ញាសាស្ត្រាចារ្យ យោធាចារ្យ បុគ្គលិកសិក្សា និស្សិតនិងសិក្ខាកាម សំដៅលើកកម្ពស់គុណភាពនិងប្រសិទ្ធិភាពការងារជំនាញ និងការសិក្សាស្រាវជ្រាវ របស់និស្សិតនិងសិក្ខាកាម នៅសាកលវិទ្យាល័យការពារជាតិ។

លោកបានផ្តាំ ឲ្យនិស្សិតនិងសិក្ខាកាម ត្រូវចងចាំចំណុចពិសេសមួយចំនួន ដែលជាកាតព្វកិច្ច និងករណីយកិច្ចរបស់ខ្លួនជារួម នៅក្នុងសាកលវិទ្យាល័យការពារជាតិ ដោយត្រូវស្មោះត្រង់ដាច់ខាត ចំពោះជាតិមាតុភូមិ ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រឆាំងដាច់ខាតចលនាឧទ្ទាម ចលនាបដិវត្តន៍ពណ៌ ដែលមានចរិកប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល៕