(កណ្ដាល)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានប្រកាសឲ្យប្រជាពលរដ្ឋកត់ចំណាំថា សម្ដេចគ្មានផ្ទះនៅបរទេស ហើយក៏គ្មានសញ្ជាតិបរទេសដែរ ដូច្នេះហើយទោះមានរឿងអ្វីក៏ដោយ ជម្រើសរបស់សម្ដេច គឺនៅរួមរស់ជាមួយប្រជាពលរដ្ឋកម្ពុជា គ្រប់កាលៈទេសៈ។

ពីលើវេទិកា​ ក្នុងឱកាស​បន្ត​ជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុបប្រមាណ១១,២២៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន៣៤ នៅក្នុងខេត្ដកណ្ដាល សម្ដេចតេជោ ហ៊ុន សែន ក្រៅពីប្រកាសមិនរត់ចោលប្រជាជាតិកម្ពុជាហើយនោះ សម្ដេចក៏បានអះអាងថា សម្ដេចសុខចិត្តនៅខាំស្មៅរួមរស់ជាមួយប្រជាពលរដ្ឋ។

ក្នុងពិធីនៅព្រឹកមិញនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំអត់មានសញ្ជាតិបរទេស អត់មានផ្ទះនៅបរទេសទេ ជម្រើសរបស់ខ្ញុំតែមួយគត់ គឺជម្រើសខាំស្មៅនៅជាមួយប្រជាពលរដ្ឋកម្ពុជា ដូច្នេះគ្រប់យ៉ាងដោះស្រាយដើម្បីរីកលូតលាស់នៃប្រទេស និងប្រជាជនកម្ពុជាតែប៉ុណ្ណោះ»

នាយករដ្ឋមន្ដ្រីដែលហ៊ានយកជីវិតធ្វើដើមទុនរំដោះប្រទេសចេញពីភ្លើងសង្គ្រាម រហូតមានសន្ដិភាព និងការអភិវឌ្ឍដូចពេលបច្ចុប្បន្ននេះ ក៏បានគូសរំលេចថា គណបក្សប្រជាជនកម្ពុជា មានការចូលរួមយ៉ាងកុះកររបស់ប្រជាជន ការគាំទ្ររបស់ប្រជាជន ហើយជាគណបក្សរបស់ប្រជាជនបម្រើប្រជាជន នៅរួមរស់រួមសុខរួមទុក្ខ ជាមួយនឹងប្រជាជន​មិនដែលរត់ចោលប្រជាជន​ម្ដងណាឡើយ។

សម្ដេចប្រមុខរដ្ឋាភិបាល បានផ្ដាំផ្ញើដល់កម្មករ កម្មការិនីនិយាយដោយឡែក និងនិយាយជារួមប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវចាំឲ្យច្បាស់ និងស្គាល់ឲ្យច្បាស់មុខរបស់សម្ដេច និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ព្រោះថាទាំងសម្ដេច និងថ្នាក់ដឹកនាំផ្សេងទៀត មិនទៅណាចោលប្រជាជនកម្ពុជាមួយជំហ៊ាននោះទេ។

ជាមួយគ្នានេះ ​សម្ដេចតេជោ ហ៊ុន សែន ក៏បានរំលឹកផងដែរថា ពិតណាស់សម្តេចធ្លាប់បានរត់ចោលស្រុកកាលពីឆ្នាំ១៩៧៧ តែការរត់ពេលនោះ គឺដើម្បីកសាងកម្លាំងរំដោះប្រទេសជាតិ មិនមែនរត់ទៅសម្ងំសុខម្នាក់ឯងនោះឡើយ៕​