(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានការគាំទ្រច្រើនពីអតិថិជនកម្ពុជា ថៃគ្រោងនឹងបន្ដផ្សព្វផ្សាយផលិតផលរបស់ខ្លួនបន្ថែមទៀត តាមរយៈការតាំងពិព័រណ៍ «Best Buy 2019» រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ។

ពិព័រណ៍ «Best Buy 2019» ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន Victory Provider មកពីប្រទេសថៃ ដោយក្នុងនោះនឹងមានផលិតផលជាច្រើនមកតាំងបង្ហាញដូចជា៖ ស្បែកជើង, សម្លៀកបំពាក់, គ្រឿងអលង្ការ, អាហារ, សំភារៈតុបតែងផ្ទះ, គ្រឿងទេស និងផលិតផលជាច្រើនទៀត។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «ការតាំងពិព័រណ៍ផលិតផលបញ្ចុះតម្លៃធំបំផុតប្រចាំឆ្នាំ» លោក Sutas Thanasiripreeda អ្នករៀបចំការតាំងពិព័រណ៍នេះឲ្យដឹងថា ពិព័រណ៍នេះនឹងមានផលិតផលផ្សេងៗ ដែលក្នុងនោះ៨០ភាគរយ ផលិតផលមកពីប្រទេសថៃ និងប្រមាណ២០ភាគរយទៀត ជាផលិតផលមកពីប្រទេសជប៉ុន, កូរ៉េ និងប្រទេសចិនជាដើម។

លោកបន្ដថា ក្នុងនោះមានទំនិញប្រមាណជាង២០០មុខ ដែលនឹងត្រូវតាំងបង្ហាញ ហើយក្នុងនោះក៏មានការបញ្ចុះតម្លៃពី១០-២០ភាគរយផងដែរ។ លោកថា ក្នុងពិព័រណ៍នេះផងដែររំពឹងថា នឹងមានអ្នកចូលរួមប្រមាណ២ម៉ឺនក្នុងរយៈពេល៤ថ្ងៃ។

លោក Thanwat Maneekornjongsiri មកពីក្រុមហ៊ុន Victory Provider ឲ្យដឹងថា នេះជាលើកទី៤ ដែលក្រុមហ៊ុនបានរៀបចំពិព័រណ៍នេះនៅកម្ពុជា ហើយកាលពីពិព័រណ៍ឆ្នាំទៅ ក្រុមហ៊ុនទទួលបានថវិកាប្រមាណ១លានដុល្លារ ហើយឆ្នាំនេះក៏រំពឹងថា នឹងទទួលបានទឹកប្រាក់ប្រហាក់ប្រហែលនឹងឆ្នាំមុនដែរ។

លោកបន្ដថា ពិព័រណ៍នេះពិតជាពិសេសសម្រាប់អ្នករកស៊ីនៅកម្ពុជា-ថៃ ក្នុងការសហការគ្នាជាដៃគូរពាណិជ្ជកម្ម ហើយក៏ល្អសម្រាប់ប្រជាពលរដ្ឋក្នុងការទិញ ផលិតផលថៃសុទ្ធផងដែរ៕