(ភ្នំពេញ)៖ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានរៀបចំពិធីប្រគល់សញ្ញាបត្របណ្ឌិតកិតិ្តយស ជូនលោកបណ្ឌិត Suh Gab-Won សាកលវិទ្យាធិការ សាកលវិទ្យាល័យ ស៊ីនហាន នៃប្រទេសកូរ៉េខាងត្បូង ក្រោមអធិបតីភាពលោកបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការ តំណាងលោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកបណ្ឌិត លី ឆេង អគ្គនាយកប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ព្រមទាំងលោកបណ្ឌិត Suh Gab-Won សាកលវិទ្យាធិការ សាកលវិទ្យាល័យ ស៊ីនហាន។

លោកបណ្ឌិត Suh Gab-Won បានលើកឡើងថា លោកពិតជាមានក្តីរំភើបសប្បាយរីករាយណាស់ ដែលបានទទួលសញ្ញាបត្របណ្ឌិតកិតិ្តយសពីសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នាពេលនេះ។ ពិសេសជាងនេះទៅទៀត សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលជាសាកលវិទ្យាល័យមួយ ដែលមានកម្មវិធីសិក្សាជាលក្ខណៈអន្តរជាតិ និងជាគ្រឹះស្ថានអប់រំ ឯកជនមួយដែលមានកេរិ៍តឈ្មោះល្អ និងឈានមុខគេនៅកម្ពុជា។

ជាមួយគ្នានោះ លោកបណ្ឌិត លី ឆេង បានថ្លែងថា ដោយមើលឃើញពីស្នាដៃ និងការលះបង់យ៉ាងធំធេងរបស់លោកបណ្ឌិត Suh Gab-Won សាកលវិទ្យាធិការសាកលវិទ្យាល័យ ស៊ីនហាន ជាពិសេសលើវិស័យអប់រំ និងការអភិវឌ្ឍសម្រាប់ប្រជាជនកូរ៉េខាងត្បូង សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានសម្រេចប្រគល់សញ្ញាបត្របណ្ឌិតកិតិ្តយសជូនលោកបណ្ឌិត Suh Gab-Won នាថ្ងៃនេះ។

ក្នុងឱកាសនោះដែរ លោកបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការតំណាងលោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន បានបន្តថា «សាកលវិទ្យាល័យដែលល្បីហើយ និងល្អដែលគេព្រមទទួលសញ្ញាបត្រ បើយើងមិនស្ថាប័នល្បី មិនល្អក៏គេមិនទទួលពីរយើងដែរ»

លោកបន្ដថា គុណភាពអប់រំស្រុកខ្មែរវិញ គឺបណ្ដាប្រទេសធំ និងពិភពលោកគឺទទួលស្គាល់ថា វិស័យអប់រំនៅកម្ពុជាគឺល្អ ជាពិសេសនោះ សិស្សនុសិស្សានៅកម្ពុជា ពេលរៀនចប់នៅស្រុកខ្មែរភ្លាមៗ គឺអាចបន្ដសិក្សានៅក្រៅប្រទេស នឹងបានចូលរៀនឆ្នាំទី១ភ្លាមៗបានផងដែរ។

ឆ្លៀតឱកាសនោះដែរ រដ្ឋលេខាធិការ ក្រសួងអប់រំ ក៏បានលើកឡើងថា អាទិភាពទាំង៤របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន អាណត្តិទី៦នេះ រួមមាន ៖ ទឹក,ផ្លូវ,ភ្លើង,មនុស្ស ។ លោកថា បញ្ហាទាំងនេះហើយបានធ្វើប្រទេសកម្ពុជា មានសុខសន្ដិភាព និងស្ថេរភាពយោបាយ បានធ្វើឲ្យប្រទេសជាតិ មានការរីកចម្រើនដូចសព្វថ្ងៃនេះ ហើយបានឲ្យកូនខ្មែរ មានឱកាសសិក្សារៀនសូត្របានច្រើន ជាពិសេសនោះ មានឱកាសបន្ដសិក្សា នៅក្រៅប្រទេសផងដែរ៕