(ភ្នំពេញ)៖ បើគិតចាប់តាំងពីមានវត្តមានរបស់ក្រុមហ៊ុន មិត្តហ្វូន (Metfone) ដែលបានបង្កើតតាំងពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០០៩ រហូតដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ មិត្តហ្វូន បានធ្វើដំណើរជាមួយការចងចាំ និងការខិតខំប្រឹងប្រែង ហើយគិតតាំងពីការចាប់ផ្តើមប្រតិបត្តិការនៅក្នុងឆ្នាំ២០១៩ មិត្តហ្វូនបានក្លាយជាក្រុមហ៊ុនទូរគមនាគមន៍លេខ១ និងជាក្រុមហ៊ុន ICT ដ៏ឆ្នើមនៅកម្ពុជា ដោយទទួលបានសមិទ្ធផលជាច្រើនក្នុងរយៈពេលជាង១០ឆ្នាំមកនេះ។

ចំពោះប្រតិបត្តិការ និងសមិទ្ធផលជាច្រើននាពេលកន្លងមក ក្រុមហ៊ុន មិត្តហ្វូន (Metfone) ក៏បានប្រារព្វពិធីអបអរគំរប់ខួប១០ឆ្នាំ ដែលមានឈ្មោះថា «Metfone Intelligent City» នៅសណ្ឋាគារ Sofitel Phnom Penh Phokeethra ដោយមានពិធីតាំងពិព័រណ៌ដាក់តាំងបង្ហាញពីបច្ចេកវិទ្យា និងគំនិតឆ្នៃប្រឌិតចុងក្រោយរបស់ខ្លួន ដើម្បីចែកជួនដល់អតិថិជនបានស្វែងយល់ឲ្យកាន់តែច្បាស់ ពីបច្ចេកវិជ្ជានាពេលបច្ចុប្បន្ននេះ។

ចំពោះការតាំងពិព័រណ៌ ក៏មានការបង្ហាញពីបច្ចេកវិទ្យា គំនិតឆ្នៃប្រឌិតចុងក្រោយ នៅក្នុងទូរស័ព្ទចល័តដោយផ្តោតជាពិសេសទៅលើ Intelligent Connectivity ដែលជាដំណោះស្រាយដ៏មានប្រយោជន៍ ពីការរួមបញ្ចូលគ្នា នៃប្រព័ន្ធទូរស័ព្ទ ជាមួយទំរង់ដ៏វៃឆ្លាត AI និងទិន្នន័យពីឧបករណ៍ IoT ជាច្រើនប្រភេទ។ ដើម្បីផ្ញើសារអំពីទីក្រុងឆ្លាត «Intelligent City» MIC 2019 នឹងយកចិត្តទុកដាក់ទៅលើបច្ចេកវិទ្យាព័ត៌មាន ដើម្បីពង្រីកនូវសក្តានុពលនៃឧបករណ៍ និងសេវាកម្មឲ្យកាន់តែប្រសើរឡើងដើម្បីបំរើនូវ សុខុមាលភាពប្រជាពលរដ្ឋ អ្នកជំនួញ និងភ្ញៀវទេសចរនៅក្នុងប្រទេសកម្ពុជា។ ការរៀបចំពិធី MIC បានទាក់ទាញអ្នកបច្ចេកវិទ្យា អ្នកជំនួញ ICT អ្នកជំនួញអន្តរជាតិ គ្រប់ស្រទាប់ និងអ្នករៀនសូត្រគ្រប់កំរិតផងដែរ។

ការប្រារព្វពិធីជាលើកដំបូង និងបង្កើតនូវទំរង់ចុងក្រោយ សម្រាប់ការផ្លាស់ប្តូរនូវបទពិសោធន៍ ជាមួយនឹងការអនុវត្តន៍ជាលក្ខណៈអន្តរជាតិដ៏ល្អបំផុត រវាងការកែប្រែកម្មវិធីទីក្រុងស្អាត យុទ្ធសាស្រ្តការអភិវឌ្ឃន៍ ហើយក៏ជាដើមគំនិតដោយមានការចូលរួម ពីសហគមន៍ស្រាវជ្រាវទូទាំងពិភពលោកផងដែរ។ កម្មវិធីនេះនឹងជួយបង្ហាញនូវទីតាំង ដែលជាប្រយោជន៍សាធារណៈ សម្រាប់ការអនុវត្តន៍ និងភាពជាដៃគូនាពេលអនាគតផងដែរ។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា «ខ្ញុំពិតជាអរគុណយ៉ាងស្មោះ ចំពោះការរួមចំណែករបស់ក្រុមហ៊ុនមិត្តហ្វូន ចំពោះប្រទេសកម្ពុជា។

មិត្តហ្វូនជាក្រុមហ៊ុនទូរសព្ទចល័តដំបូងបំផុត ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ក៏ជាគុណសម្បត្តិនៃសង្គមរបស់កម្ពុជាផងដែរ។ មិត្តហ្វូនបានជួយបង្កើតការងារ ឲ្យនិយោជិកដែលធ្វើការពេញម៉ោងច្រើនជាង ២,០០០នាក់ ហើយនិយោជិតដែលធ្វើការក្រៅម៉ោងប្រមាណ ១០,០០០នាក់ សម្រាប់ប្រជាជនកម្ពុជា»។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា មិត្តហ្វូនបានចូលរួមចំណែក នៅក្នុងការជួយសង្គម និងកម្មវិធីមនុស្សធម៌ ហើយបានបរិច្ចាកច្រើនជាង៧៧លានដុល្លារ ហើយមិត្តហ្វូនជានិច្ចកាល ជាដៃគូសហការ ជាមួយរដ្ឋាភិបាលក្នុងការបំរែបំរួល ផ្នែកចក្ខុវិស័យព័ត៌មានបច្ចេកវិទ្យានៅកម្ពុជាផងដែរ។

លោក Le Dang Dung នាយកប្រតិបត្តិក្រុមហ៊ុន Viettel Group បានបញ្ជាក់ថា លោកជឿជាក់ថានៅឆ្នាំបន្តបន្ទាប់ មិត្តហ្វូននឹងបញ្ចប់កិច្ចខំប្រឹងប្រែងរបស់ខ្លូន ចំពោះបំរែបំរួលចក្ខុវិស័យព័ត៌មានបច្ចេកវិទ្យា ដើម្បីនៅឈរជាក្រុមហ៊ុនលេខ១ ផ្នែកទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន។ បច្ចុប្បន្ន មិត្តហ្វូន បានបង្ហាញសមត្ថភាពក្នុងការផ្តត់ផ្គង់នូវ សេវា 5G, Narrowband IoT, Big Data, AI ជាដើម។

សូមបញ្ជាក់ផងដែរថា មិត្តហ្វូនបានផ្តល់សេវាកម្មចល័តជាផ្លូវការនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០០៩ ក្រោយពីបានធ្វើការផ្សាយសាកល្បងអស់រយៈពេលជិតមួយឆ្នាំកន្លះ ដែលបានបង្កើតកំណត់ត្រាមួយ ដ៏អស្ចារ្យបំផុតនៅពេលនោះ ដោយសារតែមិត្តហ្វូន ផ្តល់សេវាកម្មដែលមានល្បឿនលឿនជាងដៃគូ ប្រកួតប្រជែង១០ដងក្នុងប្រទេសកម្ពុជាផងដែរ៕