(បាត់ដំបង)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង បង្ក្រាបករណីគ្រឿងញៀនមួយសំបុក ឃាត់ខ្លួនជនសង្ស័យ៩នាក់ជាបន្ដបន្ទាប់ តាំងពីថ្ងៃទី១៨-១៩ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួល ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង​បាត់ដំបង។

របាយការណ៍អាវុធហត្ថក្រុងបាត់ដំបង បានឲ្យដឹងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា ជំហ៊ានដំបូងនៅថ្ងៃទី១៨ ខែកុម្ភៈ កម្លាំងជំនាញឃាត់ខ្លួនបានជនសង្ស័យ៧នាក់ ​ទី១៖ឈ្មោះ អន បញ្ញា ​អាយុ​២៣​ឆ្នាំ, ទី២៖ឈ្មោះ រី ស៊ីណេត ភេទស្រី អាយុ​១៩​ឆ្នាំ, ទី៣៖ឈ្មោះ ឃុន ប៊ុនរ៉ុង អាយុ​១៧​ឆ្នាំ, ទី៤៖ឈ្មោះ យ៉ែម បូធិន ​អាយុ​២០​ឆ្នាំ, ទី៥៖ឈ្មោះ ព្រំ សុផាតតាណា ​អាយុ​១៦​ឆ្នាំ, ទី៦៖ឈ្មោះ គង់ សំណាង អាយុ​១៧​ឆ្នាំ និងទី៧៖ឈ្មោះ តាក់ ចន្ថា អាយុ​១៨​ឆ្នាំ។

ក្នុងប្រតិបត្តិការនេះ កម្លាំងអាវុធហត្ថដកហូត​បាន សារធាតុញៀនប្រភេទគ្រាប់ (WY) ពណ៌ផ្កាឈូក ចំនួន​៤០​គ្រាប់, សារធាតុញៀនប្រភេទម្ស៉ៅ ក្រាមពណ៌សថ្លា (ទឹកកក) ចំនួន​០១​កញ្ចប់, កាបិតសាំម៉ូរ៉ៃ ចំនួន​០៣​ដើម, ម៉ូតូ​០២​គ្រឿង, ទូរស័ព្ទ​០៣​គ្រឿង និងសម្ភារសម្រាប់សេពគ្រឿងញៀនមួយចំនួន។

រហូតដល់វេលាម៉ោង០២៖​០០​នាទី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងជំនាញ បានចុះដល់ចំណុចក្រុមទី០៧ ភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្តេច ក្រុង​បាត់ដំបង បន្តធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ដែលជាមេក្លោងជួញដូរគ្រឿងញៀន បានចំនួន​០២​នាក់​ទៀត ទី១៖ឈ្មោះ សំ ចន្ធា ​អាយុ​២៦ឆ្នាំ និងទី២៖ឈ្មោះ និត គន្ធា ភេទស្រី អាយុ​២៤ឆ្នាំ។ វត្ថុតាងដកហូតរួមមាន សារធាតុញៀនប្រភេទម្សៅក្រាមពណ៌សថ្លា (ទឹកកក) ចំនួន​០៥​កញ្ចប់, ម៉ូតូ​០១​គ្រឿង និងទូរស័ព្ទ​០២​គ្រឿង។ ​បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅចាត់ការបន្ដតាមនីតិវិធី៕