(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ស៊ា ហួង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា មកទល់នឹងពេលនេះ មន្ទីរពេទ្យរដ្ឋមានមជ្ឈមណ្ឌលលាងឈាមចំនួន៤​ហើយ ដែលមាននៅមន្ទីរពេទ្យកាល់ម៉ែត្រ មន្ទីរពេទ្យកុសុមៈ មន្ទីរព្រះកេតុមាលា និងមន្ទីរពេទ្យមិត្ដភាពខ្មែរ -សូវៀត (ពេទ្យរុស្ស៊ី) ដែលបានបើកសម្ពោធនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ។

ជាងនេះទៅទៀត លោកសាស្ដ្រាចារ្យថ្លែងបន្ដថា «នេះជាមោទនភាពណាស់ សម្រាប់ក្រសួងសុខាភិបាល ពិសេសមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត ដែលបានស្វែងរកដៃគូសហការ រួមគ្នាបង្កើតមជ្ឈមណ្ឌលលាងឈាមមួយនេះឡើង ដែលនេះជាសេវាព្យាបាលមួយចាំបាច់បំផុត សម្រាប់ព្យាបាលប្រជាពលរដ្ឋ យើងឲ្យបានកាន់តែរហ័ស និងមានប្រសិទ្ធិភាពខ្ពស់បន្ថែមទៀត»

លោកសាស្ដាចារ្យបញ្ជាក់ថា​ «មណ្ឌលលាងឈាមនេះ គឺមានបន្ទប់ធំទូលាយ មានគ្រែចំនួន៣០ ដោយបំពាក់ដោយគ្រឿងបរិក្ខារពេទ្យទំនើប មិនចាញ់ក្រៅប្រទេសនោះទេ ពិសេសយើងមានធនធានមនុស្សស្រាប់ហើយ ដោយរាល់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងគិលានុដ្ឋាករបស់យើង សុទ្ធតែទទួលបានការបណ្ដុះបណ្ដាល និងបទពិសោធន៍ នៅក្នុងស្រុក និងពីក្រៅប្រទេស ដែលធានាថា អ្នកជំងឺនឹងទទួលបានសេវាព្យាបាលនេះយ៉ាងល្អប្រសើរ»

លោកសាស្ដ្រាចារ្យ ងី ម៉េង នាយកមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត បានថ្លែងថា ដោយមានកិច្ចសហការជាមួយក្រុមហ៊ុន Xingaoyi Medical Equipment Co.,LTD បានជួយបង្កើតមជ្ឈមណ្ឌលលាងឈាមនេះឡើង ដោយចំណាយថវិកាសរុបជាង១លានដុល្លារ ។មជ្ឈមណ្ឌលនេះ ជាតំរូវការដ៏ចំាបាច់បំផុតរបស់អ្នកជំងឺ ដែលបច្ចុប្បន្នក្នុងមួយថ្ងៃៗ មានអ្នកជំងឺជាង១,០០០នាក់ មកទទួលសេវាពិនិត្យ ព្យាបាលជំងឺ និងសម្រាកក្នុងមនី្ទរពេទ្យ។

លោកសាស្ដ្រាចារ្យ បន្ដថា «សម្រាប់ការព្យាបាល គឺចំពោះអ្នកជំងឺណាដែលត្រូវការលាងឈាម លើបញ្ហាជំងឺតម្រង់នោម ដែលមិនដំណើរការបានល្អ និងជំងឺផ្សេងៗទៀត ដែលសព្វថ្ងៃ ប្រភេទជំងឺនេះ មានការកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំឥតឈប់ឈរ។ ដូច្នេះពួកគាត់អាចមកមនី្ទរពេទ្យ ដើម្បីទទួលយកសេវាពិនិត្យ ព្យាបាលនេះបាន។ ដោយឡែកសម្រាប់ សម្ភារៈបរិក្ខារនៅក្នុងមជ្ឈមណ្ឌលនេះវិញ គឺជាសម្ភារៈបរិក្ខារទំនើប ទាន់សម័យ ដែលជាផលិតផលរបស់ប្រទេសអាឡឺម៉ង់។ ចំពោះតម្លៃសម្រាប់ប្រជាពលរដ្ឋ មកទទួលសេវាព្យាបាលជំងឺ គឺតម្លៃសមស្រប ដែលប្រជាពលរដ្ឋអាចទទួលយកបាន»

ព្រមជាមួយគ្នានេះ នាយកក្រុមហ៊ុន Xingaoyi Medical Equipment Co.,LTD លោក Gao Da Jian បានថ្លែងថា សម្ភារៈបរិក្ខារ ដែលលោកប្រគល់ជូនថ្ងៃនេះ គឺជាសម្ភារៈ បរិក្ខារដែលល្អបំផុត លោកនឹងបន្តជួយដល់មនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀតបន្ថែមទៀតនូវមនី្ទរពិសោធន៍ជំងឺមហារីក និងអេកូសាស្រ្ត ៕