ឆ្លើយតបបញ្ហាផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅវៀតណាម, ក្រសួងកសិកម្មកម្ពុជាបញ្ជាក់ថា បានដាក់ចេញវិធានការទប់ស្កាត់រួចហើយ ! (Video Inside)
21-02-2019 07:00
(ភ្នំពេញ)៖ បន្ទាប់ពីប្រទេសវៀតណាម ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅប៉ុន្មានថ្ងៃចុងក្រោយនេះរួចមកនោះ បានបង្កជាក្តីបារម្ភចំពោះការហូរចូលជ្រូកដែលមានជំងឺមកកម្ពុជា ខណៈជ្រូកដែលកាប់លក់លើទីផ្សារកម្ពុជាមួយចំនួន នាំចូលពីវៀតណាម។
ឆ្លើយតបចំពោះក្តីបារម្ភនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានអះអាងប្រាប់ណ្តាញព័ត៌មាន Fresh News ថា ក្រសួងដាក់ចេញវិធានការ ដើម្បីទប់ស្កាត់រួចរាល់ហើយ។
វិធានការទប់ស្កាត់ គឺតាមរយៈការពង្រឹងការត្រួតពិនិត្យជ្រូក ដែលនាំចូលពីប្រទេសវៀតណាម ដើម្បីធានាថាគ្មានការចម្លងជំងឺចូលកម្ពុជា។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា «វាបានផ្ទុះជម្ងឺប្រភេទនេះមែន នៅភាគខាងជើងវៀតណាម ប៉ុន្តែកន្លងទៅនេះក៏វាមានកើតឡើងនៅប្រទេសចិនផងដែរ។ យើងកំពុងចាត់វិធានការលើបញ្ហានេះហើយ»។
ប៉ុន្តែលោករដ្ឋមន្ត្រីកសិកម្ម ក៏បានបង្ហាញនូវក្តីបារម្ភផងដែរ ចំពោះការត្រួតពិនិត្យរបស់មន្ត្រីតាមព្រំដែន លើបញ្ហាជ្រូកនេះ។
យោងតាមស្ថិតិរបស់សមាគមអ្នកចិញ្ចឹមសត្វបានឲ្យដឹងថា ក្នុង១ថ្ងៃ កម្ពុជាទទួលទានសាច់ជ្រូកពី៤-៥ពាន់ក្បាល ហើយអាចនាំចូលពី១-២ពាន់ក្បាល៕
អាជ្ញាធរវៀតណាមបំផ្លាញជ្រូកដែលមានជំងឺ