(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសារលិខិតថ្លែងជូនជនរួមជាតិ ក្នុងឱកាសទិវាជាតិយល់ដឹងអំពីមីន លើកទី២០។ នេះបើតាមសារលិខិត របស់សម្ដេចតេជោ ហ៊ុន សែន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។

សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ថ្ងៃទី២៤ ខែកុម្ភៈខាងមុខនេះ ជាខួបលើកទី ២០ ទិវាជាតិយល់ដឹងអំពីមីន ដើម្បីរំលឹក ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ជាពិសេសបងប្អូនជនរួមជាតិ ដែលរស់នៅក្នុងតំបន់
រងផលប៉ះពាល់ ដោយសារមីនសំណល់ជាតិផ្ទុះពីសង្គ្រាម និងគ្រាប់បែកចង្កោម ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់ដែលបង្កឡើងដោយសារគ្រាប់ទាំងនោះ។

សម្តេចតេជោ បានបន្ថែមថា គ្រាប់មីនសំណល់ជាតិផ្ទុះពីសង្គ្រាម និងគ្រាប់បែកចង្កោម ដែលជាកេរ្តិ៍ដំណែលបន្សល់ទុកពីសង្គ្រាមឥណ្ឌូចិន និងជម្លោះផ្ទៃក្នុងកម្ពុជា អស់រយៈពេលជាងបីទសវត្សរ៍ មិនត្រឹមតែបង្កសោកនាដកម្ម ដ៏ធ្ងន់ធ្ងរ ចំពោះអាយុជីវិត សុខភាព ប្រជាពលរដ្ឋរបស់យើងប៉ុណ្ណោះទេ តែថែមទាំងជាឧបសគ្គ សម្រាប់ការស្តារ និងអភិវឌ្ឍន៍ជីវភាពគ្រួសារ និងសេដ្ឋកិច្ចជាតិទៀតផង។

ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហា រាំងស្ទះនេះ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យសកម្មភាព មីនជាគោលដៅទី១៨ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ និងបានបញ្ចូលវិស័យនេះ ជាធាតុមួយដ៏សំខាន់ ក្នុងយុទ្ធសាស្រ្តចតុកោណរបស់ខ្លួន។

ខាងក្រោមនេះ ជាសារលិខិត របស់សម្ដេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារទាំងស្រុង៖