(សៀមរាប)៖ ដើម្បីឱ្យដំណើរការអភិរក្សទួលខឿនប្រាសាទលលៃ ប្រព្រឹត្តទៅបានល្អប្រសើរ ព្រះសង្ឃដែលគង់នៅវត្តលលៃ បានព្រមព្រៀងជាមួយអាជ្ញាធរ និងមន្ត្រីសង្ឃថ្នាក់ខេត្ត ប្ដូរទីតាំងគង់នៅពីបរិវេណខាងលើមកបរិវេណខាងក្រោមវិញ ខណៈខឿនប្រាសាទដែលមានអាយុជាង១១២០ឆ្នាំមួយនេះ កំពុងទទួលបានការអភិរក្សយ៉ាងយកចិត្តទុកដាក់។

ការព្រមព្រៀងនេះត្រូវបានធ្វើឡើងនាដើមខែកុម្ភៈ ឆ្នាំ២០១៩ ដោយក្រុមប្រឹក្សាកិច្ចការវត្តអារាម ដែលមានព្រះមេគុណខេត្តជាប្រធាន និងមានការចូលរួមពីក្រុមប្រឹក្សាកិច្ចការវត្តអារាម ព្រះអនុគុណខេត្ត ព្រះសង្ឃ អាចារ្យ និងគណៈកម្មការវត្តគោលដៅទាំង៣៥វត្ត លោក ហង់ ពៅ អគ្គនាយកស្ដីទីអាជ្ញាធរជាតិអប្សរា តំណាងអាជ្ញាធរស្រុកប្រាសាទបាគង មន្រ្តីរាជការ បុគ្គលិកនៃអជ្ញាធរជាតិអប្សរា ពុទ្ធបរិស័ទ សរុបចំនួនប្រមាណ ៥០អង្គ/នាក់។

គួរជម្រាបថា ប្រាសាទលលៃ មានទីតាំងស្ថិតនៅភូមិលលៃ ឃុំប្រាសាទបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ប្រាសាទនេះមានឈ្មោះដើមថា «ឥស្វរលោក» កសាងឡើងនៅឆ្នាំ៨៩៣ ដោយព្រះបាទយសោវរ្ម័នទី១ ស្ថិតនៅកណ្តាលបារាយណ៍ «ឥន្រ្ទតាដាក»។

ព្រះវិន័យធម៌ខេត្ត ទេព ភឿន និងជាគណៈកម្មការគ្រប់គ្រងបណ្តោះអាសន្នវត្តលលៃ មានសង្ឃដីកាថា ទីតាំងវត្តលលៃបច្ចុប្បន្នមានព្រះសង្ឃ ដូនជីតាជី និងក្មេងវត្ត គង់ និងស្នាក់នៅច្រើន ដែលការណ៍នេះអាចធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព និងកិច្ចការពារអភិរក្សប្រាសាទដោយចៀសមិនខាន។ ដូច្នេះដើម្បីរកដំណោះស្រាយសមស្រប ក៏ដូចជាក្នុងបំណងដើម្បីបេតិកភណ្ឌផងនោះ គណៈកម្មការវត្តក៏សម្រេចចុះពីទួលប្រាសាទ ដើម្បីឱ្យអាជ្ញាធរជាតិអប្សរាមានលទ្ធភាពអភិរក្សទីរមណីយដ្ឋាននេះ ឱ្យស័ក្ដិសមជាសម្បត្តិបេតិកភណ្ឌ។

លោក ហង់ ពៅ បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរា បានធ្វើការងារនេះច្រើនឆ្នាំមកហើយ ដើម្បីឱ្យមានការព្រមព្រៀងមួយ រៀបចំសំណង់ព្រះវិហារចុះពីទួលប្រាសាទបុរាណ។ ជាក់ស្ដែងនៅបរិវេណទួលប្រាសាទលលៃនេះ គណៈកម្មការវត្តបានស្ម័គ្រចិត្តព្រះទ័យ ចុះមកក្រោមដោយឯកឯង ដោយគ្មានការបង្ខិតបង្ខំអ្វីឡើយ។

លោកបន្ដថា បញ្ហាដែលកំពុងកើតមាននៅប្រាសាទលលៃនេះមាន ២ចំណុច ដែលអាជ្ញាធរជាតិអប្សរាខិតខំពន្យល់ព្រះសង្ឃឱ្យយល់ពីការងារអភិរក្ស៖ ទី១. គឺកំណើនសំណង់ច្រើន ដែលវាអាចឱ្យតួប្រាសាទមានសំពាធកាន់តែខ្លាំង អាចឱ្យស្រុតប្រាសាទ និងទី២. ទាក់ទងនឹងបរិស្ថាន នៅពេលមនុស្សចូលមករស់នៅកាន់តែច្រើន នោះវានឹងបង្កជាកង្វះអនាម័យក៏កាន់តែច្រើនផងដែរ។

ទាក់ទងនឹងការសម្រេចព្រះទ័យរបស់គណៈកម្មការវត្តលលៃនេះ លោក ហង់ ពៅ បានបន្ថែមថា បានបង្ហាញពីការចូលរួមរបស់ព្រះសង្ឃក្នុងវិស័យបេតិកភណ្ឌ ក៏ដូចជាការចូលរួមលើការងារអភិរក្សសម្បត្តិបេតិកភណ្ឌរបស់ព្រះសង្ឃ។ ដើម្បីសម្រួលដល់ការផ្លាស់ចុះមកក្រោមនេះ អាជ្ញាធរជាតិអប្សរានឹងជួយសម្រួលរៀបចំកន្លែងព្រះសង្ឃគង់ ក៏ដូចជាបន្ទប់ទឹកឱ្យបានសមរម្យផងដែរ។

ព្រះមហាវិមលធម្ម ពិន សែម រាជាគណៈថ្នាក់ទោ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាព្រះចៅអធិការវត្តរាជបូណ៌ មានសង្ឃដីកាថា វត្តមានវត្តអារាមព្រះពុទ្ធសាសនានៅលើខឿនប្រាសាទ គឺមានយូរយាមកហើយ បន្ទាប់ពីសាសនាព្រាហ្មណ៍អស់ឥទ្ធិពល។

ព្រះអង្គបន្តថា ទាំងសំណង់វត្ត និងសំណង់ភូមិករដទៃទៀត ដែលសង់នៅជុំវិញប្រាសាទ សុទ្ធសឹងមិនសមរម្យ តែដោយសារសម័យកាលនោះ មិនមានអ្នកពន្យល់ពីតម្លៃបេតិកភណ្ឌ ទើបតែសម័យបារាំងប៉ុណ្ណោះ ដែលខ្មែរយល់ពីតម្លៃមួយនេះ។

លោក ហេង មណីចិន្តា ជាអ្នកសម្របសម្រួលសិក្ខាសិលានេះ បានឱ្យដឹងថា ការងារនេះជាកិច្ចការដ៏មានសារៈសំខាន់ និងជាប្រវត្តិសាស្រ្ត ដែលគណៈកម្មការសង្ឃនៃវត្តលលៃ និមន្តចុះគង់ខាងក្រោមដោយស្ម័គ្រព្រះទ័យ។

លោកបន្តថា នៅលើខឿនប្រាសាទលលៃ សំណង់ត្រឹមត្រូវស្របច្បាប់មានត្រឹមព្រះវិហារមួយប៉ុណ្ណោះ ដែលមានវ័យចំណាស់ ហើយដែលត្រូវការការអភិរក្សដូចសំណង់ប្រាសាទដែរ៕