(ព្រះវិហារ)៖ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ តំណាងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បាននាំយកថវិកា និងសម្ភារមួយចំនួនទៅចូលរួមរំលែកទុក្ខគ្រួសារសព អតីតមន្ត្រីកសិកម្មខេត្តម្នាក់ដែលទទួលមរណៈភាពដោយរោគាពាធ។

នៅក្នុងឱកាសនោះលោក ពឹង ទ្រីដា ក៏បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ និងការចូលរួមរំលែកទុក្ខដោយក្តីក្រៀមក្រំ ពីសំណាក់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំពោះគ្រួសារសពអតីតមន្ត្រីកសិកម្មខេត្តខាងលើនេះផងដែរ។

លោកក៏បានលើកឡើងថា ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃមន្ទីរកសិកម្មខេត្ត បានសំដែងនូវការចូលរួមមរណៈទុក្ខជាមួយក្រុមគ្រួសារសព និងបានឧទ្ទិសដល់ដួងវិញ្ញាណក្ខ័ន្ធសពសូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានោះប្រធានមន្ទីរកសិកម្មខេត្ត បាននាំយកនូវអំណោយមានថវិកាចំនួន៦លានរៀល និងសម្ភារមួយចំនួនទៀត ដែលជាអំណោយរបស់ សមាគមមិត្តបុគ្គលិកកសិកម្មកម្ពុជា ជូនលោកស្រី មៀច ផុន ដែលត្រូវជាភរិយាសពលោក តូច ឈិន អតីតមន្ត្រីកសិកម្មខេត្ត ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះ៕