(ភ្នំពេញ)៖ កិច្ចសហប្រតិបត្តិការរវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាជាមួយអង្គការ Save | the Children នាពេលនេះ គឺដើម្បីកែលម្អរឱ្យការរស់រាន និងសិទ្ធិរបស់កុមាររងគ្រោះ ងាយរងគ្រោះ និងក្រុមគ្រួសារនៅកម្ពុជាកាន់តែប្រសើរឡើង និងដើម្បីជាឧត្តមប្រយោជន៍សម្រាប់កុមារកម្ពុជា។ នេះបើតាមការលើកឡើងរបស់លោកស្រី ក្លូរៀ ដូញ៉ាតេ នាយកប្រចាំប្រទេសស្តីទី របស់អង្គការ Save the Children នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា រវាងក្រសួងសង្គមកិច្ច និងអង្គការ Save the Children នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ នាទីស្តីការក្រសួងសង្គមកិច្ច​។

នៅក្នុងឱកាសនោះលោក តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានស្នើឲ្យក្រុមការងារក្រសួង និងអង្គការ ដែលសហការ នាពេលនេះរួមគ្នាដើម្បីធ្វើការងារ ជួយដល់ការអប់រំ ការសិក្សា និងអភិវឌ្ឍន៍កុមារ ងាយរងគ្រោះនៅកម្ពុជាឲ្យកាន់តែមានភាពល្អប្រសើរជាងមុន។ សម្រាប់ក្រសួងសង្គមកិច្ចវិញ នៅតែស្វាគមន៍ជានិច្ច ជាមួយ ដៃគូពាក់ព័ន្ធ និងអង្គការនានា ដើម្បីជួយដល់ជនរងគ្រោះនៅកម្ពុជា ឲ្យមានជីវភាព និងជីវិតរស់នៅ ល្អប្រសើរថែមមួយកម្រិតទៀត។

ជាមួយគ្នានោះ លោកស្រី ក្លូរៀ ដូញ៉ាតេ បានសម្តែងការពេញចិត្ត ដែលបាន​សហការជាមួយក្រសួងសង្គមកិច្ច ហើយបានប្តេជ្ញាថា នឹងនៅតែបន្តសហការជាមួយក្រសួងទៀត ដើម្បីសម្រេចនូវ​គោលដៅនៃកិច្ច​សហប្រតិបត្តិការ កាន់តែស៊ីជំរៅបន្ថែមទៀត។

គួរបញ្ជាក់ថា ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា រវាងក្រសួងសង្គមកិច្ច និងអង្គការ Save the Children នាពេលនេះ គឺមាន២គម្រោង គឺទី១ ទៅលើគម្រោងដែលមានឈ្មោះថា «ថែទាំកុមារក្នុងគ្រួសារជាអាទិភាពចម្បង» និងទី២ លើគម្រោង «កិច្ចការពារកុមារ និងអភិបាលកិច្ចសិទ្ធិកុមារ»

គម្រោងដែលមានឈ្មោះថា «ថែទាំកុមារក្នុងគ្រួសារជាអាទិភាពចម្បង» អនុវត្តរយៈពេល៣ឆ្នាំ សរុប ៦.៦៨៧.៤០០ ដុល្លារអាមេរិក។ គម្រោងនេះបង្កើតឡើងបន្ទាប់ពីពិនិត្យឃើញថា នៅប្រទេសកម្ពុជាមានកុមារជាង១ម៉ឺន ៦ពាន់នាក់ កំពុងរស់នៅ​ ក្នុងមណ្ឌលថែទាំកុមារ ដោយក្នុងនោះ ប្រមាណ៨០%មានឪពុកឬម្ដាយ ឬឪពុកម្តាយទាំងពីរនៅរស់នៅឡើយ។

ចំណែកគម្រោង កិច្ចការពារកុមារ និងអភិបាលកិច្ចសិទ្ធិកុមារ (រាជធានីភ្នំពេញ ខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ ) ត្រូវបានបង្កើតឡើងបន្ទាប់ពីពិនិត្យឃើញថា កុមារមួយចំនួននៅតែរងគ្រោះ និងងាយរងគ្រោះដោយអំពើហឹង្សា និងការររំលោភបំពាននៅឡើយ ដូច្នេះ អង្គការសង្គ្រោះកុមារ (Save the Children) ចូលរួម ចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចផែនការយុទ្ធសាស្ត្រ និងសម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុង ប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងសិទ្ធិរបស់កុមាររួមមាន៖ សិទ្ធិទទួលការការពារ សិទ្ធិរស់រានមានជីវិត សិទ្ធិក្នុងការអភិវឌ្ឍ និងសិទ្ធិក្នុងការចូលរួម ជាពិសេស កុមារងាយរងគ្រោះ និងរងគ្រោះក្នុងគ្រួសារ និងសហគមន៍។ គម្រោងដែលមានឈ្មោះថា «កិច្ចការពារកុមារ និងអភិបាលកិច្ចសិទ្ធិកុមារ» អនុវត្តរយៈពេល៣ឆ្នាំ សរុប ១.៥៣៥.៨២៣ ដុល្លារអាមេរិក៕