(ភ្នំពេញ)៖ បើនិយាយអំពីទំនាក់ទំនងអន្តរជាតិគ្មានឡើយពាក្យថា មិត្តភាពពិតប្រាកដ គឺមានតែផលប្រយោជន៍រៀងៗខ្លួន។ បើយើងរំឭកពីសហរដ្ឋអាមេរិក និងវៀតណាម កាលពីប្រមាណ ៥០ឆ្នាំមុននៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ៦០ និង៧០ គឺប្រទេសទាំងពីរបានប្រើគ្រប់មធ្យោបាយ ដើម្បីសម្លាប់គ្នាទៅវិញទៅមក។

ក្រោយទទួលបានឯករាជ្យ១០ឆ្នាំ គឺឆ្នាំ១៩៥៥ វៀតណាម បានផ្ទុះសង្គ្រាមឡើងហើយបែងចែកប្រទេសជាពីរ គឺវៀតណាមខាងត្បូង និងវៀតណាមខាងជើង។ សង្គ្រាមជាតិសាសន៍មួយនេះបាន បញ្ចប់ទៅវិញនៅឆ្នាំ១៩៧៥។ របាយការណ៍របស់រដ្ឋាភិបាលវៀតណាម ផ្សព្វផ្សាយនៅឆ្នាំ១៩៩៥ បានបង្ហាញថា នៅក្នុងអំឡុងសង្គ្រាមនោះ ជនស៊ីវិល និងយោធារបស់វៀតណាមជាង ២លាននាក់បានស្លាប់។

ទន្ទឹមហេតុការណ៍ធ្វើឲ្យមនុស្សស្លាប់តាមរូបភាពផ្សេងៗដោយសាហាវព្រៃផ្សៃ ការឈឺចាប់។ តាមការស្រាវជ្រាវរបស់វិទ្យាស្ថានស្រាវជ្រាវបច្ចេកវិទ្យា និង ទូរគមនាគមន៍មានមូលដ្ឋានក្នុងទីក្រុងហាណូយ បានចុះផ្សាយនៅគេហទំព័រ The Conversation កាលពីដើមខែតុលា ឆ្នាំ២០១៧កន្លងទៅ បង្ហាញថា អាមេរិក បានទម្លាក់គ្រាប់ចំនួន ៨លានតោន និងបាញ់សារធាតុគីមីមានឈ្មោះថា ទីភ្នាក់ងារពណ៌ទឹកក្រូច (Agent Orange) ចំនួន ៧៣ពាន់លានលីត្រលើប្រទេសវៀតណាម។

ទោះបីមានស្លាកស្នាមពីអតីតកាលឈឺចាប់បំ់តយ៉ាងណាក្តី ប៉ុន្តែរដ្ឋាភិបាលអាមេរិកក្នុងពេលដឹកនាំដោយលោក បារ៉ាក់ អូបាម៉ា ទំនាក់ទំនងអាមេរិក និងវៀតណាម ចាប់ផ្តើមរីកចម្រើនទំនាក់ទំនងល្អប្រសើរឡើងវិញចាក់ទឹកមិនលិច បើទោះបីវៀតណាមជាប្រទេសកុម្មនិស្ត គ្មានលទ្ធិប្រជាធិបតេយ្យក៏ដោយ។ តាមរយៈកាយវិការទាំងនេះ​ នាំឲ្យគេវាយតម្លៃការបំភ្លេចគំនំុអតីតកាលងាកមកសាងទំនាក់ទំនងល្អជាថ្មីរវាងអាមេរិក និងវៀតណាម ក៏ដោយសារតែដើម្បីផលប្រយោជន៍រៀងៗខ្លួន។

ត្រឡប់មកនិយាយរឿងសហរដ្ឋអាមេរិកវិញ បច្ចុប្បន្នមានជាតិសាសន៍ជាច្រើនរស់នៅលើកទឹកដីមហាអំណាចពិភពលោកមួយនេះ ក្នុងនោះក៏មានជនជាតិវៀតណាមដ៏ច្រើនផងដែរ។ ប្រជាពលរដ្ឋវៀតណាមរស់នៅលើទឹកដីអាមេរិក ក៏មាននិន្នាការមិនគាំទ្ររដ្ឋាភិបាលកុម្មុយនិស្តវៀតណាមផងដែរ។ ប៉ុន្តែប្រជាជនវៀតណាមរស់នៅអាមេរិកក៏ពួកគេតែងតែគិតគូរពីប្រទេសកំណើតពួកគេជានិច្ច ចង់ឲ្យប្រទេស និងប្រជាជនពួកគេរីកចម្រើន។ ដើម្បីប្រទេស និងប្រជាជនរបស់គេបានរីកចម្រើន ជនជាតិវៀតណាមនៅអាមេរិក ឬនៅតាមបណ្តាប្រទេសនានាមិនដែលអំពាវនាវឲ្យបរទេស ឬប្រទេសទី២របស់ពួកគេដាក់គំនាប ឬទណ្ឌកម្មអ្វីលើប្រទេសរបស់ខ្លួននោះឡើយ។

ការចូលរួមពីអ្នកនៅក្រៅប្រទេស និងក្នុងប្រទេសរបស់ពលរដ្ឋវៀតណាម គឺដើម្បីផលប្រយោជន៍ជាតិរបស់គេ។ ជាក់ស្តែងយោងតាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មានវៀតណាម នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ប្រទេសវៀតណាម បានទទួលការនាំចេញផ្លែស្វាយទៅកាន់ទីផ្សារអាមេរិក ព្រមទាំងបើកជើងហោះហើរត្រង់ជាលើកដំបូងរវាងវៀតណាម និងអាមេរិចទៀតផង។

សំនួរសួរថា៖ នេះជាអ្វី? នេះជាផលប្រយោជន៍វៀតណាម? ចុះពលរដ្ឋវៀតណាមរស់នៅអាមេរិក និងរស់នៅបណ្តាប្រទេសនានា ដែលមិនពេញចិត្តការដឹកនាំរបស់មេដឹកនាំវៀតណាម ហេតុអ្វីពួកគេមិនប្រឆាំងតវ៉ា ឲ្យបរទេសដាក់គំនាបសេដ្ឋកិច្ចលើប្រទេសខ្លួន ឬអំពាវនាវឲ្យផ្តាច់ទំនាក់ទំនងជាមួយប្រទេសខ្លួន? នោះដោយសារពួកគេយល់ មានមនសិការជាតិ និងប្រជាជនគេជាធំ។

បើយើងក្រលេកមកមើលអតីតបក្សប្រឆាំងនៅកម្ពុជាដែលជ្រកកោននៅបរទេស ដែលមានទណ្ឌិត សម រង្ស៉ី ជាមេញុះញង់វិញ ហេតុអ្វីបានជាតែងតែអំពាវនាវឲ្យបរទេសដាក់គំនាបមកលើប្រជាជន និងប្រទេសជាតិកម្ពុជាទៅវិញ?

នេះដោយសារទណ្ឌិត សម រង្ស៉ី គ្មានមនសិការជាតិ និងប្រជាជនជាធំនោះទេ គិតតែចង់បានអំណាច រហូតដល់មានចេតនាបំផ្លាញខ្មែរ ដើម្បីលេបត្របាក់យកអំណាចទាំងកម្រោល។ ជាពិសេសដើម្បីឆបោកប្រជាជនខ្មែរនៅក្រៅប្រទេស ដើម្បីរ៉ៃលុយចោលហោបៅ។ ទណ្ឌិត សម រង្ស៉ី មិនដែលសប្បាយចិត្តនឹងកម្ពុជាមានសេដ្ឋកិច្ចកើនឡើង មិនដែលសរសើរពីកម្ពុជាមានផលិតផលនាំចេញ មិនដែលគាំទ្រចំពោះការស្វែងរកទីផ្សារកសិផលរបស់ប្រជាកសិករខ្មែរនាំចេញទៅទីផ្សារបរទេសនោះទេ ព្រោះកាលណាគាំទ្រចំពោះការរីកចម្រើនរបស់ជាតិ និងប្រជាជនកម្ពុជា ទណ្ឌិត សម រង្ស៉ី និងបក្សពួកគេកាន់តែអស់ប្រជាប្រិយ ហើយប្រជាជនកាន់តែគាំទ្ររាជរដ្ឋាភិបាលបច្ចុប្បន្ន។

ដូច្នេះដើម្បីសម្រេចមហិច្ឆតាពិសពុលរបស់ខ្លួនក្រុមទណ្ឌិត សម រង្ស៉ី រិះរកគ្រប់វិធីសាស្ត្រដើម្បីធ្វើឲ្យរាំងស្ទះដល់ការអភិវឌ្ឍជាតិ ដូចជាព្យាយាមឲ្យបរទេសយកពន្ធពីប្រជាជនខ្មែរ ឲ្យបរទេសផ្តាច់ទំនាក់ទំនងនឹងខ្មែរ។

បងប្អូនខ្មែរជាទីគោរពរាប់អាន ចូរបងប្អូនមើលទៅប្រទេសថៃជាឧទាហរណ៍មួយទៀត ដែលបច្ចុប្បន្នដឹកនាំដោយលោក ប្រាយុទ្ធ ចាអូចា ជានាយករដ្ឋមន្ត្រី បន្ទាប់ពីលោកស្រី យីងឡាក់។ បើទោះបីជាលោក ស្រី យីងឡាក់ បានរត់ភៀសខ្លួនទៅកាន់ប្រទេសផ្សេង ក៏លោកស្រី យីងឡាក់ មិនដែលអំពាវនាវឲ្យបរទេសដាក់គំនាប ឬទណ្ឌកម្ម ឬឲ្យបរទេសផ្តាច់ទំនាក់ទំនងជាមួយប្រទេសថៃដែរ។ ផ្ទុយទៅវិញលោកស្រី យីង ឡាក់ តែងតែអំពាវនាវឲ្យប្រជាជនថៃស្ងប់ស្ងាត់ខិតខំប្រឹងប្រែងធ្វើការងារ ខិតខំធ្វើកសិកម្ម ដើម្បីឲ្យប្រទេសបន្តរីកចម្រើន។

ព្រះអើយ! ខុសអ្វីតែអតីតបក្សប្រឆាំងនៅកម្ពុជា ដឹកនាំដោយទណ្ឌិត សម រង្ស៉ី មួយថ្ងៃៗគិតតែរកវិធីបំផ្លាញខ្មែរ ញុះញង់ ភូតកុហក បំផ្លាញជាតិសាសន៍ឯង បំផ្លាញសេចក្តីសុខប្រជាជន និងជាតិឯង? តើ សម រង្ស៉ី ជាខ្មែរទេ? ម៉េចមិនខំប្រឹងរកវិធីដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនឲ្យប្រជាជនខ្មែររស់បានសុខផង?

ទោះបីជាយ៉ាងបច្ចុប្បន្នប្រជាពលរដ្ឋខ្មែរទាំងក្នុងប្រទេស និងក្រៅប្រទេសកាន់តែយល់ដឹងអំពីតម្លៃសន្តិភាព។ ជាតិកម្ពុជាដ៏កម្សត់របស់យើងបានឆ្លងកាត់ និងឈឺចាប់ឆ្អែតឆ្អន់ហើយ ព្រោះតែសង្គ្រាមក្នុងជាតិសាសន៍ឯង ដើម្បីបម្រើបរទេស។ រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានខិតខំជម្នះរាល់ការលំបាកគ្រប់សព្វបែបយ៉ាងតាំងពីបាតដៃទទេរហូតដល់ការអភិវឌ្ឍដូចបច្ចុប្បន្ន ព្រមទាំងបានរៀបចំគោលនយោបាយអភិវឌ្ឍនានា និងបង្កើតទំនាក់ទំនងអន្តរជាតិ ស្មើមុខស្មើមាត់ជាមួយអន្តរជាតិ ដើម្បីជាតិ និងប្រជាជនកម្ពុជារីកលូតលាស់ទៅមុខទៀត សម្រាប់ផលប្រយោជន៍កូនចៅយើងជំនាន់ក្រោយ។

ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋ សង្ឃឹមថា បងប្អូនខ្មែរទាំងក្នុង និងក្រៅប្រទេសនឹងរួមគ្នាគាំទ្រជាតិ គាំទ្រគោនយោបាយរាជរដ្ឋាភិបាល គាំទ្រកិច្ចសហប្រតិបត្តិការនានារបស់ជាតិ និងបណ្តាប្រទេសលើសកលលោក គិតគូរឯករាជ្យជាតិ អធិបតេយ្យជាតិឲ្យបានរឹងមាំ ដើម្បីដំណើរការឆ្ពោះទៅមុខ៕

ដោយ៖ ជា ច័ន្ទបរិបូរណ៍ ប្រជាពលរដ្ឋខ្មែរនៅរាជធានីភ្នំពេញ