(ភ្នំពេញ)៖ មុខសញ្ញាជួញដូរថ្នាំញៀនម្នាក់ ជាជនជាតិវៀតណាម ត្រូវកម្លាំងនគរបាលខណ្ឌឬស្សីកែវ តាមបង្ក្រាបបាន​ដកហូតថ្នាំញៀនជាកញ្ចប់តូចៗ ចំនួន១៤កញ្ចប់ នៅយប់​ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅត្រង់ចំណុចក្រុមទីក្រុមទី១៤ ផ្លូវលំ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១។

តាមរបាយការណ៍របស់លោក នង សាប៊ុង នាយនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់ទួលសង្កែ១ បានបញ្ជាក់ថា​ ជនសង្ស័យឈ្មោះ ង្វៀង យ៉ាំងហៀង អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបន្ទប់ជួល ក្នុងក្រុមទី១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ទោ គល់ យី អធិការនគរបាលខណ្ឌឫស្សីកែវ បានបន្ថែមថា ជនសង្ស័យដែលសមត្ថកិច្ចតាមស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនបាន ក្នុងសកម្មភាពជួញដូរថ្នាំញៀន និងវត្ថុតាង បាននិងកំពុងស្ថិតក្រោមការឃុំខ្លួនសាកសួរបណ្ដោះអាសន្ន នៅអធិការដ្ឋានខណ្ឌ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ​ចាត់ការតាមនិតិវិធី៕