(កំពង់ចាម)៖ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម មានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលបំប៉នបច្ចេកទេស សំដៅបង្កើនប្រសិទ្ធិភាព ការរឹតបន្ដឹងច្បាប់ចរាចរណ៍ លើការបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹង និងកិច្ចជួយសង្រ្គោះជនរងគ្រោះ ដែលមានរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែកុម្ភៈ។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយអង្គការខេមសេហ្វ (CaMSafe) ក្រោមជំនួយបច្ចេកទេស និងថវិកាពីស្ថាប័ន APIWSA។ មានមន្រ្តីដឹកនាំអនុវត្ត ជានគរបាលចរាចរណ៍ មកពីគ្រប់ស្រុក និងថ្នាក់ខេត្តផ្ទាល់ សរុបចំនួន៦០រូប ដែលចូលរួមក្នុងវគ្គ។

ចូលរួមក្នុងពិធីបើកវគ្គ មានវត្តមានរបស់ឧត្ដមសេនីយត្រី សំ ហេង ស្នងការរង និងតំណាងលោកឧត្តមសេនីយ៍ទោស្នងការ លោកវរសេនីយ៍ឯក ថី វិសាល នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ អគ្គស្នងការនគរបាលជាតិ លោកកែវ ម៉ានិត តំណាងរបស់អង្គការ CaMSafe និងAPIWSA ព្រមទាំងមន្រ្តីជាច្រើនរូបទៀត។

ថ្លែងនៅក្នុងពិធីបើកវគ្គឧត្ដមសេនីយត្រីស្នងការរង បានថ្លែងអំណរគុណ ដល់កិច្ចសហការល្អរវាងដៃគូ ក្នុងការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាពិសេសអគ្គស្នងការនគរបាលជាតិ ដែលបានរៀបចំវគ្គបណ្ដុះបណ្ដាល ក្នុងពេលនេះ ស្របតាមតំរូវការជាក់ស្តែង និងចាំបាច់របស់ខេត្ត។

វគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃនេះ មានគោលបំណង៖

១​៖ បង្កើនចំណេះដឹង អំពីទិដ្ឋភាពទូទៅ នៃស្ថានភាពចរាចរណ៍ និងឥរិយាបថហនិភ័យ និងផលប៉ះពាល់ នៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។
២៖ បង្កើនចំណេះដឹង អំពីការធ្វើផែនការប្រតិបត្តិការ និងវិធានការដោះស្រាយ រាល់បញ្ហាប្រឈមលើការរឹតបន្តឹង ចំពោះការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។
៣៖ ពង្រឹងសមត្ថភាព ជំនាញដាក់គោលដៅរឹតបន្តឹង និងប្រើប្រាស់ម៉ាស៊ីនវាស់ជាតិអាល់កុល ប្រកប ដោយប្រសិទ្ធភាព គុណភាព និងសុវត្ថិភាព។
៤៖ បង្កើនសមត្ថភាពដោះស្រាយ គ្រប់គ្រង និងធានាសុវត្ថិភាពគោលដៅ រឹតបន្តឹងច្បាប់ ក៏ដូចជាការអង្កេត កត់ត្រា ប្រមូលភស្តុតាង និងធ្វើរបាយការណ៍។
៥៖ ផ្ដល់ឲ្យនគរបាលចរាចរណ៍ ទទួលបាននូវចំណេះដឹង ជំនាញ និងសម្ភារជួយសង្គ្រោះ ដល់ជនរងគ្រោះ នៅនឹងកន្លែងកើតហេតុ មុនពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។
៦៖ បំប៉នបន្ថែមអំពីលំហាត់របៀប និងកាយវិកាបញ្ជាចរាចរណ៍។

សូមបញ្ជាក់ថា អង្គការ CaMSafe ក្រោមកិច្ចគាំទ្រពីស្ថាប័ន APIWSA នឹងបន្តសហការជាមួយ អគ្គស្នងការនគរបាលជាតិ ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលដូចគ្នា នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល នៅក្នុងត្រីមាសទី១ ឆ្នាំ២០១៩នេះ។

យោងតាមរបាយការណ៍ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា នៅឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍កើតឡើង ៣,២៦៧ករណី លើ ៣,៥៣១លើក ថយចុះ ២៦៤លើក ស្មើនឹង ៧ភាគរយ បើធៀបនឹងឆ្នាំ២០១៧។ ចំណែកអ្នកស្លាប់ មានចំនួន១,៧៦១នាក់ ខណៈចំនួនអ្នករងរបួសមាន ចំនួន៤,៧៧០នាក់ ។

តាមរយៈតួលេខនេះ ជាមធ្យមក្នុង១ថ្ងៃ មនុស្សប្រហែល៥នាក់ បានស្លាប់ និង១៣នាក់ បានរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍។ មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ គឺមកពីបើកបរល្មើសល្បឿនកំណត់ ៣៧%, ការមិនគោរពសិទ្ធ១៩%, ការមិនប្រកាន់ស្តាំ១៣%, ការវ៉ាជែង១១%, ការបត់១០%, ស្រវឹង៥%, កត្តាយានយន្ត៣.៥% និងងងុយដេក២%។

លោក កែវ ម៉ានិត តំណាងរបស់អង្គការ CaMSafe ក៏បានលើកឡើងថា តាមការព្យាករណ៍ប្រសិន បើគ្មានវិធានការទប់ស្កាត់ និងយន្តការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាក់លាក់ទេនោះ ចំនួនអ្នកស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា នឹងកើនឡើង រហូតដល់៣,២០០នាក់ នៅឆ្នាំ២០២០។

កិច្ចសហការរៀបចំវគ្គ បណ្តុះបណ្តាលទាំងនេះ ក៏ដូចជាសកម្មភាពអាតិភាពនានា គឺជាការប្តេជ្ញាចូលរួមចំណែក ស្របតាមផែនការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០១១-២០២០ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាផែនការទស្សវត្សន៍អង្គការសហប្រជាជាតិ ដើម្បីសំដៅកាត់បន្ថយចំនួនអ្នកស្លាប់ឱ្យបាន៥០% ត្រឹមឆ្នាំ២០២០ ខាងមុខ៕