(ភ្នំពេញ)៖ លោក ងិន សៅរ័ត្ន នាយប្រតិបត្តិអង្គការជនពិការកម្ពុជា បានលើកឡើងថា ផែនការមេ នៃ វិស័យពិការភាពអាស៊ាន ឆ្នាំ ២០២៥ គឺជាផែនទីគោលក្នុងការជំរុញ និង បញ្ជ្រាបសិទ្ធិជនមានពិការភាពទៅក្នុងតំបន់អាស៊ាន។ លោកបានបន្តថា តាមរយៈផែការនេះធ្វើឲ្យ វិស័យពិការភាព កាន់តែត្រូវបានយកចិត្តទុកដាក់ កាន់តែទូលំទូលាយ និង គ្របដណ្តប់គ្រប់ជ្រុងជ្រោយ លើសអ្វីដែលធ្លាប់មានពីមុនមកបន្ថែមទៀត។

លោក ងិន សៅរ័ត្ន នាយប្រតិបត្តិអង្គការជនពិការកម្ពុជា បានលើកឡើង​នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីការផ្សព្វផ្សាយដល់អ្នកពាក់ព័ន្ធ ស្តីពីការអនុវត្តផែនការមេសាអាស៊ាន ឆ្នាំ២០២៥ រៀបចំនៅធ្វើ​នៅទីស្នាក់ការអង្គការជនពិការកម្ពុជា នាព្រឹកថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ២០១៩ ។

នាយប្រតិបត្តិអង្គការជនពិការកម្ពុជា ​បានបន្ថែមឲ្យដឹងថា នេះគឺជាវឌ្ឍនភាពមួយកម្រិតទៀតសម្រាប់វិស័យពិការភាព ដោយសារពេលនេះ វិស័យពិការភាព មិនមែនគ្រាន់តែត្រូវបានយកចិត្តទុកដាក់ជាលក្ខណៈជាតិឡើយ គឺពេលនេះ ត្រូវបានពង្រីកទៅជាលក្ខណៈតំបន់តែម្តង ។

នៅក្នុងឱកាសនោះដែរ លោក ទេព អ៊ុន អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាព​ជ​នពិការ បាន​លើកឡើងថា បច្ចុប្បន្ននេះ យើងបានធ្វើសកម្មភាពជាច្រើនជួយដល់ជនមានពិការភាព ឲ្យទទួលបានលទ្ធភាពល្អប្រសើរជាងមុន។ លោកបានបន្ថែមថា ក្រៅពីនោះជ​នមានពិការភាព ទទួលបានការយកចិត្តដាក់កាន់តែខ្លាំងទាំងវិស័យសង្គមកិច្ច, អប់រំ​ ​និងសុខាភិបាល និងវិស័យសំខាន់ៗជាច្រើនទៀត។

អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាព​ជ​នពិការ បានបន្តថា សព្វ​ថ្ងៃនេះ ពិការភាពរបស់យើងនេះ កាន់តែមានការរីកចម្រើនទៅ ពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំរបស់សម្តេច​តេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ​បងប្អូនដែលមាន​ពិការភាព កាន់តែក្លាយទៅជាជនគំរូដ៏ល្អសម្រាប់មនុស្សដែលគ្មានពិការភាពទូទៅ។

គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យពិការភាពនៅកម្ពុជា ត្រូវបានយកចិត្តទុកដាក់កាន់តែច្រើនពីភាគីពាក់ព័ន្ធ ហើយជាលទ្ធផលត្រូវបានទទួលស្គាល់ជាទូទៅថា ស្ថានភាព នៃ ជនមានពិការមានភាព មានភាពល្អប្រសើរឡើងជាបន្តបន្ទាប់ គឺទាំងស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច អប់រំ សុខភាព និង ការចូលរួមផ្សេងៗ ហើយគ្រាន់តែឆ្នាំ ២០១៨ កន្លងទៅមានជនដែលមានពិការភាពជិត ៦ ពាន់នាក់ត្រូវបានជ្រើសរើសឱ្យចូលបម្រើការងារទាំងក្នុងស្ថាប័នរដ្ឋ និង ឯកជនជាដើម៕