(ប៉ៃលិន)៖ លោក ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មការគ្រប់គ្រង របបគោលនយោបាយចំពោះជនពិការក្រីក្រ នៅតាមសហគមន៍នៅថ្ងៃទី២៣ ខែកុម្ភៈ​ ឆ្នាំ២០១៩នេះ បានអញ្ជើញបើកផ្តល់របបគោលនយោបាយ ជូនជនពិការក្រីក្រ ចំនួន២៤៤នាក់ នៅក្នុងសង្កាត់ទួលល្វា និងសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តបៃលិន ពីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា។

នៅក្នុងឱកាសនេះដែរ លោក ផាន់ ចាន់ធុល បានលើកឡើងថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ ចំពោះអតីតយុទ្ធជន និងជនពិការក្រីក្រ ដោយបានខិតខំយកចិត្តទុកដាក់ ដោះស្រាយណាស់ ទៅតាមលទ្ធភាព ព្រោះអតីតយុទ្ធជន និងជនពិការ មានចំនួនជាង២០ម៉ឺននាក់ នៅទូទាំងប្រទេស បើទោះបីជាមានចំណុច ខ្វះខាតខ្លះ។

អភិបាលខេត្តប៉ៃលិន បានបន្តថា រាជរដ្ឋាភិបាល មិនដែលបោះបង់បងប្អូនអតីតយុទ្ធជន និងជនពិការចោលនោះទេ គឺនៅតែបន្តយកចិត្តទុកដាក់ បីបាច់ថែរក្សា ទាំងអតីតយុទ្ធជន ទាំងជនពិការក្រីក្រ ទាំងគ្រួសារយោធិនពាក់លី ទៅតាមលទ្ធភាពដែលយើងមាន ជាក់ស្តែងនៅពេលនេះ ខេត្តប៉ៃលិន មានភ័ព្ទសំណាង ដែលក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានសាកល្បង ដំណើរការផ្តល់ បណ្ណសង្គមកិច្ច និងផ្តល់របបគោលនយោបាយ ជនកពិការក្រីក្រមុនគេ ក្នុងចំណោមបណ្តាខេត្តនានា នៅទូទាំងប្រទេស ដើម្បីដោះស្រាយនូវទុក្ខលំបាកផ្នែកជីវភាព របស់បងអតីតយុទ្ធជន និងជនពិការក្រីក្រ។

ជាមួយគ្នានេះលោក ផាន់ ចាន់ធុល បានបញ្ជាក់ថា ជាភ័ព្ទសំណាងដែលប្រទេសកម្ពុជាយើង បានបញ្ចប់សង្គ្រាម រួចផុតពីរបបប្រល័យពូជសាសន៍ «ប៉ុល ពត» ហើយបានចាប់ផ្តើម ចចារបង្រួបបង្រួមជាតិ បញ្ចប់សង្គ្រាម ហើយទីបំផុតស្មារតីខ្មែរស្រលាញ់ខ្មែរ បានបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលប្រែក្លាយទឹកដី ដែលច្បាំងគ្នាយ៉ាងក្តៅគគុក មកជាតំបន់មានការអភិវឌ្ឍរីកចម្រើន មានសុខសន្តិភាព ប្រជាជនមានជីភាព សម្បូរសប្បាយ។

បើតាមរបាយការណ៍របស់លោក អ៊ិត ពេន ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានឱ្យដឹងថា របបគោលនយោបាយ ដែលផ្តល់ជូនដល់អតីតយុទ្ធជន និងជនពិកាក្រីក្រ នៅក្នុងសង្កាត់អូរតាវ៉ៅ នាពេលនេះ គឺចែកចេញជា២ផ្នែក ដោយផ្នែកទី១ ទទួលរបប១២ខែ ចំនួន៤៩នាក់ និងផ្នែកទី២ ទទួលរបប៦ខែ ចំនួន១៩៥នាក់ សរុបទាំងអស់២៤៤នាក់ និងប្រើប្រាស់ថវិកាសរុប ចំនួន៣៥ ១៦០ ០០០រៀល៕