(ព្រះសីហនុ)៖ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានអំពាវនាវដល់ប្រជានេសាទ ប្រជាពលរដ្ឋ​ និងភ្ញៀវទេសចរជាតិអន្តរជាតិ ឲ្យជួយការពារថែរក្សាត្រីបាណន់គីង្គក់ (អំបូរត្រីបាឡែន) ឬឆ្លាមប៉ារ៉ា ដែលបានបង្ហាញ​វត្តមាន​ជាថ្មី​ទៀត នៅលើលម្ហសមុទ្រ​ម្តុំប្រជុំកោះរ៉ុងសន្លឹម និងកោះរ៉ុង ក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩នេះ។

លោកអភិបាល បាន​ចាត់ទុកវត្តមានរបស់​ត្រី​បាណន់គីង្គក់ ឬត្រីឆ្លាមប៉ារ៉ា ដែលបង្ហាញវត្តមានជាបន្តបន្ទាប់ នា​ប្រជុំ​កោះរ៉ុងសន្លឹម ខេត្តព្រះសីហនុថា បានរួមចំណែកទាក់ទាញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យ​ងាក​មកចាប់អារម្មណ៍ និងចូលមកទស្សនា​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រមួយនេះកើនច្រើនថែមទៀតនាថ្ងៃអនាគត។

ផ្តើមពីបញ្ហានេះ លោក យន្ត​ មីន បានអំពាវនាវដល់ប្រជានេសាទ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត ឲ្យជួយថែរក្សា​ការ​ពារ​ត្រី​បាណន់​គីង្គក់ ឬ ត្រីឆ្លាម​ប៉ារ៉ា ឲ្យបានគង់វង្សទាំងអស់គ្នា ដោយមិនត្រូវចាប់ ឬសម្លាប់ត្រីប្រភេទ​នេះ​ជាដាច់ខាត ព្រោះត្រីប្រភេទនេះ ជាប្រភេទត្រីកម្រ និងស្លូតណាស់។

នៅព្រឹកថ្ងៃសៅរ៍ ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៩នេះ ប្រជាពលរដ្ឋរស់នៅសង្កាត់កោះរ៉ុងសន្លឹម បានផ្តល់ព័ត៌​មាន​មកថា ​មានត្រីបាឡែន ​(​បាណន់គីង្គក់ ឬឆ្លាមប៉ារ៉ា) ចំនួន៣​ក្បាល កំពុង​បង្ហាញវត្ត​មាន នៅក្នុងលម្ហ​សមុទ្រ​កោះ​រ៉ុង​សន្លឹមជាថ្មីទៀត។ ប៉ុន្តែការបង្ហាញខ្លួនជាថ្មី របស់ត្រីបាឡែនខាងលើនេះ មានរហូតដល់ ៣ក្បាល ដែល​កាលពីពេល​មុន គឺមានតែចំនួន១ក្បាលទេ។ ប្រជាពលរដ្ឋបន្តថា ក្នុងចំណោមត្រីបាឡែនគីង្គក់ទាំង ៣​ក្បាល​ខាងលើនេះ ឃើញមាន​ត្រី​តូចៗចំនួន ២ក្បាល និងធំ១ក្បាលនាំឲ្យ​មានការ​ចាប់​អារម្មណ៍​ច្រើនពីសំណាក់ប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរជាតិ និង​អន្តរជាតិ។

លោក នេន ចំរើន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានឲ្យដឹងថា ត្រីខាងលើ​​មានឈ្មោះថា ​បាណន់គង្គក់ (ឈ្មោះពីដូនតា) ឬ ឆ្លាមប៉ារ៉ា (ឈ្មោះហៅក្រៅ) ឈ្មោះជាភាសាអង់គ្លេស Whale Shark នៅក្នុងអំបូរ Rhincodontidae​។ លោក​បន្តថា កន្លងមកនេះ ត្រីប្រភេទនេះ គឺបានបង្ហាញ​វត្តមានតែ ១ក្បាលទេ ប៉ុន្តែបច្ចុប្បន្ននេះ បានកើនចំនួន៣ក្បាល (ធំមួយក្បាល តូច ២ក្បាល) ដោយបាន​បណ្តែត​ខ្លួននៅក្នុងលម្ហ​សមុទ្រម្តុំប្រជុំកោះរ៉ុងសន្លឹម និងកោះរ៉ុង ក្រុងព្រះសីហនុ។

ចំពោះការបង្ហាញខ្លួន​របស់​ត្រីបាណន់គីង្គក់​នេះ ទាំងថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ ​និងថ្នាក់​ដឹកនាំ​គណៈ​កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បាន​អំពាវនាវដល់ពលរដ្ឋ ឬអ្នកទេសចរ​កុំឲ្យទៅរំខានដំណើរ របស់​ត្រី​ប្រភេទ​នេះ ព្រោះជាប្រភេទត្រីស្លូត មិនធ្វើបាបមនុស្សទេ។​ ជាងនេះ ក៏ហាមដាច់ខាតមិន​ឲ្យប្រជា​ពលរដ្ឋ និង​ភ្ញៀវទេសចរនាំគ្នាជិះទូកដេញចាប់ជិះ ដើម្បីធ្វើជាការកម្សាន្ត ឬក៏ធ្វើ​សកម្មភាព​ណាមួយ ដែល​អាច​នាំ​ឲ្យត្រីបាណន់គីង្គក់ ឬឆ្លាមប៉ារ៉ាខាងលើភ័យផ្អើល។ ជាពិសេសហាម​ដាច់​ខាតមិន​ឲ្យ​នេ​សាទ ឬសម្លាប់ត្រីខាងលើនេះ៕​