(ស្វាយរៀង)៖ លោក មាស ប៊ុនឡី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំពោធិរាជ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានជំរុញដល់សមាជិកបក្ស និងប្រជាពលរដ្ឋទាំងអស់ នៅក្នុងឃុំពោធិរាជ ត្រូវនាំគ្នាខិតខំដាំបន្លែ និងចិញ្ចឹមសត្វរួមផ្សំ ដើម្បីលើកកម្ពស់ជីវភាពរស់នៅបានមួយកម្រិតបន្ថែមទៀត ជាពិសេសនោះ ត្រូវចេះសន្សំសំចៃទឹកទុកប្រើប្រាស់ ក្នុងរដូវប្រាំងនេះព្រោះមានក្នុងរដូវប្រាំងនៅឆ្នាំ២០១៩នេះ កម្ពុជានឹងជួបគ្រោះក្តៅហួតហែងខ្លាំង ជាពិសេសក្នុងអំឡុងខែមេសា និងឧសភា កម្តៅនឹងហក់ឡើងដល់៤០ ទៅ៤២អង្សា ដោយសារតែការរងដោយប្រយោល នៃឥទ្ធិពលបាតុភូតអែលនីណូ (El Nino)។ ក្នុងនោះរាជរដ្ឋាភិបាល បានក៏អំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋ ត្រូវចាត់វិធានការថែរក្សាទឹក ទុកសម្រាប់ប្រើប្រាស់ផងដែរ។

ការថ្លែងបែបនេះ ខណៈដែលលោកប្រធានក្រុមការងារ បានអញ្ជើញចូលរួមសំណេះសំណាលជាមួយ សមាជិកបក្សនៅឃុំពោធិរាជ ស្រុកស្វាយជ្រុំនារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលមានការចូលរួមពីសមាជិកបក្សជាច្រើនរូបផងដែរ។

លោកប្រធានក្រុមការងារ ក៏បានណែនាំដល់សមាជិកបក្សទាំងអស់ ត្រូវបន្តការសាមគ្គីភាពគ្នាដោះស្រាយទុក្ខលំបាក របស់ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យទាន់ពេល ធ្វើអំពើល្អ និងកៀងគរ សមាជិកថ្មីៗឲ្យបានច្រើនបន្ថែមទៀត ផ្សព្វផ្សាយពីគោលនយោបាយរបស់បក្សបានទូលំទូលាយ ក្នុងនោះ ត្រូវនាំគ្នាចូលរួមថែ រក្សាសុខសន្តិភាព ឲ្យបានរឹងមាំដែលជាការខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាល តាំងពីបាតដៃទទេរឲ្យមានការរីចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកថ្លែងបញ្ជាក់ថា ការផ្តាច់ជំនួយ EBA ពីអឺរ៉ុបនេះ មិនប៉ះពាល់អ្វីធ្ងន់ធ្ងរដល់សេដ្ឋកិច្ចកម្ពុជានោះទេ កម្ពុជានៅតែរឹងមាំ ហើយបងប្អូនប្រជាពលរដ្ឋ ត្រូវតែមានជំនឿមកលើរាជរដ្ឋាភិបាលកម្ពុជា ដែលសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។ ពលរដ្ឋត្រូវខិតខំប្រកបរបររកស៊ី ជាធម្មតាកុំមានការព្រួយបារម្ភណ៍ចំពោះរឿង EBA គឺរាជរដ្ឋាភិបាលមានគោលនយោបាយច្បាស់លាស់ ហើយក្នុងការទប់ទាល់បញ្ហានេះ។

លោក មាស ប៊ុនឡី ក៏បានណែនាំដល់អាជ្ញាធរដែនដី កម្លាំងប្រដាប់អាវុធ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការការពារសន្តិសុខ សុវត្តិភាពឲ្យបាលល្អប្រសើរ ជាពិសេសអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត។

នៅពិធីនេះដែរលោកប្រធានក្រុមការងារ ក៏បានឧបត្ថម្ថវិការមួយចំនួន ដល់សមាជិបក្ស និងផ្តល់ថវិការសម្រាប់ដោះស្រាយទុកដោះស្រាយដល់ពលរដ្ឋ នៅមូលដ្ឋានដល់លោកប្រធានបក្សឃុំ ដើម្បីទុកសម្រាប់ពលរដ្ឋទីទល់ក្រជួបការខ្វះខាតផងដែរ៕