(តាកែវ)៖ ស្នងការនគរបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ សុខ សំណាង នៅ​ព្រឹក​ថ្ងៃ​ទី២៣ ខែ​កុម្ភៈ​ ឆ្នាំ២០១៩ បាន​ដឹកនាំ​ក្រុម​ការងារស្នងការដ្ឋាននគរបាលខេត្តតាកែវ​ ទៅ​ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ទោ សែម សួន នាយរងការិយាល័យប្រឆាំងគ្រឿងញៀន ដែលបានទទួលមរណៈភាពដោយជម្ងឺលើសឈាម។

ពិធីបុណ្យសមរបស់មន្រ្តីនគរបាលរូបនេះ បានប្រារព្ធនៅគេហដ្ឋានក្នុងភូមិអង្គត្នោតខាងលិច ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្ដតាកែវ​។

នៅក្នុងឱកាសលោកឧត្តមសេនីយ៍ទោស្នងការ បានប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិចំនួន៦លានរៀល ថវិកាផ្ទាល់របស់លោកចំនួនន១លានរៀល និងថវិកាចូលរួមពីក្រុមការងារ ចំនួន១លានហាសិបពីរម៉ឺនរៀល និងអង្ករ២បាវស្មើ១០០គីឡូ ទឹកត្រី៤យួរ ទឹកស៊ីអ៊ីវ៤យួរ ប្រគល់ជូនលោកស្រី អ៊ិន សាវី ត្រូវជាភរិយានៃសព។

ជំនួសមុខឲ្យនគរបាលជាតិទូទាំងខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានសម្តែងការចូលរួមសោកស្តាយចំពោះការបាត់បង់មន្រ្តីនគរបាលម្នាក់ ដែលមានស្នាដៃ ធ្លាប់បានចូលរួមការពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ជាពិសេសបានចូលរួមបង្ក្រាបគ្រឿងញៀននាពេលកន្លងមក ជូនសង្គមជាតិ និងប្រជាពលរដ្ឋផងដែរ៕