​(កំពង់ចាម​)៖​ ក្រុមការងារសហព័ន្ធសហជីពសម្លេងយុវជនខ្មែរ បានបន្តធ្វើសកម្មភាពមនុស្សធម៌ដោយបានចុះទៅប្រគល់ជូនលំនៅដ្ឋាន ៣ខ្នងជូនដល់កម្មការិនី ដែលកំពុងខ្វះខាតទីជម្រក ដោយបានសាងសង់ចាប់ពីខែមករាឆ្នាំ២០១៨ ហើយរហូតមកដល់ពេលនេះ លោកបានប្រារព្ធពិធីប្រគល់ជូនពួកគាត់នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩។

​លោក ឡុង​ សុផាត ប្រធានសហព័ន្ធសហជីពសម្លេងយុវជនខ្មែរ បានឲ្យដឹងថា លំនៅដ្ឋានទីមួយគឺបានប្រគល់ជូនទៅអ្នកស្រី សុខ ជាស្រីនាង អាយុ៣២ឆ្នាំ​ ជាកម្មការិនីរោងចក្រខាលីងតុន (Calington) និងស្វាមីមានកូន ៥នាក់ និងឪពុកម្តាយចាស់ជរា នៅក្នុងបន្ទុកដែលឋិតនៅក្នុងភូមិត្រពាំងស្នោ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម។

​លំនៅដ្ឋានទី២ ជូនលោកស្រី រឿន ស្រុង អាយុ៣៤ឆ្នាំ ជាកម្មការិនីរោងចក្រខាលីងតុន និងកូនបីនាក់នៅក្នុងបន្ទប់ ស្ថិតនៅភូមិអារក្ស ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

​លំនៅដ្ឋានទី៣ សាងសង់ជូនលោកស្រី ហឿន​ ​ភា​ អាយុ៤០ឆ្នាំ​ កម្មការិនីរោងចក្រខាលីងតុន និងស្វាមីមានកូន ៥នាក់ និងឪពុកម្តាយចាស់ជរា នៅក្នុងបន្ទុកស្ថិតនៅភូមិច្បារអំពៅ ឃុំចំប៉ី ស្រុកបាធាយ ខេត្តកំពង់ចាម។

​លោក ឡុង សុផាត បានថ្លែងថា ផ្ទះដែលសង់ជូនកម្មការិនីក្រីក្រនោះមានទំហំ ៤គុណនឹង៦ម៉ែត្រ សង់ពីថ្មប្រក់ស័ង្កសីដែលមានតម្លៃប្រមាណ២៧០០ដុល្លារ។ ក្នុងឱកាសនោះ លោក៏បានប្រគល់ជូននូវអង្ករចំនួនមួយបាវទម្ងន់៥០គីឡូក្រាម, មីមួយកេស, ត្រីខកំប៉ុងប្រអប់, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ និងថវិកា១០ម៉ឺនរៀល។

​លោកបញ្ជាក់ថា ថវិកាដែលយកទៅសង់ផ្ទះនោះ គឺបានមកពីមូលនិធិសហព័ន្ធសហជីពសម្លេងយុវជនខ្មែរ, ការរៃអង្គាសពីកម្មករកម្មការិនីរោងចក្រ និងពីសប្បុរសជនមួយចំនួន។
លោក ឡុង សុផាត បានបន្តថា​ ថ្ងៃនេះរូបលោករួមជាមួយលោក អឿ​ សាវេត ប្រធានមន្ទីរការងារខេត្តកំពង់ចាម និងអាជ្ញាធរមូលដ្ឋាន​ បានប្រគល់ជូនផ្ទះចំនួន៣ខ្នង ជូនដល់កម្មការិនីក្រីក្របំផុត។

លោកសង្ឃឹមថា​ នៅពេលខាងមុខនេះ រោងចក្រសហគ្រាសអាច នឹងកើតនៅជិតផ្ទះបងប្អូនជាបន្តបន្ទាប់ ដែលអាចរួមចំណែកកាត់បន្ថយនូវការចំណាកស្រុក និងកាត់បន្ថយភាពក្រីក្រតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។

លោកក៏បានថ្លែងអំណរគុណ ទៅដល់សប្បុរសជនកម្មករកម្មការិនីទាំងអស់ ដែលបានរួមចំណែកការចែករំលែកជូន ទៅដល់បងប្អូនកម្មករដែលក្រីក្របំផុត ដោយមិនប្រកាន់និន្នាការនយោបាយ ទាំងអស់។ តែលោកក៏ជាសកម្មជនគណបក្សប្រជាជនកម្ពុជា ដែលបានចុះជួយការងារនៅតាមខេត្តមួយចំនួនផងដែរ៕