(ភ្នំពេញ)៖ លោក សុខ សុគន្ធ ហៅជេម សុខ អ្នកអត្ថាធិប្បាយបញ្ហាសង្គម និងនយោបាយដ៏មានប្រជាប្រិយមួយរូបកំពុងរស់នៅសហរដ្ឋអាមេរិក បានក្រើនរំលឹកពលករខ្មែរដែលកំពុងធ្វើការនៅបណ្តាប្រទេសនានា ជាពិសេសប្រទេសកូរ៉េខាងត្បូងថា ប្រសិនបើរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ផ្តាច់ការ ឬគ្មានធម៌មេត្តាដូចការលើកឡើងរបស់ពួកគេមែននោះ រាជរដ្ឋាភិបាលនឹងលុបលិខិតឆ្លងដែនមិនឲ្យពួកគេបានចេញទៅធ្វើការនោះឡើយ។

ការលើកឡើងរបស់លោក សុខ សុគន្ធ បែបនេះ បន្ទាប់ពីមានពលករខ្មែរនៅក្រៅប្រទេស ជាពិសេសនៅកូរ៉េខាងត្បូង ដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាល និងគាំទ្រអតីតគណបក្សសង្គ្រោះជាតិ តែងបានធ្វើសកម្មភាពជេរប្រមាថ និងរិះគន់លើរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ថាជារាជរដ្ឋាភិបាលផ្តាច់ការ និងគ្មានធម៌មេត្តាជាដើមនោះ។

តាមរយៈវីដេអូអត្ថាធិប្បាយផ្សាយផ្ទាល់លើបណ្តាញសង្គម Facebook លោក សុខ សុគន្ធ បានលើកឡើងថា រាជរដ្ឋាភិបាលថៃ និងរដ្ឋាភិបាលហ្វីលីពិនជាដើម គេមិនអនុញ្ញាតឲ្យពលករនៅក្រៅប្រទេសលូកដៃចូលក្នុងសកម្មភាពនយោបាយនោះឡើយ។ លោកបន្តថា រាជរដ្ឋាភិបាលថៃ និងរដ្ឋាភិបាលហ្វីលីពិន នឹងលុបលិខិតឆ្លងដែនភ្លាម បើគេរកពលកររូបណាដែលលូកដៃចូលក្នុងរឿងនយោបាយ។

និយាយដល់បញ្ហានេះ លោក សុគន្ធ បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជាថា មានធម៌មេត្តាច្រើនដល់ពលករនៅក្រៅប្រទេសបើទោះបីពលករនោះជេរប្រមាថរាជរដ្ឋាភិបាល ជាពិសេសម្តេចតេជោ ហ៊ុន សែន យ៉ាងណាក្តី ក៏រាជរដ្ឋាភិបាលមិនបានចាត់វិធានការក្តៅចំពោះពលករនោះឡើយ។

លោក សុខ សុគន្ធ បានរំលឹកក្រុមពលករមាននិន្នាការប្រឆាំងថា ប្រសិនបើរាជរដ្ឋាភិបាលចាត់វិធានការក្តៅបែបនេះមែន ក្រុមថ្នាក់ដឹកនាំអតីតប្រឆាំង ជាពិសេសទណ្ឌិត សម រង្ស៉ី មិនអាចជួយអ្វីពួកគេបាននោះឡើយ។ ទីបំផុតពលករមាននិន្នាការប្រឆាំងទាំងអស់នោះ នឹងមិនអាចចេញទៅក្រៅប្រទេសរកការងារបានធ្វើនោះឡើយ។

និយាយដល់បញ្ហានេះលោក សុគន្ធ ដាស់តឿនដល់ពលករនៅក្រៅប្រទេសឲ្យជឿការញុះញង់របស់ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ហើយប្រឹងប្រែងធ្វើការសន្សំលុយបញ្ជូនមកគ្រួសារកសាងជីវភាពឲ្យកាន់តែល្អប្រសើរ ឬសន្សំលុយទុករៀនវិជ្ជាជីវៈ ឬក៏រៀនបន្តនៅថ្នាក់មហាវិទ្យា ដើម្បីកសាងអនាគតមួយដ៏ប្រសើរ។

យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា បច្ចុប្បន្នពលករខ្មែរកំពុងធ្វើការនៅក្រៅប្រទេសមានប្រមាណជា ១លាន ២សែននាក់។ របាយការណ៍បង្ហាញថា ពលករទាំងបានបញ្ជូនថវិការាប់លានដុល្លារក្នុងមួយឆ្នាំមកកាន់គ្រួសាររបស់ពួកគេ៕