(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងនគរបាលខេត្តកំពត និងកម្លាំងនគរបាលខេត្តឧត្តរមានជ័យ បានបន្ដបើកប្រតិបត្តិការរួមគ្នា តាមបង្ក្រាបក្រុមចោរលួចរថយន្ដ តាមបណ្ដាខេត្ត បានចំនួន៣នាក់បន្ថែមទៀត នៅខេត្តឧត្តរមានជ័យ ខណៈបក្ខពួកដែលបង្ក្រាបលើកមុន ត្រូវតុលាការខេត្តកំពត ចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារ។

ស្នងការរងទទួលផែនព្រហ្មទណ្ឌ ខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ត្រី ឡឹក សុខា បានឲ្យដឹងថា ប្រតិបត្តិការចាប់ខ្លួននេះ ​ធ្វើឡើង​នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ​សហការជាមួយការិយាល័យអនុវត្តដីកា​នាយកដ្ឋាននគរបា​លព្រហ្មទណ្ឌ ដឹកនាំដោយ​លោកវរសេនីយ៍ទោ ឆាន់ គឹមលី និងសមត្ថកិច្ចនគរ​បាលខេត្ត​កំពត ចុះអនុវត្តដីកា​ចាប់ខ្លួន និងបញ្ជាឲ្យចូលខ្លួនរបស់សាលា​ដំបូងខេត្តកំពត និងធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ខណៈម្នាក់ទៀតកំពុងតាមរុករក។

លោកវរសេនីយ៍ទោ ឆាន់ គឹមលី នាយការិយាល័យអនុវត្តដីកា នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ថា ជនសង្ស័យដែលកម្លាំងនគរបាល តាមបង្ក្រាបបាននេះ ទី១៖​ឈ្មោះ នួន យាន ​អាយុ៣៦ឆ្នាំ, ទី២៖​ឈ្មោះ ស៊ុម ហយ ហៅពេជ្រ អាយុ២១ឆ្នាំ និងទី៣៖ឈ្មោះ ស៊ុម ង៉ុយ អាយុ៤៣ឆ្នាំ។ ពួកគេត្រូវបានចាប់ខ្លួន​នៅចំណុចផ្ទះជួលស្ថិត​ភូមិអូរស្មាច់ សង្កាត់អូរស្មាច់ក្រុងសំរោង ខេត្តឧត្តរមានជ័យ ពីបទលួចមា​នស្ថានទម្ងន់ (ក្រុមលួចរថយន្ត)។​ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ចូនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការបន្ដតាមនីតិវិធី។

សូមជម្រាបថា កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅ មុខសញ្ញាលួចរថយន្ដចំនួន៣នាក់ ដែលបានធ្វើសកម្មភាពយ៉ាងសកម្មនៅតាមបណ្ដាខេត្តនានា ហើយត្រូវបង្ក្រាបបានជាបន្ដបន្ទាប់នោះ ​ត្រូវបានតុលាការខេត្តកំពត សម្រេចចេញដីកាឃុំខ្លួនក្រុមចោរទាំងនេះ ដាក់ពន្ធនាគារផងដែរ ដោយចោទប្រកាន់ពីបទ លួចមានស្ថានទម្ងន់ទោស សមគំនិតលួច និងទទួលផលចោរកម្ម។

មន្រ្តីនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការនគរបាលជាតិ បានប្រាប់អង្គភាព Fresh News ឲ្យដឹង​ថា ដើម្បីឈានដល់បង្ក្រាបករណីនេះទទួលបានជោគជ័យ មានការបញ្ជាពីនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ព្រមទាំងមានការសម្របសម្រួលពីព្រះរាជអាជ្ញាតាមបណ្តាខេត្ត។

​ប្រតិបត្តិការជាបន្ដបន្ទាប់នេះ ត្រូវបានធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី​១៣​ ខែកុម្ភៈ​ រហូត​ដល់​ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៩ ដោយក្នុងនោះកម្លាំងសមត្ថកិច្ចទទួលបានលទ្ធផលដូចខាងក្រោម

*កាលពី​ថ្ងៃ​ទី​១៤​ ខែកុម្ភៈ ឆ្នាំ២០១៩​ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យម្នាក់​ឈ្មោះ​ សុំ​ ហ៊ី​ន​​ អាយុ​១៨​ឆ្នាំ​ កំណើត​ភូមិ​យស់​ ឃុំ​ប្ញ​ស្សី​សាញ់​ ស្រុក​ស៊ី​ធរ​កណ្តាល​ ខេត្តព្រៃវែង​ បច្ចុប្បន្ន​នៅ​ភូមិ​សាមគ្គី​ ឃុំ​ស្វាយ​ជ្រះ​ ស្រុក​ស្នួល​ ខេត្តក្រចេះ​ ដោយ​រឹបអូស​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​១​គ្រឿង​។​

*​កាលពី​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យម្នាក់​ឈ្មោះ​ រ៉ា​ ឌី​ឡា​​​ អាយុ​២៥​ឆ្នាំ​ នៅ​ភូមិ​គគី​ ឃុំ​គគី​ ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ ដោយដកហូតបានរថយន្ត​ RX300​ ពណ៌​ស​ ១​គ្រឿង​។​

*​កាលពី​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យម្នាក់ឈ្មោះ​ ជុំ​ លី​ម​សុង​ ហៅ​ហ្គោ​ ​​អាយុ​៣១​ឆ្នាំ​ កំណើត​ភូមិ​អូរ​លាវ​ ឃុំ​ផ្ទះ​កណ្តាល​ ស្រុក​ស្រី​សន្ធរ​ ខេត្តកំពង់ចាម​។​ បច្ចុប្បន្ន​នៅ​ភូមិ​ផ្សារ​ចាស់​ ឃុំ​មេមត់​ ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ​។​ ​រហូត​ដល់​ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​នេះ​ តាម​ចម្លើយ​សារភាព​របស់​ជន​នេះ​សមត្ថកិច្ច​ រឹបអូស​បាន​រថយន្ត​កាម​រី​បា​ឡែ​ន​ ពណ៌​ទឹកប្រាក់​ ១​គ្រឿង​។​

សម្រាប់រថយន្តទាំងនេះ ត្រូវបាននគរបាលប្រគល់ជូនម្ចាស់វិញ មានទីលំនៅខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ៕