(សៀមរាប)៖ ទេសរដ្ឋមន្ដ្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានលើកឡើងថា សមាគម​អតីត​យុទ្ធជន​គ្រប់ថ្នាក់​ ត្រូវ​បន្តធ្វើបច្ចុប្បន្នភាពបន្ថែម​ទៀត​ ក្តាប់ឲ្យបានអ្នកមាន​ជីវភាព​ខ្វះខាត​ អ្នក​មាន​ជំងឺ​ និង​អ្នក​ដែល​គ្មានផ្ទះ ​ឬមានផ្ទះមិនសមរម្យ ដើម្បីមាន​វិធានការជួយ​បានទាន់ពេលវេលា ឲ្យស្របទៅនិងការយកចិត្តទុកដាក់របស់​សម្តេច​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។

​ដើម្បីធ្វើបាននូវបញ្ហាខាងលើ​ឲ្យស្របតាមការយកចិត្តទុកដាក់​របស់​សម្ដេចតេជោ ហ៊ុន សែន ដល់សមាជិកគ្រប់រូបទាំងជីវភាពរស់នៅ និងសុខភាពនោះ ទេសរដ្ឋមន្ដ្រី គន់ គីម ​បានណែនាំដល់ថ្នាក់ដឹកនាំទាំងអស់ ​ត្រូវចងក្រងសមាជិកអតីត​យុទ្ធជន ​ដែលកំពុងរស់នៅតាមភូមិនីមួយៗជាក្រុម ដោយជ្រើសរើសក្នុងចំណោមពួកគាត់ ឲ្យធ្វើជាប្រធានក្រុម​។

ក្នុងពិធីបូកសរុបលទ្ធផលការងារសមាគម​អតីត​យុទ្ធជន​ឆ្នាំ​២០១៨​ និងដាក់ចេញទិសដៅអនុវត្តឆ្នាំ២០១៩ របស់បណ្តាខេត្ត​ចំណុះ យោធភូមិភាគ​ទី​៤​ រួមមាន កំពង់ធំ​,​ ព្រះវិហារ​,​ សៀមរាប​ និង​​ឧត្ដរមានជ័យ​ ​នាព្រឹកថ្ងៃ​ទី២៣​ ខែកុម្ភៈ​ ឆ្នាំ២០១៩ នៅ​ទីបញ្ជាការយោធភូមិភាគ​៤​ ទេសរដ្ឋមន្ដ្រី គន់ គីម ក៏បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំ ​ត្រូវ​ខិត​ខំ​គ្រប់​គ្រង​ដីរបស់សមាគមដែលមានស្រាប់​ បន្តការឈូសឆាយបែងចែកជាឡូត៍ និង​ជំរុញការសាងសង់ផ្ទះជូន​អតីត​យុទ្ធជន​តាមផែនការឲ្យសម្រេចបានមុនទិវា​អតីត​យុទ្ធជន​កម្ពុជា​ ថ្ងៃ​ទី២១​ ខែមិថុនា ​ឆ្នាំ​២០១៩ខាងមុខនេះ​។

តាមរបាយការណ៍​​របស់លេខាធិការដ្ឋាន​ សមាគម​អតីត​យុទ្ធជន​យោធភូមិភាគ​៤​ ក្នុង​ចំណោម​សមាជិក​អតីត​យុទ្ធជន​​១៣,៧៨៩នាក់​ អ្នកមានដីអត់ផ្ទះ ៣០១​គ្រួសារ,​ អត់ដីអត់ផ្ទះ​​៣៦៥​​គ្រួសារ​ និងរស់នៅលើដីសាធារណៈ៤៨គ្រួសារ។​ ក្នុងឆ្នាំកន្លងមក​សមាគម​បានសាងសង់ផ្ទះជូនបាន​​១៦១ខ្នង​ ក្នុង​នោះ​ ខេត្ត​កំពង់ធំ​ ៥៥ខ្នង, ខេត្ត​សៀមរាប​ ០៨ខ្នង, ខេត្ត​ព្រះវិហារ​ ០៨ខ្នង​ និង​ខេត្ត​ឧត្ដរមានជ័យ​ ៩០ខ្នង។

ដោយឡែក​ក្នុងពេលប្រជុំនេះ​ ​លោក​ គន់​ គីម​ ប្រកាសផ្តល់ការសាងសង់ផ្ទះអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ​​ជូន​អតីត​យុទ្ធជន​​ចំនួន​៣០ខ្នង
ក្នុងនោះ​ (ខេត្ត​កំពង់ធំ​​១០ខ្នង​ និងខេត្ត​ព្រះវិហារ​​២០ខ្នង), បើកប្រាក់បេឡាមរណៈសង្គ្រោះ​ ជូនគ្រួសារសពសមាជិក​អតីត​យុទ្ធជន​បាន២៩៦​សព ធានាបានទាន់ពេលមិនឲ្យហួសប្រាំពីរថ្ងៃ,​ បើកប្រាក់ធានារ៉ា់ប់រងសង្គម​បាន២៣៤​គ្រួសារ​ ព្រមទាំង​ចុះសួរសុខទុក្ខសមាជិក និងផ្តល់អំណោយជាសម្ភារ​ ថវិកា​១៨២,២៦៣,០០០រៀល។

ក្នុងឱកាសនោះ ក៏មានការប្រកាស​ទទួលស្គាល់លោក​ ទៀ​ សីហា​ ជាប្រធានកិក្តិយស​​សមាគម​អតីត​យុទ្ធជន​ខេត្ត​សៀមរាប, ​​លោក នាង​ ឃីម​ និងលោក​ លី​ ស៊ុន​ ជាជំនួយការ​ ទេសរដ្ឋមន្រ្តី​ គន់ គីម និងប្រកាសបំពេញ​បន្ថែម​សមាសភាព​ អនុប្រធាន​ គណៈកម្មការ​សមាគម​អតីត​យុទ្ធជន​តាមបណ្តាខេត្ត​ ក្នុងនោះខេត្ត​សៀមរាប​ ​(លោក​ គីម​ វណ្ណា និងលោក​ ខេង​ ញ៉ុល), ខេត្ត​ព្រះវិហារ​ (លោក​ សួស​ សុខដារ៉ា, លោក​ ម៉ប់​ ធិរិត និងលោក​ សំ​ លាងទ្រី), ខេត្ត​កំពង់ធំ (លោក​ មុំ​ ចែម និងលោក​ ជូ​ កូឡា)។

បន្ថែមពីនេះ ​ទេសរដ្ឋមន្រ្តី​ គន់​ គីម​ ​ក៏​បានកោតសរសើរចំពោះការខិតខំបំពេញ​ភារកិច្ច​របស់​ថ្នាក់​ដឹកនាំ​សមាគម​គ្រប់ថ្នាក់​ បានយ៉ាងល្អប្រសើរ និង​ដោះស្រាយទាន់ពេលវេលាជូន​សមាជិក​អតីត​យុទ្ធជន ដែលជួបការ​លំបាក ​ឬមានជំងឺ​ និងបានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ ដែលទើបបានទទួលតំណែងថ្មី​ត្រូវ​រួមសហការគ្នា ដើម្បីអនុវត្តភារកិច្ចឲ្យទទួលបានជោគជ័យ៕