(វេណេស៊ុយអេឡា)៖ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ប្រជាពលរដ្ឋ​វេណេស៊ុយអេឡា​ ត្រូវ​ប្រឈមមុខ​នឹង​វិបត្តិ ដោយ​ការ​ខ្វះខាត​អាហារ និង​ថ្នាំពេទ្យ​ព្យាបាល​ជំងឺ អតិផរណា​ខ្ពស់​ និង​មាន​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ។ ខាងក្រោម​នេះ​ជា​ហេតុផល​សំខាន់​​៤​ចំណុច ដែល​រុញ​ច្រាន​​សេដ្ឋកិច្ច វេណេស៊ុយអេឡា​ធ្លាក់​ក្នុង​វិបត្តិ​ធ្ងន់ធ្ងរ៖

១៖ កំណើនសេដ្ឋកិច្ច​ធ្លាក់​ចុះ​ជា​ច្រើន​ឆ្នាំ​ជាប់​គ្នា​ ​

សេដ្ឋកិច្ច វេណេស៊ូអេឡា បាន​ធ្លាក់​ចុះ​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​ជាប់​គ្នា។ យោង​តាម​របាយ​ការណ៍​មូល​និធិ​រូបិយវត្ថុអន្តរជាតិ (IMF) បាន​ឱ្យ​ដឹង​ថា ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​នេះ​បានធ្លាក់ចុះជាបន្តបន្ទាប់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ IMF ក៏​បាន​ព្យាករណ៍​ផង​ដែរ​ថា វ៉េណេស៊ុយអេឡា នឹង​ស្ថិត​នៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ជា​បន្ត​ទៀត។ ខណៈ​ដែល​សេដ្ឋកិច្ច​ធ្លាក់​ចុះ​តម្លៃ​ទំនិញ​ក៏​កើន​ឡើង​​ជា​ខ្លាំង។ ក្នុង​ឆ្នាំ​២០១៦ អតិផរណា​បាន​កើន​ឡើង​រហូត​ដល់​ ៤៧៥ភាគរយ និងឆ្នាំបន្តបន្ទាប់ទៀតបន្តធ្លាក់ចុះ។

រូបិយប័ណ្ណ​វ៉េណេស៊ុយអេឡា បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។ ជាក់​ស្តែង​កាល​ពីឆ្នាំ​២០១៦ ប្រាក់​១ដុល្លារ​ស្មើ​នឹង​១០០bolivar (ក្រដាស​ប្រាក់​នៅ​វេណេស៊ុយអេឡា)។ ដោយ​ឡែក​បច្ចុប្បន្ន ១​ដុល្លារ​ស្មើ​២៤៨៥២១ bolivar។ ក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ​រដ្ឋាភិបាល​ចំណាយ​ច្រើន​លើស​លប់​ទៅលើ​កម្មវិធី​សុខុមាលភាព ដែល​គ្មាន​ការ​គ្រប់គ្រង​បាន​ត្រឹម​ត្រូវ។

២៖​ ក្បាល​ម៉ាស៊ីន​សេដ្ឋកិច្ច​វ៉េណេស៊ុយអេឡា​ជួប​ប្រទះ​បញ្ហា​

អ្វី​ដែល​អាក្រក់​បំផុត​ នៅ​ពេល​ដែល​តម្លៃ​ប្រេង​ដែល​ជា​ផលិតផល​សំខាន់​បំផុត​របស់​វេណេស៊ុយអេឡា ចាប់​ផ្តើម​ធ្លាក់ចុះ​តាំង​ពី​ឆ្នាំ​២០១៤។ វ៉េណេស៊ុយអេឡា ស្តុក​ទុក​ប្រេង​ច្រើន​បំផុត​លើ​ពិភព​លោក។ ប្រេង​​បាន​ផ្តល់​ចំណូល​ដល់​ប្រទេស​មួយ​នេះ ​រហូត​ដល់​៩៥% នៃ​ប្រាក់​​ចំណូល​បាន​ពី​ការ​នាំ​ចេញ។ ប្រសិន​បើ ​វ៉េណេស៊ុយអេឡា មិន​លក់​ប្រេង​ទេ​នោះ ប្រទេស​នេះ​មិនមាន​ប្រាក់​ដើម្បី​ចំណាយ​ឡើយ។ តម្លៃ​ប្រេង​ឆៅ​ធ្លាប់​​ឡើង​ដល់​ជាង​១០០ដុល្លារ​ក្នុង​១​បារ៉ែល​ក្នុង​ឆ្នាំ២០១៤។ ប៉ុន្តែ​ក្នុង​ឆ្នាំ​២០១៦ វា​មាន​តម្លៃ​ប្រហែល​៥០​​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​បារ៉ែល ក្រោយ​មក​បាន​ធ្លាក់​ចុះ​រហូត​ដល់​​​ត្រឹម​២៦​ដុលា្លរ​។

អ្វី​ដែល​ជា​បញ្ហាគឺថា ប្រទេសវេណេស៊ុយអេឡា មិន​បាន​យក​ចិត្ត​ទុក​ដាក់​លើ​​បញ្ហា​​ប្រេង ខណៈ​ដែល​ឱកាស​ល្អ​មក​ដល់ ប្រទេស​នេះ​បាន​ខ្ជះខ្ជាយ​​ពេលវេលា​ក្នុង​ការ​ធ្វើ​វិនិយោគ​លើ​ប្រេងកាត​​របស់​ខ្លួន​។ ដោយ​សារ​តែ​កង្វះ​ការ​យក​ចិត្ត​ទុកដាក់​​ទៅ​លើ​បច្ចេកទេស​​ស្តុក​ទុក​​​ប្រេង ជា​ហេតុ​នាំ​បរិមាណ​នៃការ​ផលិត​បាន​​ធ្លាក់​ចុះ​មិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេល​១៣​ឆ្នាំ​ចុង​ក្រោយ​នេះ។​

ជាង​នេះ​ទៅ​ទៀត​នោះ ក្រុម​ហ៊ុន​ផលិត​ប្រេង​រដ្ឋ​វ៉េណេស៊ុយអេឡា ហៅ​កាត់​ថា PDVSA មិន​បាន​បង់​ប្រាក់​ឱ្យ​ក្រុមហ៊ុន​ដែល​ជួយ​ចម្រាញ់​ប្រេង​របស់​ខ្លួន​​ឡើយ។ ហេតុនេះនៅ​និទាឃ​រដូវ ​ក្រុមហ៊ុន Schlumberger និង​ក្រុមហ៊ុន​ដទៃ​ទៀត​បាន​កាត់​បន្ថយ​កិច្ចសហការ​ជាមួយ PDVSA ដោយ​បាន​លើក​ឡើង​ពី​ហេតុ​ផល​ទាក់​ទង​នឹង​ការ​មិន​បង់​ប្រាក់​ទៅលើ​ការ​ចំណាយ​ផ្សេង​ៗ។ ក្រុមហ៊ុន PDVSA បាន​លើក​ឡើង​​ថា ​ខ្លួន​អាច​សង​បំណុល​បាន​បើសិនជាម្ចាស់ប័ណ្ណ​សេដ្ឋកិច្ច​មិន​ទទួល​យក​លក្ខខណ្ឌ​ទូទាត់ថ្មី។

៣៖ តម្លៃ​អាហារ​​ឡើង​ខ្ពស់ ខណៈ​មន្ទីរពេទ្យ​ក៏​រង​ការ​ខូចខាត​

កង្វះ​ស្បៀង​អាហារ​របស់​វ៉េណេស៊ុយអេឡា បាន​ក្លាយ​ជា​វិបត្តិ​ធ្ងន់ធ្ងរ​​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​​ចុង​ក្រោយ​នេះ​។ ជនជាតិវេណេហ្ស៊ូអេឡា ជា​ច្រើន​បាន​ជួប​ប្រទះ​ការ​ខ្វះ​ខាត​ផលិត​ផល​មួយ​ចំនួន​ដូច​ជា ទឹកដោះគោ ស៊ុត​ ម្សៅសាប៊ូ និង​សូម្បី​ក្រដាស​អនាម័យ។

ថ្វី​​បើ​​តម្លៃ​រូបិយប័ណ្ណ​ធ្លាក់​ចុះ និង​ប្រាក់​ចំណូល​ពី​ការ​នាំចេញ​ប្រេង​ក៏​ធ្លាក់​ចុះ ​​រដ្ឋាភិបាល​នៅ​តែ​បន្ត​រឹត​បន្តឹង​ការ​ត្រួត​ពិនិត្យ​តម្លៃ​លើ​ទំនិញ​ដែល​ត្រូវ​បាន​លក់​នៅ​ក្នុងផ្សារទំនើប។ បញ្ហា​នេះ​បង្ខំ​ឱ្យ​អ្នក​នាំ​ចូល​ម្ហូបអាហារ បញ្ឈប់​ការ​នាំ​ចូល​ស្ទើរ​តែ​ទាំង​អស់ ព្រោះ​មិន​ដូច្នោះ​ទេ ពួកគេ​ត្រូវ​ប្រឈមមុខ​នឹង​ការ​ខាត​បង់​ជា​ច្រើន​សន្ធឹកសន្ធាប់។ ការនាំចូលម្ហូបអាហារបានធ្លាក់​ចុះ​ប្រមាណ​ជា​​បី​-បួនឆ្នាំ​កន្លង​ទៅ​នេះ ទើប​រដ្ឋាភិបាល​បាន​បញ្ឈប់​ការ​ត្រួត​ពិនិត្យ​តម្លៃ ទើប​ធ្វើ​​ឱ្យ​មាន​អាហារ​ដាក់​លក់​នៅ​តាម​ទីផ្សារ​ឡើង​វិញ​។

ទោះជាយ៉ាងណាក៏ដោយតម្លៃ​ខ្ពស់​ខ្លាំង​ដែល​ធ្វើ​ឱ្យ​ជនជាតិ វេណេហ្ស៊ូអេឡា មួយ​ចំនួន​ធំ មិន​អាច​មាន​លទ្ធភាព​ទិញ​អាហារ​សម្រាប់​បរិភោគ​។
ដោយឡែក​និយាយ​ពី​ថ្នាំ​ពេទ្យ​វិញ​ ក៏​មាន​ការ​ផ្គត់ផ្គង់​តិច​ ដោយ​ជនជាតិវេណេហ្ស៊ូអេឡា កំពុង​​ត្រូវ​ការ​ថ្នាំពេទ្យ​ជា​ចាំ​បាច់​ដើម្បី​ព្យាបាល​ជំងឺ ប៉ុន្តែ​​ថ្នាំ​ជា​ច្រើន​មិន​មាន​ក្នុង​ប្រទេស​ដែល​ជួប​វិបត្តិ​សេដ្ឋកិច្ច​នេះ​ឡើយ។ មន្ទីរពេទ្យ​សាធារណៈ​​​ត្រូវ​បែកបាក់​ ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់ សូម្បី​តែ​ទារក​ ដោយ​សារ​តែ​ការ​ខ្វះខាតការថែ​ទាំ​សុខភាព​ជា​មូលដ្ឋាន។

៤៖ មាស និង​ក្រដាស​ប្រាក់​អស់​​មុន​ពេល​កំណត់​

វ៉េណេស៊ុយអេឡា ត្រូវ​អស់​​លុយ​យ៉ាង​ឆាប់​រហ័ស។ ប្រទេស​មួយ​នេះមិន​មាន​លុយ​គ្រប់គ្រាន់​ដើម្បី​បង់​វិក័យប័ត្រជា​យូរ​មក​ហើយ​។ ប្រទេស​​អាមេរិកឡាទីន​មួយ​នេះ បាន​ជំពាក់​​ប្រាក់​ចំនួន១៥​ពាន់​លាន​ដុល្លារ នៅ​ចន្លោះ​​ឆ្នាំ​២០១៦ និង​ចុង​ឆ្នាំ​២០១៧ ខណៈ​ដែល​ធនាគារ​កណ្តាល​របស់​ប្រទេស​មាន​ប្រាក់​បំរុង​តែ​១១,៨ពាន់​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ។ ជាង​នេះ​ទៅ​ទៀត​នោះ ប្រភព​សាច់​ប្រាក់​តែ​មួយ​គត់​របស់​វ៉េណេស៊ុយអេឡាគឺ​បាន​ពី​ក្រុមហ៊ុន PDVSA ដែល​កំពុង​បូម​ប្រេង​លក់​បាន​តិច ព្រមទាំង​ប្រឈម​នឹង​ហានិភ័យ។

ភាគច្រើន​នៃ​ទុន​បម្រុង​គឺ​នៅ​ក្នុង​​ទម្រង់​ជា​មាស​ ហេតុ​នេះ​ដើម្បី​សង​បំណុល វ៉េណេស៊ុយអេឡា ត្រូវ​ដឹក​ដុំ​មាស​ទៅ​ប្រទេស​ស្វ៊ីស។ សូម​ជម្រាប​ថា ប្រទេស​ចិន ធ្លាប់​បាន​ជួយ​បង់​ប្រាក់​ធានា​ឱ្យ​វេណេហ្ស៊ុយអេឡា និង​ផ្តល់​ប្រាក់​កម្ចី​​រាប់​ពាន់​លាន​ដុល្លារ។ ប៉ុន្តែ​ខណៈ​នេះ​សូម្បី​តែ​ប្រទេសចិន ក៏​បាន​បញ្ឈប់​ការ​ផ្តល់​ប្រាក់​ជំនួយ​ដល់​ប្រទេស​វេណេស៊ុយអេឡា ​ដែល​ជា​សម្ព័ន្ធ​មិត្ត​អាម៉េរិកឡាទីន​​​របស់​ខ្លួន​ទៀត​ឡើយ។

សូចនាករ​ទាំង​នេះ​បាន​បង្ហាញ​ថា គឺ​ប្រទេស វេណេស៊ុយអេឡា ស្ថិត​ក្នុង​ស្ថានភាព​​យ៉ាប់យឺន ហើយ​ទំនង​ជា​មិន​មាន​ភាព​ប្រសើរ​ឡើង​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ​ឡើយ៕