(ភ្នំពេញ)៖ លោក គង់ គាំ ប្រធានកិត្តិយសគណបក្ស «ឆន្ទៈខ្មែរ» ដែលជាគណបក្សប្រឆាំងមួយនៅកម្ពុជា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ បានសរសេរលិខិតមួយច្បាប់ទៅកាន់លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បង្ហាញមតិរបស់ខ្លួនជុំវិញដំណើរការព្យួរជាបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ (EBA)» របស់គណៈកម្មការអឺរ៉ុប។
ប្រធានកិត្តិយសបក្សប្រឆាំង ដែលមានអតីតភាពជាប្រធានគណបក្ស សម រង្ស៉ី និងជាទីប្រឹក្សាជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ បានអះអាងថា ការព្យួរ ឬ ដក EBA ជាការសម្រេច ដើម្បីបម្រើមហិច្ឆតាទណ្ឌិត សម រង្ស៉ី ហើយទម្លាក់ទុកលំបាកដល់អ្នកគ្មានកំហុសដ៏ទូលំទូលាយតែប៉ុណ្ណោះ។
ក្នុងលិខិតផ្ញើទៅឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោក គង់ គាំ បានអបអរសាទរចំពោះការខិតខំបម្រើកិច្ចការរបស់សហភាពអឺរ៉ុប (EU) និងផលប្រយោជន៍របស់ប្រទេសកម្ពុជា រួមទាំងក្រុមធុរជន ទាំងក្រុមអ្នកផលិត ទាំងក្រុមអ្នកប្រើប្រាក់ពាក់ព័ន្ធ EBA ដោយស្មោះស្ម័គ្ររបស់ឯកឧត្តមតំណាង EU ប្រចាំកម្ពុជា។
លោក គង់ គាំ បន្តថា ការអះអាងរបស់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបតំណាងចំពោះការសម្រេចព្យួរ ឬដក EBA ពីកម្ពុជាថា មិនមានលក្ខណៈនយោបាយ ហើយមិនមែនចាប់អនុវត្តភ្លាមបន្ទាន់នោះដែរ (ត្រូវឆ្លងនីតិវិធីយ៉ាងតិច ៦ខែ ឬរហូតដល់ដំណាច់ឆ្នាំ២០១៩ នោះ) គឺបានជួយឲ្យអ្នកពាក់ព័ន្ធជាអាទិ៍ អ្នកខិតខំរក្សាទុក EBA បានត្រៀមទុកជាមុននូវកិច្ចការចាំបាច់សម្រាប់បន្តរីកចម្រើន និងពិសេសបានជួយបញ្ចៀសការរំជើបរំជួលពីមជ្ឈដ្ឋាននានានៅកម្ពុជា។
លោក គង់ គាំ ក៏បានរៀបរាប់ពីភាពវិវឌ្ឍន៍ល្អប្រសើរលើបញ្ហាស្ថានភាពនយោបាយនៅកម្ពុជា តាមរយៈការសម្រេចនាំខ្លួនលោក កឹម សុខា ពីមន្ទីរឃុំឃាំងនៅត្រពាំងផ្លូវ មកដាក់នៅផ្ទះ ក៏ដូចជាការធ្វើវិសោធនកម្មច្បាប់បើកផ្លូវឲ្យអ្នកជាប់បំរាមនយោបាយបានធ្វើនយោបាយឡើងវិញជាដើម។
លោក គង់ គាំ បានលើកឡើងដូច្នេះ «ខ្ញុំមានជំនឿថា ឯកឧត្តមបានកត់សម្គាល់ចំពោះការប្តូរការឃុំឃាំងលោក កឹម សុខា ប្រធានពេញច្បាប់តែម្នាក់គត់របស់ CNRP ពីនៅក្នុងគុកត្រពាំងផ្លុងមកនៅគេហដ្ឋានផ្ទាល់របស់គាត់នៅរាជធានីភ្នំពេញវិញ និងវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយបើកច្រកអោយថ្នាក់ដឹកនាំCNRPជាប់បម្រាម១១៨រូប អាចទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញមុនកាលកំណត់របស់សាលដីកាតុលាការកំពូលទៀតផង»។
ក្នុងលិខិតនេះ លោក គង់ គង់ បានលើកឡើងថា ទាំងរូបលោក និងលោកឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប គឺសុទ្ធតែសង្ឃឹមពីការរីកចម្រើននៃស្ថានភាពប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជាបន្តវិវត្តន៍ជាវិជ្ជមានបន្ថែមទៀត។ ប៉ុន្តែលោក ក៏បានបង្ហាញការសោកស្តាយដែលទណ្ឌិត សម រង្ស៉ី និងក្រុមសម រង្ស៉ី និយមមួយក្តាប់បានយក លោក កឹម សុខា ព្រមទាំងអ្នកជាប់បម្រាមជាមធ្យោបាយមិនឲ្យលំហប្រជាធិបតេយ្យ ស្ថានភាពសិទ្ធិមនុស្សបានប្រសើរ និងឆាប់រហ័សតាមការចង់បានរបស់មជ្ឈដ្ឋានទាំងឡាយឡើយ។
ក្នុងនាមជាអតីតទីប្រឹក្សាជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិទើបរួចពីបម្រាមនយោបាយ លោក គង់ គាំ បានបញ្ជាក់ថា លោកពិតជាសោកស្តាយ ប្រសិនបើនៅទីបញ្ចប់នីតិវិធី EU សម្រេចអនុវត្តការព្យួរ ឬដក EBA ពីកម្ពុជា។ លោកថា បើមានការសម្រេចអនុវត្តបែបនោះមែន គឺមិនបានលើកតម្កើងគោលការណ៍របស់ EU សម្រាប់ការអភិវឌ្ឍកម្ពុជាឲ្យរីកចម្រើន រឹងមាំ ឆ្ពោះទៅជួយលើកស្ទួយលទ្ធិប្រជាធិបតេយ្យពិតប្រាកដ និងជំរុញការគោរពសិទ្ធិមនុស្សជាក់ស្តែងឡើយ។
បើទោះបីជាយ៉ាងណា លោក គង់ គាំ បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា លោកឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា នឹងបន្តភាពម៉ឺងម៉ាត់ និងស្មោះស្ម័គ្ររបស់ខ្លួនបញ្ជាក់ជូនសហភាពអឺរ៉ុបថា ការសម្រេចការអនុវត្តព្យួរ ឬដក EBA ពីកម្ពុជាពេលនេះ គឺជាការបម្រើមហិច្ឆតាទណ្ឌិត សម រង្ស៉ី ហើយទម្លាក់ទុកលំបាកដល់អ្នកគ្មានកំហុសដ៏ទូលំទូលាយតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា គណៈកម្មការអឺរ៉ុបបានប្រកាសដំណើរនីតិវិធីព្យួរជាបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ (EBA)» ចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។ កម្ពុជាមានរយៈពេល៦ខែក្នុងតវ៉ា និងចរចាជាមួយគណៈកម្មការអឺរ៉ុប ដើម្បីរក្សានូវ EBA នេះ។ ប្រសិនបើគណៈកម្មការអឺរ៉ុបមិនទទួលការបកស្រាយរបស់កម្ពុជា ហើយចុងក្រោយសភាពអឺរ៉ុបសម្រេចព្យួរ EBA ពីកម្ពុជាមែននោះ ការព្យួរ EBA នេះ នឹងចូលជាធរមានក្នុងរយៈពេល ១៨ខែ គិតចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះតទៅ។
ប្រសិនបើសហភាពអឺរ៉ុបសម្រេចព្យួរ EBA ម៉ែននោះ កម្ពុជានឹងត្រូវបាត់បង់ប្រាក់ចំណេញពីការអនុគ្រោះពន្ធនេះជិត ៧០០លានដុល្លារអាមេរិក សម្រាប់ទំហំទឹកប្រាក់ដែលកម្ពុជានាំចេញទៅអឺរ៉ុបក្នុងរង្វង់ជាង ៦ពាន់លានដុល្លារអាមេរិក៕