(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការសហការសម្របសម្រួលដោយលោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ដ្រី ​និងជារដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសម្រេចជោគជ័យក្នុងការអន្តរាគមន៍ជួយពលការិនីខ្មែរ-ឥស្លាមម្នាក់ ដែលរងគ្រោះនៅប្រទេសអារ៉ាប់ប៊ីសាអូឌិត អស់រយៈពេលជិត១៣ឆ្នាំ ដោយសារចាញ់បោកក្រុមហ៊ុននាំទៅធ្វើការនៅទីនោះ។

ស្រ្តីរងគ្រោះបានធ្វើដំណើរមកដល់មាតុភូមិកម្ពុជាវិញដោយសុវត្ថិភាពហើយ នៅយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ក្នុងនោះលោក អូស្មាន ហាស្សាន់ ក៏បានទៅទទួលផ្ទាល់ជាមួយសាច់ញាតិជនរងគ្រោះទៀតផង។

នារីរងគ្រោះមានឈ្មោះ ម៉ាត់ សាណាស អាយុ២៨ឆ្នាំ រស់នៅស្រុកកំពង់សិលា ខេត្តព្រះសីហនុ បានទៅបម្រើការងារជាស្រ្តីមេផ្ទះនៅប្រទេសអារ៉ាប៊ីសាអូឌិត តាំងពីអាយុ១៧ឆ្នាំមកម្ល៉េះ តាមរយៈក្រុមហ៊ុនមួយក្នុងប្រទេសកម្ពុជា តែនាងមិនស្គាល់ឈ្មោះក្រុមហ៊ុនបោកប្រាស់នោះទេ។

កញ្ញា សាណាស បានឲ្យដឹងថា ពេលទៅដល់ប្រទេសអារ៉ាប់ប៊ីសាអូឌិត ក្នុងការងារជាស្រ្តីមេផ្ទះ កញ្ញាត្រូវគេប្រើតាមតែអំពើចិត្តហួសកម្លាំងពលកម្ម គ្មានសេរីភាពទេ ម្ចាស់ផ្ទះក៏មិនបើកប្រាក់ខែឲ្យទៀត ឯក្រុមហ៊ុននាំទៅ និងក្រុមហ៊ុនទទួលនោះ ក៏មិនដែលទៅតាមដានមើល យកចិត្តទុកដាក់ ​និងដោះស្រាយបញ្ហាឲ្យកញ្ញាដែលជាជនរងគ្រោះនោះទៀត ធ្វើឲ្យកញ្ញាកាន់តែតាងតឹងចិត្តខ្លាំងឡើងៗ ខណៈដែលការទាក់ទងមកគ្រួសារគឺគ្មានឡើយ។

អស់រយៈពេលជិត១៣ឆ្នាំ កញ្ញា សាណាស មិនទទួលបានប្រាក់ឈ្នួលឡើយ លិខិតឆ្លងដែន និងឯកសារពាក់ព័ន្ធត្រូវម្ចាស់ផ្ទះដកហូត និងបំផ្លាញចោលអស់ ប៉ុន្តែកញ្ញាបានអំពាវនាវសុំកិច្ចអន្តរាគមន៍តាមរយៈ Facebook ក៏មានការផ្សព្វផ្សាយចែកចាយបន្ត រហូតដល់សាយភាយព័ត៌មាននេះដល់រាជរដ្ឋាភិបាលកម្ពុជា។ ក្រោយពេលទទួលបានដំណឹងនេះភ្លាម ប្រតិភូកម្ពុជា និងសេនាធិការរបស់រាជរដ្ឋាភិបាល បានចាត់វិធានការភ្លាមៗតាមដំណាក់កាលផងដែរ ទើបនៅយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ កញ្ញាបានឈានជើងដល់ទឹកដីកម្ពុជាម្ដងទៀត ជាមួយការឈរចាំទទួលពីសំណាក់ក្រុមគ្រួសារ និងលោក អូស្មាន ហាស្សាន់ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

លោក អូស្មាន ហាស្សាន់ បានឲ្យដឹងថា ក្នុងពេលអន្តរាគមន៍ជួយរំដោះកញ្ញា ម៉ាត់ សាណាស បានមកវិញ លិខិតឆ្លងដែនរបស់គាត់ត្រូវបានគេហែក ចោលបាត់ទៅហើយ ដូច្នេះដើម្បីឲ្យជនរងគ្រោះមានសិទ្ធិត្រលប់មកកម្ពុជាវិញ លោកបានទំនាក់ទំនងជាមួយឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសគុយវ៉ែត ដើម្បីចេញលិខិតបើកផ្លូវមួយច្បាប់ អនុញ្ញាតឲ្យជនរងគ្រោះត្រលប់មកវិញ។

លោកបានបន្តថា តុលាការនៅប្រទេសអារ៉ាប់បានចេញសាលក្រមមួយ បញ្ជាឲ្យនិយោជកដែលបានប្រើប្រាស់កម្លាំងពលកម្មជនរងគ្រោះ ត្រូវសងប្រាក់ឈ្នួលមកជនរងគ្រោះវិញ ដោយទទួលបានមកវិញប្រមាណ ៥១,៣០០សយ (រូបីយប័ណ្ណអារ៉ាប់ប៊ីសាអូឌិត) ស្នើនឹងជាង ១៣,៦០០ដុល្លារអាមេរិក ជាប់នឹងខ្លួនក្នុងពេលត្រលប់មកកម្ពុជាវិញ ចំណែកថ្លៃសំបុត្រយន្តហោះ ក៏រដ្ឋាភិបាលអារ៉ាប់សាអូឌិតជាអ្នកចេញថ្លៃជំនួសដែរ។

លោក អូស្មាន ហាស្សាន់ បានអំពាវនាវដល់ប្រជាពលរដ្ឋថា ប្រសិនបើចង់ទៅធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់ មានសុវត្ថិភាព មានការទទួលខុសត្រូវនោះ សូមទាក់ទងជាមួយក្រុមហ៊ុនដែលស្របច្បាប់ មានលិខិតបញ្ជាក់ និងទទួលស្គាល់ដោយក្រសួងការងារជាដាច់ខាត ដើម្បីជៀសវាងករណីរំលោភបំពានណាមួយកើតឡើង៕