(ភ្នំពេញ)៖ អស់រយៈពេល៤ឆ្នាំមកហើយ ដែលក្រុមហ៊ុន អេស ស៊ី ជី ដែលជាក្រុមហ៊ុនឈានមុខគេមួយ ក្នុងតំបន់អាស៊ាន បានអនុវត្តកម្មវិធី អាហារូបករណ៍ SCG Sharing the Dream (អេស ស៊ី ជី ចែករំលែកក្តីសុបិន្ត) នៅក្នុងប្រទេសកម្ពុជា ដែលកម្មវិធីនេះ ផ្តល់ឲ្យសម្រាប់សិស្សវិទ្យាល័យកំពុងសិក្សាថ្នាក់ទី១០ ទី១១ និងទី១២ ដោយផ្តោតលើការវាយតម្លៃ សមត្ថភាពការសិក្សា របស់សិស្ស ភាពកត្តញូរបស់ពួកគេ ចំពោះឪពុកម្តាយ និងឆន្ទៈផ្ទាល់ខ្លួនរបស់សិស្ស ដែលកម្មវិធីនេះ បានចូលរួមចំណែក លើកកម្ពស់ឱកាសបន្តការសិក្សារបស់សិស្ស ចំនួន៧០០នាក់ រួចមកហើយ គិតមកដល់ពេលនេះ ។

នៅថ្ងៃទី២៨សីហា កម្មវិធីអាហារូបករណ៍ SCG Sharing the Dream ប្រចាំឆ្នាំ២០១៧នេះ បានបញ្ចប់ទៅដោយជោគជ័យ ហើយពិធីប្រគល់រង្វាន់ដល់សិស្សានុសិស្ស ត្រូវបានប្រារព្ធឡើង នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ក្នុងរាជធានីភ្នំពេញ ។ ព្រឹត្តិការណ៍នេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា, លោក Nuttavudh Photisaro ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃ ប្រចាំនៅកម្ពុជា, លោក Arsa Sarasin នាយកក្រុមហ៊ុន អេស ស៊ី ជី និងមានវត្តមានចូលរួម ពីសំណាក់ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន អេស ស៊ី ជី តំណាងមកពីគ្រឹះស្ថានអប់រំនិងក្រសួង ក៏ដូចជាសិស្សានុសិស្សជ័យលាភីទាំង២៥០នាក់ ។

លោក Arsa Sarasin «នៅក្រុមហ៊ុន អេស ស៊ី ជី ការប្តេជ្ញាចិត្តសំខាន់មួយរបស់យើង គឺព្យាយាមក្លាយខ្លួនជាក្រុមហ៊ុនល្អ និងលើកស្ទួយការរស់នៅ របស់ប្រជាជន ក្នុងសហគមន៍ទាំងឡាយ ដែលយើងធ្វើប្រតិបត្តិការ ។ យើងមានជំនឿរថា វិស័យអប់រំដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើន និងការអភិវឌ្ឍ ប្រកបដោយចីរភាព ក៏ដូចជាការអភិវឌ្ឍធនធានមនុស្ស ។ ដូច្នេះ កម្មវិធីអាហារូបករណ៍ SCG Sharing the Dream ត្រូវបានបង្កើតឡើង ដើម្បីគាំទ្រយុវជនទាំងឡាយ នៅក្នុងបណ្តាប្រទេសអាស៊ាន រួមមាន កម្ពុជា មីយ៉ាន់ម៉ា វៀតណាម ឥណ្ឌូនេស៊ី ឡាវ ភីលីពីន និងថៃ ដើម្បីផ្តល់ឱកាសឲ្យពួកគាត់ទទួលបានការអប់រំខ្ពស់ ដោយក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ យើងបានសាកសួរអតីតសិស្ស ជយលាភី ក្នុងកម្មវិធី SCG Sharing the Dream នៅកម្ពុជា ហើយយើងមានក្តីរីករាយដោយស្វែងរកឃើញថា ពួកគាត់អាចបន្តការសិក្សារៀនសូត្រនិងចាប់យកអាជីពក្នុងក្តីសុបិន្តរបស់ពួកគាត់ ដូចជា វេជ្ជបណ្ឌិត វិស្វករ គណនេយ្យករ ជាដើម» ។

លោកបានបន្ថែមទៀតថា «នៅក្នុងឆ្នាំទី៤ នៃការអនុវត្តកម្មវិធី SCG Sharing the Dream នៅកម្ពុជា យើងបានបង្កើនចំនួនអាហារូបករណ៍បន្ថែមចំនួន៥០ រង្វាន់ថែមទៀត ហើយក៏បានពង្រីកវិសាលភាពកម្មវិធីនេះ ទៅដល់ខេត្តថ្មីមួយទៀត ដោយសារមានការចាប់អារម្មណ៍កាន់តែច្រើន ចំពោះកម្មវិធីនេះ ក្នុងចំណោមសិស្សានុសិស្ស ហើយការដាក់ពាក្យចូលរួម ក៏មានការកើនឡើងជាលំដាប់ ពីមួយឆ្នាំទៅមួយឆ្នាំ ។ ដូច្នេះ នៅឆ្នាំនេះយើងផ្តល់រង្វាន់ដល់សិស្សជ័យលាភីសរុប២៥០នាក់ ដែលមកពីខេត្ត-រាជធានីចំនួនបីគឺ រាជធានីភ្នំពេញ ខេត្តកំពត និងខេត្តកណ្តាល ។ យើងមានជំនឿ ក្នុងក្តីសុបិន្តរបស់យុវវ័យគ្រប់រូប ហើយយើងចង់ជួយបង្កើនឱកាសធ្វើឱ្យសុបិន្តរបស់ពួកគេក្លាយជាការពិត»

លោកបណ្ឌិត ហង់ ជួនណារ៉ុន ដែលតែងបានសម្តែងក្តីគាំទ្រយ៉ាងខ្លាំងក្លា ចំពោះការអនុវត្តកម្មវិធីនេះ នៅក្នុងប្រទេសកម្ពុជា បានថ្លែងសាទរចំពោះក្រុមហ៊ុន អេស ស៊ី ជី ដែលបានបន្តលើកកម្ពស់ការអប់រំសម្រាប់សិស្សានុសិស្សកម្ពុជា ជាពិសេសតាមរយៈកម្មវិធីអាហារូបករណ៍ SCG Sharing the Dream នេះ ដែលកន្លងមកបានចូលរួមចំណែក លើកស្ទួយដោយផ្ទាល់ នូវជីវភាពសិស្សវិទ្យាល័យខ្សត់ខ្សោយ រាប់រយនាក់ និងជះឥទ្ធិពលជាវិជ្ជមាន ដោយប្រយោលដល់មនុស្សជាច្រើនពាន់នាក់ទៀត ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ។

លោក Nuttavudh Photisaro ក៏បានសម្តែងក្តីកោតសរសើរចំពោះកម្មវិធីនេះផងដែរ និងបានគូសបញ្ជាក់ពីសារៈសំខាន់ នៃការអប់រំនៅកម្រិតវិទ្យាល័យ ព្រោះវាគឺជាជំហានសំខាន់មួយ សម្រាប់សិស្សជាច្រើននៅកម្ពុជា ដែលអាចជំរុញឲ្យសិស្សបន្ត និងបញ្ចប់ការសិក្សា នៅថ្នាក់មហាវិទ្យាល័យ ។ លោកក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន អេស ស៊ី ជី ដែលបន្តលើកស្ទួយសិស្ស និងវិស័យអប់រំនៅកម្ពុជា ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការ និងការទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ ។

យុវជន ឈូក សម្បត្តិ ជាសិស្សថ្នាក់ទី១២ នៅវិទ្យាល័យ ជា ស៊ីម អង្គរជ័យ ខេត្តកំពត បាននិយាយថា «ជីវភាពគ្រួសារខ្ញុំ មានភាពលំបាកច្រើនណាស់, ដោយគ្រួសារខ្ញុំមានការខ្វះខាតផង នៅខេត្តផង ហើយម្តាយក៏មានជំងឺទៀត ។ ខ្ញុំដឹងគុណចំពោះម្ដាយខ្ញុំណាស់ ព្រោះលោកខិតខំរកប្រាក់ឲ្យខ្ញុំបានទៅសាលានឹងគេ ដូច្នេះខ្ញុំតែងខិតខំប្រឹងប្រែងរៀនសូត្រ និងជួយធ្វើការងារផ្សេងៗ ។ ដោយសារតែការខិតខំរបស់ខ្ញុំ ខ្ញុំបានដាក់ពាក្យ និងបានជាប់អាហារូបករណ៍ SCG Sharing the Dream នេះ រង្វាន់នេះពិតជាមានតម្លៃណាស់ចំពោះខ្ញុំ និងគ្រួសារខ្ញុំ ហើយខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន អេស ស៊ី ជី ដែលបានរៀបចំកម្មវិធីនេះឡើងនៅកម្ពុជា »។