(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាសមាជិកនៃរដ្ឋសភាដែរនោះ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ស្អែកនេះ នឹងអញ្ជើញចូលរួមប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥។ កិច្ចប្រជុំរដ្ឋសភានៅថ្ងៃស្អែកនេះ នឹងបន្តពិភាក្សាទៅលើរបៀបវារៈសំខាន់ៗចំនួនពីររួមមាន៖

១៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ សេចក្តីព្រៀង ស្តីពីការទទួលស្គាល់សុពលភាព នៃប្រកាសនីយបត្រតក្កកម្មអឺរ៉ុប រវាងរាជរដ្ឋាភិបាល នៃកម្ពុជា និងស្ថាប័នប្រកាសនីយបត្រតក្កកម្មអឺរ៉ុប។

២៖ ការពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា៣៧ មាត្រា៣៨ មាត្រា១០៩ និងមាត្រា១៣៦ នៃច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្មវិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រម ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០០៣៕

សូមបញ្ជាក់ថា នៅថ្ងៃស្អែកនេះ គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ក៏នឹងបន្តពិភាក្សាលើវិសោធនកម្មច្បាប់ស្តីពីបោះឆ្នោតចំនួន៤ ដែលស្នើដោយក្រុមតំណាងរាស្រ្ត ៤៣រូប មកពីគណបក្សកាន់អំណាច។

ច្បាប់ទាំងបួន ដែលស្នើធ្វើវិសោធនកម្ម ហើយគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានឹងបន្តពិនិត្យនៅថ្ងៃស្អែកនេះរួមមាន៖

១៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
២៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា
៣៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់
៤៖​ វិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

ក្នុងវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ក៏បានកែប្រែនូវ មាត្រា១៣៨-ស្ទួន ដោយកំណត់យ៉ាងច្បាស់ថា៖ «ក្នុងនីតិកាលនៃរដ្ឋសភា ប្រសិនបើមានគណបក្សនយោបាយណាមួយប្រកាសបោះបង់ចោលអសនៈ ឬត្រូវលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយ ឬត្រូវរំលាយ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ បញ្ជីបេក្ខជន និងតំណាងរាស្រ្តទាំងអស់ នៃគណបក្សនយោបាយនោះ លែងមានសុពលភាព និងលែងមានគុណសម្បត្តិតទៅទៀតហើយ។

ក្នុងករណីខាងលើនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវធ្វើការបែងចែកអាសនៈដែលនៅទំនេរនោះ ក្នុងរយៈពេលយ៉ាងយូរ៧ថ្ងៃ ទៅឱ្យគណបក្សនានា ដែលបានចូលរួមក្នុងការបោះឆ្នោត ក្នុងរាជធានី-ខេត្ត, ដោយមិនគិតបញ្ចូលគណបក្សនយោបាយដែលបោះបង់ចោលអាសនៈ ឬដែលត្រូវលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយ ឬដែលត្រូវរំលាយ ស្របតាមច្បាប់ស្តីពី គណបក្សនយោបាយ និងគណបក្សនយោបាយ មានអាសនៈក្នុងរដ្ឋសភា ដែលដឹកនាំដោយរាជរដ្ឋាភិបាល...»៕