(ញូវដែល្លី, ឥណ្ឌា)៖ មិនខុសពីការបំពេញទស្សនកិច្ចនៅបណ្តាប្រទេសផ្សេងៗទៀតនោះឡើយ នៅលើទឹកដីញូវដែល្លី ប្រទេសឥណ្ឌា ដែលជាមហាអំណាចសេដ្ឋកិច្ចទី៥លើពិភពលោក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបើកវេទិកាជួបធុរកិច្ចជន និងអ្នកជំនួញធំរបស់ឥណ្ឌាជាច្រើនរូប។ ក្នុងវេទិកានោះ សម្តេចតេជោ ហ៊ុន សែន បន្តទទូច និងស្នើឲ្យអ្នកវិនិយោគរបស់ឥណ្ឌា ទៅវិនិយោគនៅកម្ពុជាលើវិស័យសំខាន់ៗមួយចំនួន ដែលកំពុងមានសក្តានុពល។
ក្នុង «វេទិកាធុរកិច្ចឥណ្ឌា-កម្ពុជា» ដែលធ្វើឡើងនៅល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ ត្រូវបានរៀបចំដោយរដ្ឋាភិបាលឥណ្ឌា, សម្ព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា, សហព័ន្ធសភាពាណិជ្ជកម្មនិងឧស្សាហកម្មឥណ្ឌា, និងសហព័ន្ធឧស្សាហកម្មឥណ្ឌា។ ក្នុងវេទិកានេះ មានការចូលរួមពីមន្រ្តីសម្ព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា, សហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា និងសហព័ន្ធឧស្សាហកម្មឥណ្ឌា, សភាពាណិជ្ជកម្មកម្ពុជា, ក្រសួងពាណិជ្ជកម្មកម្ពុជា, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងបណ្តាក្រុមហ៊ុន និងវិនិយោគគិនឥណ្ឌាជាច្រើនរូបទៀងផង។
នៅចំពោះមុខអ្នកវិនិយោគល្បីៗរបស់ឥណ្ឌា សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ស្ថាប័ន និងដៃគូពាណិជ្ជកម្មទាំងអស់ ដែលបានរៀបចំឲ្យមានវេទិកាធុរកិច្ចនេះឡើង ដើម្បីផ្តល់ឱកាសឲ្យពាណិជ្ជករ និងអ្នកវិនិយោគទុនឥណ្ឌា មានឱកាសបានស្វែងយល់ពីសក្តារនុពលទាំងឡាយនៅកម្ពុជា។
សម្តេចតេជោ បានគូសបញ្ជាថា ពេលវេលាបច្ចុប្បន្ននេះ គឺជាឱកាសដ៏ល្អបំផុតសម្រាប់ពាណិជ្ជករ និងអ្នកវិនិយោគគិនឥណ្ឌាមកបណ្តាក់ទុននៅកម្ពុជា ហើយកន្លងមកគឺមានគម្រោងឯកជនប្រមាណ៥ ដែលវិនិយោគនៅកម្ពុជាលើទឹកប្រាក់ប្រមាណ ១០៥ លានដុល្លារ។ សម្តេចតេជោ ហ៊ុន សែន បន្តថា សម្តេចចង់ឃើញ ក្រុមហ៊ុនឥណ្ឌាជាច្រើនទៀតមកកម្ពុជា ហើយសម្តេច ក៏ចង់ឲ្យមានជើងហោះហើរ ត្រង់ពីឥណ្ឌាទៅកម្ពុជា ដើម្បីជួយសម្រួលអ្នកទេសចរ និងពាណិជ្ជករកាន់តែងាយស្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូនទំនិញទៀតផង។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញពីសក្តានុពលមួយចំនួនដែលអាចឲ្យអ្នកវិនិយោគឥណ្ឌាទៅកម្ពុជាបាន ដូចជាវិស័យទេសចរណ៍, ព័ត៌មានវិទ្យា IT, Computer, software, កសិកម្ម និងវិស័យផ្សេងៗទៀត។
សម្តេចតេជោ បានបញ្ជាក់ផងដែរអំពីស្ថេរភាពនយោបាយកម្ពុជាល្អ ជាមួយកំណើនសេដ្ឋកិច្ចល្អ មានការបើកចំហរឲ្យប្រើប្រាស់រូបិយប័ណ្ណបរទេស ដោយមិនចាំបាច់ប្តូរមកប្រាក់រៀល ពាណិជ្ជករបរទេសអាចមនសិទ្ធិវិនិយោគ១០០% ដោយមិនចាំបាច់មានពាណិជ្ជករក្នុងស្រុកឈរភាគហ៊ុនជាមួយ ហើយច្បាប់វិនិយោគកម្ពុជាក៏បានលើកទឹកចិត្ត និងផ្តល់នូវអត្ថប្រយោជន៍ជាច្រើន។ ទន្ទឹមនឹងនេះ កម្ពុជាក៏សម្បូរធនធានមនុស្សដែលជាកម្លាំងពលករប្រមាណ ៧០% ដែលអាចនឹងជួយឲ្យកិច្ចការវិនិយោគនៅកម្ពុជាទទួលបានជោគជ័យជាមិនខាន។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យអ្នកវិនិយោគគិនឥណ្ឌាអញ្ជើញទៅទស្សនាកម្ពុជា ហើយសិក្សាអំពីសក្តារនុពលទាំងឡាយ ដែលអាចធ្វើពាណិជ្ជកម្ម និងវិនិយោគបាននៅក្នុងប្រទេសកម្ពុជាស្របពេលដែលនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ កំពុងពង្រឹងនិងពង្រីកទំហំពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការដែលធានាចំពោះផលប្រយោជន៍នៃការបណ្តាក់ទុនវិនិយោគដែលនាំមកនូវផលប្រយោជន៍ជាច្រើនសម្រាប់ប្រទេសទាំងពីរ។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ថា រាល់ដំណើរបំពេញទស្សនកិច្ចរបស់សម្តេចទៅកាន់បរទេស គឺមានការ «សុំ៣» គឺសុំបរទេសផ្តល់ជំនួយមកម្ពុជា សុំវិនិយោគនៅកម្ពុជា និងសុំឲ្យទិញទំនិញរបស់កម្ពុជា។ សម្តេចតេជោ បានប្រកាសថា សម្តេចមិនខ្មាសអៀនក្នុងការនិយាយសុំទាំង៣នេះឡើយ គឺដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជាតិ ក៏ដូចជាជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋខ្មែរ។ ផ្ទុយពីអ្នកនយោបាយប្រឆាំងប្រយោជន៍ជាតិ និងប្រជាពលរដ្ឋកម្ពុជា ដែលតែងតែអំពាវនាវបរទេសកុំផ្តល់ជំនួយ កុំមកវិនិយោគនៅកម្ពុជា និងកុំទិញទំនិញរបស់កម្ពុជាជាដើម៕