(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ ជាថ្ងៃទី៩នៃដំណើរការ ធ្វើជំរឿនទូទៅប្រជាជនកម្ពុជា ដែលមានរយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់១៣ ខែមីនា ឆ្នាំ២០១៩។
ការធ្វើជំរឿនេះ ធ្វើឡើងដើម្បីងាយស្រួលស្រង់ស្ថិត និងកំណត់ចំនួនប្រជាជនកម្ពុជា ឱ្យកាន់តែច្បាស់លាស់បន្ថែមទៀត។
ដើម្បីឲ្យការធ្វើជំរឿន ទទួលបានលទ្ធផលប្រកបដោយជោគជ័យ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញសារអំពាវនាវដល់ជនរួមជាតិគាំទ្រ និងចូលរួមការធ្វើជំរឿនទូទៅប្រជាជនកម្ពុជា ដែលចាប់ផ្ដើមនៅថ្ងៃទី០៣ រហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ដោយត្រូវចូលរួមផ្ដល់ព័ត៌មានតាមសំណួរ សម្ភាសន៍ឲ្យបានគ្រប់គ្រាន់ ត្រឹមត្រូវ និងស្មោះត្រង់ ជូនមន្ដ្រីធ្វើជំរឿនប្រជាជន។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការធ្វើជំរឿននេះ វាមានសារសំខាន់ខ្លាំងណាស់ និងជាប្រភពតែមួយគត់ ដែលអាចផ្តល់ទិន្នន័យពេញលេញ និងច្បាស់លាស់ព្រមទាំងបានកំណត់ចរិកលក្ខណៈ ស្ថានភាពរស់នៅពិតប្រាកដ របស់ប្រជាជននៅទូទាំងប្រទេស។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការធ្វើជំរឿនប្រជាជនកម្ពុជានេះ នឹងអាចឲ្យយើងបានទិន្នន័យប្រជាសាស្ត្រពិតប្រាកដរបស់ប្រទេស និងជួយឲ្យរដ្ឋាភិបាលអាចរៀបចំតាក់តែង គោលនយោបាយបានត្រឹមត្រូវ ព្រមទាំងការអនុវត្តកម្មវិធីផ្សេងៗ ឲ្យទទួលបានតុល្យភាព នៃការអភិវឌ្ឍសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស។
ជំរឿនប្រជាជន គឺជាប្រភពតែមួយគត់ ដែលអាចផ្តល់ទិន្នន័យពេញលេញអំពីចំនួនប្រជាជន និងចរិតលក្ខណៈប្រជាជន នៅក្នុងប្រទេស។ ជំរឿនប្រជាជន គឺអនុវត្តលើវិសាលភាពពេញផ្ទៃប្រទេស ដែលអាចផ្តល់ព័ត៌មានអំពីប្រជាជន ក្នុងមូលដ្ឋានរហូតដល់មូលដ្ឋានថ្នាក់ទាបបំផុត ដែលជាតម្រូវការមិនអាចមានប្រភពទិន្នន័យណាមកជំនួសបាន។
ទិន្នន័យជំរឿននឹងផ្តល់ជាសូចនាករ តាមដាន ត្រួតពិនិត្យ ការសម្រេចបានការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃរបៀបវារៈ ឆ្នាំ២០១៦-២០៣០ ដោយមិនទុកចោលអ្នកណាម្នាក់ឡើយ៕