(ភ្នំពេញ)៖ មន្ទីរសម្រាកព្យាបាល អ៉ិនដ្រា នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ បានប្រកាសបើកឲ្យដំណើរការជាផ្លូវការហើយ ក្រោមកិច្ចសហការរវាងគ្លីនិក យីគក់ នៅខេត្តបាត់ដំបង, គ្លីនិក សេតេ នៅខេត្តព្រះសីហនុ និងវេជ្ជបណ្ឌិតជំនាញឯកទេសប្រធានមន្ទីរសម្រាកព្យាបាល អ៉ិនដ្រា ព្រមទាំងក្រុមវេជ្ជបណ្ឌិតឯកទេសនៅភ្នំពេញ ដើម្បីលើកកម្ពស់វិស័យសុខាភិបាល ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

លោកវេជ្ជបណ្ឌិត ចាន់ ប៊ុនថា ប្រធានមន្ទីរសម្រាកព្យាបាល អ៉ិនដ្រា បានលើកឡើងថា ដោយសារមើលឃើញនូវកត្តាវិវត្តដ៏លេចធ្លោក្នុងវិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលធានាឲ្យមានសន្តិភាព និងស្ថិរភាពនៅទូទាំងប្រទេសនោះ បានធ្វើឲ្យវិស័យសុខាភិបាល មានការរីកចម្រើនជាលំដាប់។

តាមរយៈការអភិវឌ្ឍ និងរីកចម្រើនរបស់ប្រទេសជាតិនេះហើយ បានធ្វើឲ្យវិស័យឯកជនមានឱកាសរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍ និងធ្វើឲ្យរីកចម្រើនថែមទៀត ក្នុងនោះផងដែរក៏មានក្រុមវេជ្ជបណ្ឌិតប្រធានគ្លីនិកទាំង៣រូប ព្រមទាំងវេជ្ជបណ្ឌិតឯកទេសជាច្រើនទៀត សម្រេចបង្កើតមន្ទីរសម្រាកព្យាបាល អ៉ិនដ្រា នេះឡើងដើម្បីជួយសម្រួលដល់ការពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋ។

លោកវេជ្ជបណ្ឌិត ចាន់ ប៊ុនថា បានបន្តថា មន្ទីរសម្រាកព្យាល អ៉ិនដ្រា មានឧបករណ៍វេជ្ជសាស្ត្រទំនើបទាន់សម័យដូចជា ម៉ាស៉ីនវះកាត់ទំនើបចុងក្រោយដោយការចោះ, ម៉ាស៉ីនស៉ីធីស្កែន, ម៉ាស៉ីនបាញ់គ្រួសក្នុងតម្រងនោម, ម៉ាស៉ីនអ៊ុលត្រាសោន និងម៉ាស៉ីនអ៉ិចសារ៉េ ដែលកាន់តែមានភាពងាយស្រួលក្នុងការធ្វើរោគវិនិច្ឆ័យ។ ជាមួយគ្នានេះ មន្ទីរសម្រាកព្យាបាល អ៉ិនដ្រា ក៏មានការពិនិត្យ និងវះកាត់ជំងឺក្រពេញប្រូស្តាតដោយម៉ាស៉ីន អង់ដូស្កុប, វះកាត់ទូទៅ, វះកាត់ខួរក្បាល, វះកាត់ឆ្អឹងខ្នង, បំបែកគ្រួសក្នុងតម្រងនោមដោយកាំរស្មីឡាស៊ែ, សេវាសង្រ្គោះបន្ទាន់ ២៤ម៉ោង, ព្យាបាលជំងឺទៅទៅជូនកូនក្មេង និងរោគស្រ្តីផងដែរ។

បន្ថែមលើនេះ លោកវេជ្ជបណ្ឌិត យី គក់ ប្រធានគ្លីនិកយីគក់ ខេត្តបាត់ដំបង បានថ្លែងថា គោលបំណងសហការគ្នាពីគ្លីនិចរបស់លោក ដើម្បីចូលរួមក្នុងការបើកមន្ទីរសម្រាកព្យាបាល អ៉ិនដ្រា ដោយសារលោកបានមើលឃើញពីកត្តាធនធានមនុស្ស ដែលមានស្រាប់រវាងគ្លីនិកទាំង២ និងមានឧបករណ៍បរិក្ខារទំនើបស្រាប់ រួមជាមួយវេជ្ជបណ្ឌិតជំនាញៗជាច្រើន ដែលឆ្លើយតបទៅនឹងការវិវត្តរីកចម្រើនផ្នែកបច្ចេកវិទ្យា នាពេលបច្ចុប្បន្ននេះ។

លោកវេជ្ជបណ្ឌិត យី គក់ បានបន្តថា គ្លីនិកនេះ ក៏នឹងខិតខំពង្រឹងគុណភាព ការផ្តល់នូវសេវាកម្ម ក៏ដូចជាជំនាញផ្នែកវេជ្ជសាស្ត្រនេះ ឲ្យកាន់តែរឹងមាំបន្ថែមទៀត ក្នុងការផ្តល់ទំនុកចិត្តជូនប្រជាពលរដ្ឋ ព្រមទាំងកាត់បន្ថយការចំណាយ និងសន្សំពេលវេលា ដោយមិនចាំបាច់ចេញទៅព្យាបាលជំងឺនៅក្រៅប្រទេសឡើយ។

លោកវេជ្ជបណ្ឌិត លិ គឹមហួរ ប្រធានគ្លីនិក សេតេ ខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា កត្តាសុខសន្តិភាព និងស្ថិរភាព បានធ្វើឲ្យប្រទេសកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រារង្វង់៧,៥% ក្នុងនោះជីវភាពប្រជាជនកាន់តែមានភាពធូរធា និងមានកម្រិតរស់នៅកាន់តែខ្ពស់ផងដែរ ដែលធ្វើឲ្យតម្រូវការសុខាភិបាលសាធារណៈ ក៏កាន់តែមានការកើនឡើងខ្ពស់ ក្នុងការចូលរួមលើកកម្ពស់សុខុមាលភាពជូនប្រជាពលរដ្ឋ។

បើតាមលោកវេជ្ជបណ្ឌិត លិ គឹមហួរ ការចូលរួមវិនិយោគវិស័យឯកជន កំពុងតែមានការកើនឡើង ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាពិសេសវិស័យសុខាភិបាល បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការប្រកួតប្រជែង ដើម្បីឲ្យមានភាពស្មើមុខ ស្មើមាត់ជាមួយបណ្តាប្រទេសក្នុងតំបន់ផងដែរ៕

Advertising