(ភ្នំពេញ)៖ សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា ស្ថានទូតបារាំងប្រចាំកម្ពុជា និងវិទ្យាស្ថានបារាំងនៅកម្ពុជា នឹងរួមគ្នារៀបចំ «កម្មវិធីបារាំងពីរសប្តាហ៍នៅភ្នំពេញ» ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ ដើម្បីលើកតម្កើងវប្បធម៌បារាំង និងកម្ពុជា ក៏ដូចជាពង្រឹងភាពជាដៃគូ និងការផ្លាស់ប្តូររវាងប្រទេសទាំងពីរ តាមរយៈការបង្ហាញជូនសាធារណជននូវព្រឹត្តិការណ៍ជាច្រើនពាក់ព័ន្ធ វិស័យវប្បធម៌ និងសេដ្ឋកិច្ច។

បើតាមសេចក្ដីជូនដំណឹង របស់ស្ថានទូតបារាំងប្រចាំកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា កម្មវិធី «បារាំងពីរសប្តាហ៍នៅភ្នំពេញ» នេះអ្នកចូលរួមទាំងអស់ អាចធ្វើការស្វែងយល់ពីភាពច្នៃប្រឌិត ភាពរស់រវើក ជំនាញ និងទេពកោសល្យរបស់បារាំង។

កម្មវិធីបារាំងពីរសប្តាហ៍នៅភ្នំពេញ នឹងចាប់ផ្តើមជាមួយរាត្រីសមោសរមួយ រៀបចំឡើងដោយគណៈកម្មាធិការ «Good France Cambodia» របស់សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា ដើម្បីប្រមូលថវិកាទៅជួយ ដល់ការបណ្តុះបណ្តាលយុវជន ផ្នែកបដិសណ្ឋារកិច្ច និងទេសចរណ៍។

សប្តាហ៍ទី១ នៃកម្មវិធីនេះ នឹងប្រព្រឹត្តទៅស្របគ្នា ជាមួយទិវាហ្វ្រង់កូហ្វូនី កម្មវិធីប្លែកៗជាច្រើន នឹងត្រូវរៀបចំ ដើម្បីលើកតម្លៃការប្រើប្រាស់ភាសាបារាំងនៅកម្ពុជា ក្នុងនោះ មានការបោះជំរុំតែងកំណាព្យ នៅតាមស្ថាប័នដៃគូជាង១៥ រួមមាន​៖

* សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច, * វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, * សាលាបារាំងដេកាត និងអង្គការក្រៅរដ្ឋាភិបាលនានា ដូចជាអង្គការដើម្បីភាពញញឹមនៃកុមារ -ល- និងការសរសេរតាមអាន ជាភាសាបារាំងដ៏ធំមួយ នៅវិទ្យាស្ថានបារាំង។

សប្តាហ៍ទី២ នឹងចាប់ផ្តើម ដោយការបង្ហាញពីរបៀបចម្អិនម្ហូបបែបទំនើប នៅវិទ្យាស្ថានម្ហូបអាហារកម្ពុជា។ ក្រៅពីនេះ នឹងមានកិច្ចពិភាក្សាមួយ លើប្រធានបទ នៃការអភិវឌ្ឍក្រុងប្រកបដោយចីរភាព ដើម្បីជាឱកាស សម្រាប់អ្នកជំនាញពិភាក្សាគ្នា អំពីនគរូបនីយកម្មនៅកម្ពុជា។

នៅវិទ្យាស្ថានបារាំង សាធារណជន អាចចូលរួមឆ្លើយសំណួរ ដើម្បីវាស់ស្ទង់ចំណេះដឹងភាសាបារាំងរបស់ខ្លួន ឬទស្សនាពិព័រណ៍ស្នាដៃរបស់សិល្បករ ឯម រៀម ដែលធ្លាប់ទទួលការបណ្តុះបណ្តាលនៅបារាំង និងទស្សនាភាពយន្តគំនូរជីវចលស្តីពីកម្ពុជា រឿង ហ៊្វូណន ផលិតដោយជនជាតិបារាំងកាត់ខ្មែរមួយរូប។

កម្មវិធីបារាំងពីរសប្តាហ៍នៅភ្នំពេញ នឹងបិទបញ្ចប់ នៅថ្ងៃសៅរ៍ទី៣០ ខែមីនា តាមរយ:ការរៀបចំ «ផ្សារបារាំង» មួយនៅក្នុងបរិវេណស្ថានទូតបារាំងនៅភ្នំពេញ ដោយមានការដាក់តាំងបង្ហាញស្តង់ចំនួនជាង៥០។

ចាប់ពីម៉ោង១០ព្រឹក ដល់ម៉ោង៦ល្ងាច ស្ថានទូតនឹងបើកទ្វារ ទទួលសាធារណជន ដែលចង់ចូលរួមទស្សនាពិព័រណ៍ផលិតផល សាកល្បងម្ហូបអាហារបារាំង និងទទួលភាពរីករាយ ក្នុងកម្មវិធីកម្សាន្តជាច្រើន (ដូចជាសកម្មភាពកីឡា ការរៀនធ្វើម្ហូបជាមួយមេចុងភៅល្បីៗ ទស្សនីយភាពនៅតាមស្តង់ បទបង្ហាញតូចៗ និងកន្លែងលេងសម្រាប់កុមារ -ល-។

ស្ថានទូតបារាំងប្រចាំកម្ពុជា បានបញ្ជាក់ថា ផ្សារបារាំង គឺជាឱកាសមួយ សម្រាប់ស្វែងយល់អំពីវប្បធម៌ និងផលិតផលបារាំង ក៏ដូចជាចំណេះធ្វើ របស់សហគ្រិនបារាំងនៅកម្ពុជា លាយផ្សំជាមួយចំណេះធ្វើ និងប្រពៃណីយ៍ខ្មែរ៕

Advertising