(កំពង់ចាម)៖ លោក ប៉ិច សុខា សមាជិក និងជាអគ្គលេខាធិការរង ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមប្រតិបត្តិលិខិតបទដ្ឋានគតិយុត្ត បានលើកឡើងថា ប្រទេសណា ក៏ត្រូវមានច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដើម្បីគ្រប់គ្រងសង្គម និងសេដ្ឋកិច្ច ឲ្យមានសុខដុមរមនា ប៉ុន្តែក៏ត្រូវប្រុងប្រយ័ត្ន អំពីផលប៉ះពាល់អវិជ្ជមាន នៃច្បាប់និងលិខិតបទដ្ឋានគតិយុត្តទាំងនោះ។

ការលើកឡើងរបស់លោក ប៉ិច សុខា សមាជិក និងជាអគ្គលេខាធិការរង ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយកម្មវិធី និងវិធីសាស្រ្តវាយតម្លៃ លើផលប៉ះពាល់ នៃលិខិតបទដ្ឋានគតិយុត្ត ដែលរៀបចំធ្វើឡើង នៅសាលកវិទ្យាល័យជាស៊ីមកំចាយមារ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ។

លោក ប៉ិច សុខា បានបញ្ជាក់ថា «ប្រទេសណា ក៏ត្រូវមានច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដើម្បីគ្រប់គ្រងសង្គម និងសេដ្ឋកិច្ច ឲ្យមានសុខដុមរមនា ប៉ុន្តែយើងក៏ត្រូវប្រុងប្រយ័ត្ន អំពីផលប៉ះពាល់អវិជ្ជមាន នៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទាំងនោះ ដូចជាការរារាំង ដល់ការប្រកួតប្រជែង ឬការដាក់បន្ទុកចំណាយកាតព្វកិច្ចមិនចាំបាច់ ដល់ធុរកិច្ច និងសាធារណៈជនជាដើម -ល-»

ក្នុងឱកាសនោះ លោក ប៉ិច សុខា បានបន្ថែមទៀតថា ដូច្នេះ ក្នុងអំឡុងពេលតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ក្រសួងស្ថាប័នត្រូវសិក្សា និងធ្វើការវាយតម្លៃ ឲ្យបានហ្មត់ចត់ លើផលប៉ះពាល់ ដែលអាចកើត មានឡើងពីច្បាប់ឬបទប្បញ្ញត្តិទាំងនេះ។

លោកថា ក្នុងន័យនេះ ការវិភាគ និងពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ អំពីបន្ទុកចំណាយ និងផលចំណេញ នៃច្បាប់ឬបទប្បញ្ញត្តិទាំងឡាយ ជាការចាំបាច់ណាស់ សម្រាប់រាយការណ៍ជូនថ្នាក់ដឹកនាំ ដែលជាមូលដ្ឋាន ក្នុងការសម្រេចថា តើត្រូវបង្កើតច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ឬជម្រើសយ៉ាងណាដែលប្រសើរ?។

ជាមួយគ្នានោះ លោក ប៉ិច សុខា បានលើកឡើងថា «ចំពោះវិធីសាស្ត្រ វាយតម្លៃលើផលប៉ះពាល់ នៃលិខិតបទដ្ឋានគតិយុត្ត ជាភាសាអង់គ្លេសថា Regulatory Impact Assessment (RIA) នៅមិនទាន់ត្រូវ បានអនុវត្តទូលំទូលាយនៅឡើយទេ នៅក្នុងដំណើរការតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនៅប្រទេសកម្ពុជាយើង»

លោក ប៉ិច សុខា បានគូសបញ្ជាក់ថា នៅប្រទេសមានសេដ្ឋកិច្ចជឿនលឿនជាច្រើន បានអនុវត្ត RIA តាំងពីយូរយារមកហើយ ក្នុងដំណើការ រៀបចំលិខិតបទដ្ឋានគតិយុត្ត ឲ្យមានប្រសិទ្ធភាព និងបានយក RIA ធ្វើជាឧបករណ៍សម្រាប់ កាត់បន្ថយបន្ទុកការិយាធិបតេយ្យ (red tape cost) និងកាត់បន្ថយបញ្ញត្តិកម្មតាមរយៈ វិធាន ១ចូល-១ចេញ ឬ ១ចូល-២ចេញ ជាដើម -ល-។

គូសបញ្ជាក់ថា កម្មវិធី RIA គឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើកំណែទម្រង់ដ៏ស៊ីជម្រៅ ក្រោមការដឹកនាំរបស់សមេ្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សំដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឲ្យកាន់តែប្រសើរឡើង ដូចមានបញ្ជាក់ច្បាស់ នៅក្នុងយុទ្ធសាស្ត្រចតុកោណ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។

ការអនុវត្ត RIA សាកល្បងនៅកម្ពុជា ទទួលបានលទ្ធផលវិជ្ជមានជាជំហានៗ ចាប់តាំងពីឆ្នាំ២០១១មក ដូច្នេះហើយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចលេខ១៣២ ស្តីពីការបង្កើតក្រុមការងារវាយតម្លៃ លើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត នៅគ្រប់ក្រសួង ស្ថាប័នសម្រាប់ធ្វើការងារ RIA ដើម្បីវាយតម្លៃលើផលប៉ះពាល់ នៃសំណើលិខិតបទដ្ឋានគតិយុត្ត។

មកដល់បច្ចុប្បន្ន នេះមានក្រសួង ស្ថាប័នចំនួន១៨ បានចូលរួមក្នុងកម្មវិធី RIA ហើយ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ECOSOCC) ដើរតួនាទីជាស្ថាប័នបណ្តុះបណ្តាល និងទីប្រឹក្សាយោបល់៕