(ភ្នំពេញ)៖ នៅផ្សារទំនើបអ៊ីអនម៉លសាខាភ្នំពេញ សាខាសែនសុខ និងផ្សារទំនើប The Heritage Walk នៅក្នុងខេត្តសៀមរាប សុទ្ធសឹងជាកន្លែងផ្តល់នូវការចាប់អារម្មណ៍យ៉ាងខ្លាំងកាលពីថ្ងៃម្សិលមិញ ស្របពេលដែលអ្នកប្រើប្រាស់កម្មវិធី Pi Pay (ផាយ ផេ) រហូតដល់ទៅ៣ម៉ឺនាក់ បានចូលរួមអបអរព្រឹត្តិការណ៍ Pi Pay Day ដោយបានចំណាយប្រាក់ច្រើនជាង៣លានដុល្លារអាមេរិក ទៅលើទំនិញ និងអាហារផ្សេងៗជាច្រើនដូចជា ស្បែកជើង កាហ្វេ គ្រឿងអេឡិចត្រូនិក និងភីហ្សា។

អ្នកមានសំណាងម្នាក់ ក៏ត្រូវបានប្រកាសថា ជាអ្នកឈ្នះប្រាក់រង្វាន់ ៣១,៤០០ដុល្លារអាមេរិក ក្រោយពីបានចូលរួមក្នុងកម្មវិធីរាប់ថយក្រោយរបស់ព្រឹត្តិការណ៍ ផាយ ផេ។

Pi Pay Day ជាការអបអរប្រចាំឆ្នាំរបស់ Pi Pay និងបដិវត្តន៍ទូទាត់មិនប្រើក្រដាសប្រាក់របស់ក្រុមហ៊ុននេះ នៅព្រះរាជាណាចក្រកម្ពុជា។ ព្រឹត្តិការណ៍ Pi Pay Day ឆ្នាំទី១ កាលពីឆ្នាំ២០១៨ ទទួលបានកំណើនច្រើនជាង ២០០០% ទៅលើការទូទាត់តាមរយៈ ផាយ ផេ នៅផ្សារទំនើបអ៊ីអនម៉លសាខាភ្នំពេញ ស្របពេលអ្នកដើរផ្សារជាច្រើនបានប្រជែងគ្នាដើម្បីរីករាយនឹងការបញ្ចុះតម្លៃលើទំនិញជាទូទៅ និងការផ្តល់ជូនតម្លៃយ៉ាងពិសេសជាច្រើន។

លោក ថូម៉ាស ផូកូនី (Tomas Pokorny) នាយកប្រតិបត្តិរបស់ក្រុមហ៊ុន ផាយ ផេ បានពន្យល់ថា នៅថ្ងៃនេះ ព្រឹត្តិការណ៍នេះ នឹងត្រូវពង្រីកទៅកាន់ទីតាំង៣ ដើម្បីឈានទៅដល់ពលរដ្ឋកាន់តែច្រើន ដោយមានការបញ្ចុះតម្លៃដល់ទៅ ៣១,៤% ចំពោះពាណិជ្ជកររបស់ ផាយ ផេ ដែលចូលរួមក្នុងកម្មវិធីនេះ និងបង្ហាញឲ្យឃើញបន្ថែមទៀតពីទីតាំងរបស់ ផាយ ផេ ក្នុងនាមជាកម្មវិធីផ្តល់ការទូទាត់មិនប្រើក្រដាស់ប្រាក់ឈានមុខគេរបស់កម្ពុជា។

លោកបានឲ្យដឹងថា «ព្រឹត្តិការណ៍ Pi Pay Day កាលពីឆ្នាំមុន ទទួលបានជោគជ័យដ៏គួរឲ្យកត់សម្គាល់ ហើយក្រោយពីការរីកចម្រើន និងការពង្រីកខ្លួនរយៈពេល១ឆ្នាំពេញ ខ្ញុំពិតជារីករាយណាស់ដែល Pi Pay Day ក្នុងឆ្នាំ២០១៩ បានទទួលចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកប្រើប្រាស់ និងពាណិជ្ជករជាច្រើន»។

លោកផូកូនី បានបន្ថែមទៀតថា «ស្របពេលដែលយើងបានបន្តបង្ហាញពីសុវត្ថិភាព និងអត្ថប្រយោជន៍នៃការទូទាត់មិនប្រើក្រដាសប្រាក់នៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងកន្លែងជាច្រើនបន្ថែមទៀតទូទាំងប្រទេសកម្ពុជា ផាយ ផេ កំពុងតែគាំទ្រដល់បដិវត្តន៍ផ្នែកឌីជីថលរបស់ព្រះរាជាណាចក្រកម្ពុជា និងផ្តល់ជូនមធ្យោបាយថ្មីមួយសម្រាប់ពលរដ្ឋរាប់ម៉ឺននាក់ក្នុងការចំណាយ សន្សំ និងផ្ទេរប្រាក់»។

ក្រោយពីបានពង្រីកបណ្តាញរបស់ខ្លួនទៅកាន់ខេត្តសៀមរាប និងព្រះសីហនុ កាលពីឆ្នាំមុន ក្រុមហ៊ុន ផាយ ផេ បានផ្តល់ការគាំទ្រការទូទាត់មិនប្រើក្រដាសប្រាក់ឥតឈប់ឈរសម្រាប់ពាណិជ្ជករទូទាំងខេត្តក្រុងសំខាន់ៗទាំងនេះ និងសម្រាប់ភ្ញៀវទេសចរ ក៏ដូចជាដៃគូទូទាត់ប្រាក់ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដូចជា AliPay និង WeChat។

ភ្ញៀវបរទេសជាច្រើន ជាពិសេសមកពីប្រទេសចិន ឥទ្បូវនេះអាចរីករាយនឹងអត្ថប្រយោជន៍នៃការទូទាត់មិនប្រើក្រដាសប្រាក់នៅតាមសណ្ឋាគារ ភោជនីយដ្ឋាន និងកន្លែងកម្សាន្តនានា ដោយមិនចាំបាច់យកប្រាក់តាមខ្លួន ឬក៏ប្តូររូបិយប័ណ្ណរបស់ប្រទេសកំណើតខ្លួនទៅជាដុល្លារអាមេរិក ឬប្រាក់រៀលឡើយ។

ដើម្បីត្រៀមទទួលព្រឹត្តិការណ៍ Pi Pay Day ឆ្នាំ២០១៩ អ្នកប្រើប្រាស់ ផាយ ផេ ត្រូវបានលើកទឹកចិត្តឲ្យចូលរួមក្នុងកម្មវិធីចាប់ឆ្នោតផ្សងសំណាងប្រាក់រង្វាន់ប្រចាំថ្ងៃ។ ដោយគ្រាន់តែធ្វើការដាក់លេខកូដក្នុងកម្មវិធី Pi Pay អ្នកប្រើប្រាស់ទទួលបាននូវឱកាសនៃការផ្សងសំណាងប្រាក់រង្វាន់ ៣១៤ដុល្លារអាមេរិកប្រចាំថ្ងៃ ៣១៤០ដុល្លារប្រចាំសប្តាហ៍ និងរង្វាន់ធំ ៣១៤០០ដុល្លារ សម្រាប់រាល់ការផ្ទេរប្រាក់ចាប់ពី ១ដុល្លារ ទ្បើងទៅតាមរយៈកម្មវិធី ផាយ ផេ។

ពាក្យ «ផាយ (Pi)» គឺជាប្រមាណវិធី គណិតវិទ្យាដែលត្រូវបានប្រើប្រាស់ដើម្បីគណនាចំណុច ឬបរិមាត្ររង្វង់មួយពីកាំរង្វង់នោះ ហើយលេខកាត់សម្រាប់ពាក្យនេះគឺ ៣.១៤ ឬខែមីនា ទី១៤ ដើម្បីបង្កើតឲ្យថ្ងៃដ៏ល្អឥតខ្ចោះសម្រាប់ ផាយ ផេ ក្នុងការអបអរជាមួយនឹងអ្នកប្រើប្រាស់ និងពាណិជ្ជករទូទាំងព្រះរាជាណាចក្រកម្ពុជា៕