(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន បានផ្ដល់ថវិកាឥតសំណងចំនួន២៧៥,២៩៦ដុល្លារ ដល់អង្គភាពចំនួន៣ នៅកម្ពុជា ក្រោមគ្រោងការណ៍នៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចរបស់ជប៉ុន សម្រាប់គម្រោងទ្រង់ទ្រាយតូច សន្ដិសុខមនុស្សជាតិ។

ពិធីចុះហត្ថលេខា សម្រាប់ការផ្តល់ជំនួយឥតសំណងនេះ បានធ្វើឡើងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ នៅស្ថានទូតជប៉ុន ក្នុងនោះភាគីជប៉ុន តំណាងដោយលោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ​និងតំណាងអង្គភាពចំនួន៣ផងដែរ។

គម្រោងទាំងបី ដែលបានចុះហត្ថលេខានៅពេលនេះរួមមាន៖

*ទី១៖ គម្រោងកែលម្អផ្លូវថ្នល់ ក្នុងឃុំទទុង ស្រុកដងទង់ ខេត្តកំពត នូវថវិកាចំនួន១០៦,១៤៦ដុល្លារ ហើយអង្គភាពទទួលជំនួយ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត នៅក្នុងគម្រោងនេះ ស្ពានចាស់ចំនួនពីរដែលមានស្រាប់នឹងត្រូវបានជំនួសដោយលូប្រអប់បេតុងចំនួនពីរនៅឃុំទទុង ស្រុកដងទង់ ខេត្តកំពត។

គម្រោងនេះបានគេរំពឹងថា នឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនប្រមាណ១៥៥,៨០០នាក់ នៅក្នុងតំបន់។ គេរំពឹងផងដែរថា ផ្លូវកែលម្អនេះនឹងផ្តល់ឱ្យប្រជាពលរដ្ឋមូលដ្ឋាន នូវភាពងាយស្រួលជាងមុនក្នុងការធ្វើដំណើរទៅសាលារៀន មន្ទីរពេទ្យ និងផ្សារ ហើយជាពិសេសជំរុញសកម្មភាពសេដ្ឋកិច្ចរបស់ប្រជាជនតាមរយៈការលើកកម្ពស់ការតភ្ជាប់នៅក្នុងតំបន់។

*ទី២៖ គម្រោងកែលម្អផ្លូវថ្នល់នៅក្នុងឃុំដា ស្រុកចិត្របូរី ខេត្តក្រចេះ នូវថវិកាចំនួន៨២,៤៥០ដុល្លារ អង្គភាពទទួលជំនួយ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ នៅក្នុងគម្រោងនេះស្ពានប្រវែង១៥ម៉ែត្រ នឹងត្រូវសាងសង់នៅឃុំដារ ស្រុកចិត្របូរី។ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋកំពុងប្រើប្រាស់ស្ពានឈើដែលងាយនឹងបាក់បន្ទាប់ពីលូបេតុងចាស់នោះត្រូវបានបំផ្លាញដោយទឹមជំនន់។ គម្រោងនេះត្រូវបានគេរំពឹងថានឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនប្រមាណ៣៨០០នាក់ នៅក្នុងតំបន់។

*ទី៣៖​ គម្រោងសាងសង់បរិក្ខារសាលាមត្តេយ្យចំនួន៨ ក្នុងខេត្តកំពត នូវថវិកាចំនួន៨៦,៧០០ដុល្លារ អង្គភាពទទួលជំនួយ អង្គការ Planete Enfants & Development នៅក្នុងគម្រោងនេះអង្គការ នឹងសាងសង់ បរិក្ខារមត្តេយ្យចំនួន៨ នៅក្នុងស្រុកទឹកឈូ និងស្រុកដងទង់។ ការកែលម្អបរិក្ខារសាលាមត្តេយ្យនឹងចំណែកដល់ការផ្តល់កុមារប្រមាណ២៧០នាក់ ទទួលបានការអប់រំប្រកបដោយ គុណភាពខ្ពស់ និងប្រកបដោយនិរន្តរភាព។ លើសពីនេះទៅទៀតគម្រោងនេះ ត្រូវបានគេរំពឹងថានឹងពង្រីកនូវឱកាសអប់រំសម្រាប់កុមារទាំងអស់នៅក្នុងតំបន់។

សូមជម្រាបថា គម្រោងឥតសំណងគូសាណូណិរបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជា នៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ គម្រោងជំនួយនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា៖ ភាពក្រីក្រ និងភាពអកុសល ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់ជីវភាពរស់នៅ ការចិញ្ចឹមជីវិត និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពជាម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។

ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង៦០លានដុល្លារ ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិ ចំនួន៦១២គម្រោងនៅទូទាំងប្រទេសកម្ពុជា៕