(រតនគិរី)៖ ការជំរុញទៅដល់មន្ត្រីនគរបាលពិសេស មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល ដែលនៅកៀកនឹងប្រជាពលរដ្ឋក្នុងមូលដ្ឋាន របស់នាយឧត្តមសេនីយ៍ ដាំ វុទ្ធី អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ធ្វើឡើងក្នុងពិធី បូកសរុបលទ្ធផលការងារនគរបាលខេត្តឆ្នាំ១០១៨ និងលើកទិសអនុវត្តបន្តឆ្នាំ២០១៩ របស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី នាល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ។

ស្នងការនគរបាលខេត្តរតនគិរី លោកឧត្តមសេនីយ៍ទោ យិន ចំណាន បានថ្លែងថា នៅក្នុងឆ្នាំ២០១៨កន្លងទៅនេះ អង្គភាពបានអនុវត្តការងារ ដោយបំពេញតួនាទី និងភារកិច្ចបានយ៉ាងខ្ជាប់ខ្ជួន ទៅតាមផែនការដែលក្រសួងមហាផ្ទៃបានដាក់ចុះ ក្នុងនោះក្រៅពីបានបំពេញកិច្ចការងារសង្គម រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ អនុវត្តច្បាប់ចរាចរផ្លូវគោក សម្រួលការធ្វើចរាចរ ជូនប្រជាពលរដ្ឋ និងរក្សាការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំ កម្លាំងស្នងការដ្ឋាន បានរួមគ្នាចុះពង្រឹងគោលនយោបាយភូមិ ឃុំសុវត្ថិភាព ដែលរាជរដ្ឋាភិបាល បានដាក់ចុះនាពេលកន្លងមក។

ស្នងការដ្ឋានបានបន្តចុះធ្វើកិច្ចសហប្រតិបត្តិការរួមគ្នា ជាមួយកម្លាំងអង្គភាពប្រដាប់អាវុធផ្សេងៗទៀត ដើម្បីរក្សាសន្តិសុខព្រំដែន បង្ក្រាបករណីឆ្លងដែនខុសច្បាប់ បង្ក្រាបបទល្មើសព្រហ្មទណ្ឌ បទល្មើសមជ្ឈឹម ល្បែងស៊ីសង បទល្មើសគ្រឿងញៀន បទល្មើសសេដ្ឋកិច្ច ការស្តុកទុកឈើ និងការដឹកជញ្ជូនឈើខុសច្បាប់ បទល្មើសនេសាទ និងបង្ក្រាបបទល្មើសសត្វព្រៃ។ល។

លោកឧត្តមសេនីយ៍ស្នងការ បានប្តេជ្ញាអនុវត្តន៍សារាចរលេខ ០៤ស.រ របស់រាជរដ្ឋាភិបាលស្តីពី ការចាត់តាំងអនុវត្តន៍ វិធានការបង្ការទប់ស្កាត់ និងបង្ក្រាបសកម្មភាពក្មេងទំនើង និងផែនការណែនាំ លេខ ០៥២ ផ.ក របស់អគ្គស្នងការដ្ឋាននគរបាលជាតិស្តីពី ការអនុវត្តន៍ប្រៀបសមរភូមិ ប្រឆាំងបទល្មើសគ្រឿងញៀន និងបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយ និងចាត់តាំងអនុវត្តន៍តាមសេចក្តីណែនាំ លេខ០០១ របស់ក្រសួងមហាផ្ទៃស្តីពី វិធានការលុបបំបាត់ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យ អនាធិបតេយ្យតាមផ្លូវគោកជាប្រចាំ ព្រមទាំងបន្តបង្ក្រាបបទល្មើសព្រៃឈើ គ្រឿងញៀន និងបទល្មើសផ្សេងៗទៀត ឲ្យមានប្រសិទ្ធភាព។

មានមតិសំណេះសំណាលក្នុងអង្គពិធីនេះដែរអភិបាលរងខេត្តលោក ញ៉ែម សំអឿន បានជំរុញដល់មន្ត្រីនគរបាលគ្រប់លំដាប់ថ្នាក់ និងមន្ត្រីនគរបាលយុត្តិធម៌ទាំងអស់ ត្រូវខិតខំបន្ថែមទៀត ក្នុងការសហការរួមគ្នា អនុវត្តន៍ បំពេញតួនាទី និងភារកិច្ច ទៅតាមគោលការណ៍ ក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ ជាពិសេសត្រូវអនុវត្តន៍តាមគោលការណ៍ណែនាំ របស់រាជរដ្ឋាភិបាល ឲ្យបានហ្មត់ចត់បំផុត។

ក្រៅពីនោះ មន្ត្រីនគរបាលគ្រប់រូប ពិសេសមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល ដែលនៅកៀកនឹងប្រជាពលរដ្ឋ ត្រូវឧស្សាហ៍ចុះជួប និងស្គាល់ពីសុខទុក្ខពលរដ្ឋនៅក្នុងមូលដ្ឋាន ហើយប្រសិនបើមានមន្ត្រី នគរបាលយុត្តិធម៌ណាមួយ ជាប់ពាក់ព័ន្ធនឹងការផ្សំគំនិតប្រព្រឹត្តបទល្មើសនាពេលកន្លងមក ចាប់ពីពេលនេះទៅត្រូវបញ្ឈប់ និងដកខ្លួនចេញជាបន្ទាន់ បើពុំនោះទេកុំថាច្បាប់ គ្មានការយោគយល់ឲ្យសោះ។

ថ្លែងទៅកាន់អង្គពិធីនោះ នាយឧត្តមសេនីយ៍ ដាំ វុទ្ធី ក៏បានវាយតម្លៃខ្ពស់ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដែលអនុវត្តតួនាទី និងភារកិច្ច ដែលថ្នាក់លើប្រគល់ជូន បានយ៉ាងល្អប្រសើរ ទាំងការរក្សាការពារសន្តិសុខព្រំដែន រក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ចុះជួយប្រជាពលរដ្ឋក្នុងគ្រោះធម្មជាតិ ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ រួមទាំងការបង្ក្រាប បទល្មើសធនធានធម្មជាតិ គ្រឿងញៀន និងបទល្មើសនានាទៀតទទួលលទ្ធផលល្អគួរឲ្យកត់សម្គាល់។

ទន្ទឹមនេះផងដែរ លោកក៏បានកោតសរសើរអតីតលោកឧត្តមសេនីយ៍ទោ ងួន គឿន ស្នងការនគរបាលខេត្ត ដែលបានបន្សល់ទុកស្នាដៃជាច្រើន ជូនអង្គភាពជាក់ស្តែងដូចសាលប្រជុំនេះ ហើយសូមឲ្យលោកស្នងការថ្មីជួយថែរក្សានិងខិតខំថែមទៀត។

នាយឧត្តមសេនីយ៍បានសង្កាត់ធ្ងន់ថា កងកម្លាំងនគរបាលជាតិ ត្រូវតែបង្ក្រាបនៅជនអគតិមួយចំនួន ដែលចង់បង្កើតនូវបដិវត្តន៍ពណ៌តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទោះក្នុងតម្លៃណាក៏ដោយត្រូវកំចាត់ឲ្យបានដាច់ខាត៕