(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមខ្លួនជាស្រេច និងរង់ចាំជួយសម្រួលលក្ខខណ្ឌវិនិយោគដល់ក្រុមហ៊ុន វិនិយោគមកពីទីក្រុងឈុងឆីង ដែលជាទីក្រុងសម្ព័ន្ធភាព ជាមួយរាជធានីភ្នំពេញ។

ការប្រកាសបែបនេះ ខណៈលោកអភិបាល បានជួបពិភាក្សាការងារជាមួយលោក ហាន ប៉ាវឆាង ប្រធានមន្ទីរគ្រប់គ្រងគម្រោងគំរូចិន-សិង្ហបុរី នៃទីក្រុងឈុងឆីង ដែលជាដៃគូសហការរបស់ក្រុមហ៊ុន ព្រីនរៀលអីស្តេត នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩។

នៅក្នុងឱកាសនោះ លោក ហាន ប៉ាវឆាង បានចាប់អារម្មណ៍ខ្លាំង ទៅលើការវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យនៅរាជធានីភ្នំពេញ ហើយលោកនឹងនាំយកព័ត៌មានល្អៗ ពីរាជធានីភ្នំពេញ ទៅផ្សព្វផ្សាយដល់ក្រុមអ្នកវិនិយោគនៅទីក្រុងឈុងឆីង។

លោក ហាន ប៉ាវឆាង បានបញ្ជាក់ជូនថា មន្ទីរគ្រប់គ្រងរបស់លោក ក៏មានជំនាញលើការវិនិយោគលើវិស័យហិរញ្ញវត្ថុ, អាកាសចរណ៍, ដឹកជញ្ជូនផ្លូវគោក និងព័ត៌មានវិទ្យាជាដើម ដែលមានមូលដ្ឋាននៅសិង្ហបុរី ហើយក៏អាចពង្រីកមកដល់ភ្នំពេញផងដែរ។

សម្រាប់លោក ឃួង ស្រេង រាជធានីភ្នំពេញ មានសក្ដានុពលច្រើន និងមានច្បាប់វិនិយោគដែលមិនស្មុគស្មាញ ហើយមានការអនុគ្រោះច្រើនដល់អ្នកវិនិយោគ រួមនឹងសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ល្អ ដែលជាការផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគ៕