(ក្រចេះ)៖ កម្លាំងអាវុធហត្ថស្រុកចិត្របុរី សហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ បានចុះបង្រ្កាបទីតាំងស្តុកឈើដ៏ធំមួយកន្លែង ដោយរឹបអូសបានឈើជិត១០០កំណាត់ ដែលក្រុមឈ្មួញលាក់ទុក នៅក្នុងព្រៃខាងក្រោយផ្ទះប្រជាពលរដ្ឋ ស្ថិតនៅភូមិវាលសំបូរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។

លោក អ៊ឹម ចិត្រា មេបញ្ជាការស្រុកចិត្របុរី នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ប្រតិបត្តការបង្រ្កាបនេះធ្វើឡើង ក្រោមបញ្ជាលោកឧត្ដមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្ត សហការជាមួយជំនាញរដ្ឋបាលព្រៃឈើដឹកនាំដោយលោក ឃ្លាំង ណារ័ត្ន នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត។

លោកចិត្រា បានបន្តថា ឈើទាំងនោះត្រូវបានក្រុមឈ្មួញលាក់ទុកបម្រុងយកទៅលក់បន្ដ ហើយជាប្រភេទឈើអាឡាំងជាជ្រុំ (ឈើធ្លីក)ចំនួន៨៥កំណាត់។

លោកបន្ដទៀតថា ឈើទាំងនោះមិនទាន់ដឹងចំនួនម៉ែត្រគូបនោះទេ ព្រោះកម្លាំងកំពុងធ្វើការដឹកជញ្ជូន មិនទាន់បានធ្វើការវាស់វែងរួច ហើយបច្ចប្បន្នឈើនោះត្រូវបានកម្លាំងសមត្ថកិច្ច នាំយកទៅរក្សាទុកនៅស្ថានីយ៍បណ្ដុះកូនឈើខ្សា ដើម្បីចាត់ការតាមច្បាប់របស់រដ្ឋបាលព្រៃឈើ៕