(ភ្នំពេញ)៖ ​លោក​ ប៉ា សុជាតិវង្ស ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយខណ្ឌមានជ័យ បាន​ថ្លែងប្រាប់ទៅដល់សមា​ជិក សមាជិកាគណបក្ស ប្រជាជនកម្ពុជាចំនួន៥៨៤រូប​​ ឲ្យ​ចូលរួមបំពេញតួនាទី និងការងាររប​ស់ខ្លួនឲ្យបានត្រឹមត្រូវ ដើម្បីបម្រើប្រជាជ​នកម្ពុជា នៅតាមមូលដ្ឋា​នរៀងៗខ្លួន សំដៅធ្វើយ៉ាងណាឲ្យ ប្រជាជនរស់នៅដោយសុខសន្តិភាព និងមានសុវ​ត្ថិភាព។

ការលើកឡើងរបស់លោក​ ប៉ា សុជាតិវង្ស បាន ធ្វើឡើងខណៈលោកដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ចាត់តាំងអនុវត្តសេចក្តីសម្រេចសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា​ លើកទី៤១​ អាណត្តិទី៥​ របស់រាជធានីភ្នំពេញនាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩។

​នៅក្នុងពិធីនោះក៏មានការចូលរួមពីលោក ពេជ្រ កែវមុនី ប្រធានក្រុមការងារចុះជួយសង្កាត់ស្ទឹងមានជ័យទី២, លោក ឡុង ង៉ែត អនុប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌមានជ័យ និងលោកស្រី ទាវ ធីតា អនុប្រធានក្រុមការងារចុះជួយសង្កាត់ស្ទឹងមានជ័យទី២ ព្រមទាំងសមាជិកសមាជិកាជិត៦០០រូបទៀត។

ជាមួយគ្នានោះ លោក​ ប៉ា សុជាតិវង្ស ក៏បានថ្លែងអំណរគុណ ដល់សមាជិក​​​​​​​​​​​​សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងបំពេញការងារ និងតួនាទីរបស់ខ្លួនបានយ៉ាងល្អ ក្នុងការបម្រើប្រជាជ​នកម្ពុជាដោយមិន​ខ្លាចនឿយហត់។ លោក ប៉ា សុជាតិវង្ស បានបន្តថា ការខិតខំប្រឹងប្រែង​​របស់អ្នកទាំងអស់គ្នា​​​​​​​​​​​​​​​​​​​​​នេះ ​ហើយទើបធ្វើឲ្យគណបក្សប្រជាជ​នកម្ពុជា ទទួលបានជោគជ័យ ដឹកនាំរា​ជរដ្ឋាភិបាលកម្ពុជា ជាបន្តបន្ទាប់ រហូតមកដល់ពេលបច្ចុប្បន្ននេះ។

នៅក្នុងកម្មវិធីនោះផងដែរ លោក ពេជ្រ កែវមុនី ក៏បានធ្វើបទបង្ហាញស្តីពីការផ្សព្វផ្សាយផែនការចាត់តាំងការអនុវត្តសេច​ក្តីសម្រេច ស្តីពីផែនការឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣​​ របស់គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។

លោក ពេជ្រ កែវមុនី បាន​លើកឡើងថា នៅក្នុងខ្លឹម​សារនៃលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤១ របស់គណបក្សប្រជាជនកម្ពុជា ដែលជម្រា​បជូនដោយ អភិ​បាល​ខណ្ឌមានជ័យ បានបញ្ជាក់ថា សន្និបាតនោះ គណបក្សប្រជាជនកម្ពុជា បានបង្ហាញសេចក្តីសម្រេចជាលទ្ធផលសំខាន់ៗ ចំនួន១១ចំណុច ដើម្បីតម្រង់ទិសសម្រាប់ការអនុវត្តរបស់ខ្លួន ទៅថ្ងៃខាងមុខផងដែរ៕