(ស្វាយរៀង)៖ លោក ម៉ែន វិបុល ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង បានថ្លែងណែនាំដល់ប្រធានក្រុមការងារថ្មី និងក្រុមការងារចុះជួយស្រុកកំពង់រោទ៌ ត្រូវបន្តចុះមូលដ្ឋានឲ្យបាន ញឹកញាប់ បន្ថែមទៀត ជាពិសេសក្តាប់ឲ្យបាននូវការខ្វះខាត បញ្ហាប្រឈមនានានៅមូលដ្ឋាន ហើយដោះស្រាយឲ្យបានទាន់ពេលវេលា ដើម្បីឲ្យប្រជាពលរដ្ឋមានជំនឿជឿជាក់ មកលើគណបក្សកាន់តែមានសម្លេងច្រើនឡើង និងឈ្នះឆ្នោតនៅគ្រប់អាណត្តិ។

ការថ្លែងណែនាំរបស់ លោក ម៉ែន វិបុល ធ្វើឡើងក្នុងពិធីប្រកាសលោក កឹង ឃន ជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកកំពង់រោទ៌ខេត្តស្វាយរៀង ជំនួសលោក គឹម ធា ដែលទទួលភារកិច្ចថ្មី នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ នៅទីស្នាក់ការគណបក្សស្រុកកំពង់រោទ៌ ដែលមានការចូលរួមពីសមាជិក សមាជិកា និងក្រុមការងារចុះជួយស្រុកជាច្រើនរូបផងដែរ។

លោក ម៉ែន វិបុល បានបន្តទៀតថា ដើម្បីកែសម្រួលសមាសភាពក្រុមការងារបក្ស លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង បានសម្រេចប្រគល់ភារកិច្ចឲ្យលោក កឹង ឃន ជាប្រធានក្រុមការងារចុះជួយស្រុកកំពង់រោទ៌ជំនួសលោក គឹម ធា ដែលទទួលភារកិច្ចថ្មី។ លោកប្រធានគណបក្សខេត្ត ក៏បានថ្លែងអំណរគុណដល់លោកប្រធានក្រុមការងារចាស់ និងក្រុមការងារទាំងអស់ដែលបានខិតខំបំពេញការងារជូនបក្សបានយ៉ាងល្អប្រសើរ ក្នុងនោះបានដោះស្រាយទុកលំបាកជូនពលរដ្ឋ និងសំណូមពរនានាធ្វើឲ្យមូលដ្ឋានស្រុកកំពង់កំពង់រោទ៌ មានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ផងដែរ។

លោកបានបន្តថា ការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជន បានដាក់ចេញនូវគោនយោបាយស៉ីជម្រៅ ដោយធ្វើពីផ្លូវលំឲ្យក្លាយជាទៅជាផ្លូវចាក់កៅស៊ូ ពីផ្លូវរទេះទៅផ្លូវក្រាលខ្សាច់ភ្នំ។ ហើយខេត្តស្វាយរៀង ត្រូវបានចែកចេញជាបីតំបន់សេដ្ឋកិច្ច៖ ទី១, តំបន់កសិឧស្សាហកម្ម ទី២, តំបន់កសិកម្ម និងទី៣តំបន់ទេសចរណ៍។

លោក ម៉ែន វិបុល បានក្រើនរំលឹកដល់អាជ្ញាធរ ក៏ដូចសមាជិកបក្សទាំងអស់ត្រូវចងចាំអភិក្រុមទាំងប្រាំរួមមាន៖ ឆ្លុះកញ្ចក់ ងួតទឹក ដុះក្អែល ព្យាបាល និងវះកាត់ និងបាវចនាពីរទៀត គឺកែទម្រង់ខាងក្រុង បន្ថែមមិត្តខាងក្រៅ។ ជាមួយគ្នានេះនៅតាមបណ្តាឃុំមួយចំនួនដែលជាប់ព្រំដែនវៀតណាម ត្រូវណែនាំដល់ពលរដ្ឋកុំឲ្យជួលដីស្រែទៅឲ្យប្រទេសជិតខាងជាដាច់ខាត ហើយបើមានជួលដីឲ្យប្រទេសជិតខាងនោះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

លោក ម៉ែន វិបុល ក៏បានណែនាំដល់ពលរដ្ឋឲ្យត្រូវចេះសន្សំសំចៃទឹកទុក ដោយក្នុងរដូវប្រាំងនៅឆ្នាំ២០១៩នេះ កម្ពុជានឹងជួបគ្រោះក្តៅហួតហែងខ្លាំង ជាពិសេសក្នុងអំឡុងខែមេសា និងឧសភា កម្តៅនឹងហក់ឡើងដល់៤០ ទៅ៤២អង្សា ដោយសារតែការរងដោយប្រយោល នៃឥទ្ធិពលបាតុភូតអែលនីណូ (El Nino)។ រាជរដ្ឋាភិបាល បានអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋ ត្រូវចាត់វិធានការថែរក្សាទឹកទុកសម្រាប់ប្រើប្រាស់ផងដែរ៕