(ភ្នំពេញ)៖ ពលរដ្ឋខ្មែរនិងពិភពលោកទាំងមូលជាពិសេសអ្នកដែលធ្លាប់ហែរហម និងលើកតម្កើងសម រង្ស៊ី ថា អ្នកស្មោះនឹងជាតិប្រជាជននោះ កាន់តែដឹងច្បាស់ពីក្រយ៉ៅពិតរបស់ទណ្ឌិតរូបនេះ តាមរយៈខ្លឹមសារ បទសម្ភាសជាមួយស្ថានីយទូរទស្សន៍ចិនឈ្មោះ China Phoenix កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៤ កន្លងទៅដោយបង្ហាញយ៉ាងច្បាស់ថាសម រង្ស៊ីគឺជាអ្នកនយោបាយដែលគ្មានជំហរច្បាស់លាស់សម្រាប់ខ្លួនឯង ក៏ដូចជាសម្រាប់ប្រទេសជាតិឡើយ។ សម រង្ស៊ី បានធ្វើនយោបាយប្រជាភិថុតិភូតកុហកនិង បោកប្រាស់ទៅតាមបរិបទដើម្បីបម្រើមហិច្ឆតាអំណាច និងផលប្រយោជន៍បុគ្គលខ្លួនឯង។ សម រង្ស៊ី និយាយថា៖ «យើង មិនដែលទទួលបានលុយសូម្បីតែមួយដុល្លារពីមហាអំណាចខាងលិច។ ពួកគេគាំ ទ្រយើងផ្នែកបញ្ញាស្មារតី ប៉ុណ្ណោះ។ តែក៏មានប្រជាជនចិនគាំទ្រយើងដែរ។ ជាការពិតគណបក្ស សង្រ្គោះជាតិគឺជាសម្ព័ន្ធ មិត្តចិន។ ជាក់ស្តែងគណបក្សសង្រ្គោះជាតិ គាំទ្រចិនយ៉ាងពេញទំហឹងលើការ ទាមទារកោះស៊ីនសា (កោះប៉ារ៉ាសែល) និងកោះណាន់សា (កោះស្ព្រាតលី) នៅសមុទ្រចិនខាង ត្បូង។ នេះវាបង្ហាញថា យើងមិនមានទំនាក់ទំនងនឹងអាមេរិកទេ។ ពីព្រោះថា អាមេរិកគាំទ្រវៀតណាម»។

តើអ្វីដែលជាគោលជំហរពិត ប្រាកដរបស់ទណ្ឌិតសម រង្ស៊ី?

តាមពិតគោលបំណងពិតប្រាកដរបស់សម រង្ស៊ី គឺគ្មានឡើយ គ្រាន់តែជាការចាក់ខ្សែ និងគ្មានអ្វីច្បាស់លាស់ទាំងក្នុងការសម្រេចចិត្ត និងក្នុងជំហរនយោបាយ ប៉ុន្តែវាបានបង្ហាញពីការធ្វើនយោបាយ ក្រឡិចក្រឡុច ភូតកុហកជាតិខ្មែរ និងសហគមន៍អន្តរជាតិតែប៉ុណ្ណោះ។ ពេល សម រង្ស៊ី ស្ថិតនៅក្នុងប្រទេសចិន ឬនិយាយជាមួយជនជាតិចិន សម រង្ស៊ី វាយប្រហារអាមេរិក ហើយពេល នៅសហរដ្ឋអាមេរិក សម រង្ស៊ី បានបើកការវាយប្រហារនយោបាយចិន។ ដូចគ្នានេះដែរពេលមានឱកាសក្នុងប្រទេស កម្ពុជា ពេលដែលជួបជាមួយប្រជាកសិករ សម រង្ស៊ី ឃោសនាបែបវាយប្រហារទៅលើ អ្នកលក់ដូរអាជីវករ និងសន្យាថាបង្កើនតម្លៃកសិកម្ម និងបញ្ចុះតម្លៃជីនិងសម្ភារៈផ្សេងទៀតបម្រើដល់វិស័យកសិកម្ម។

ប៉ុន្តែនៅពេលឃោសនាជាមួយនឹងអាជីវករលក់ដូរនៅតាមទីផ្សារបានវាយប្រហារកសិករនិងបន្ទាប់តម្លៃ កសិកម្ម ទប់មិនឱ្យទំនិញស្រូវអង្ករ និងផលិតផលកសិផលផ្សេងទៀតឡើងថ្លៃ។ បន្ថែមលើនេះ ពេលជួបជាមួយបរទេស សម រង្ស៊ី មិនដែលនិយាយអ្វីល្អពីកម្ពុជាឡើយ និងអនុវត្តនយោបាយបំផ្លាញជាតិខ្មែរដោយអំពាវនាវឱ្យបរទេសកុំផ្តល់ជំនួយ កុំវិនិយោគ និងកុំទិញទំនិញពីកម្ពុជា។ សម រង្ស៊ី រហូតដល់ ចំណាយលុយរាប់សែនដុល្លារជួលក្រុមហ៊ុនបរទេសបំផ្លាញសេដ្ឋកិច្ចកម្ពុជា បំផ្លាញមុខមាត់ កិត្តិយសនិងកេរ្តិ៍ឈ្មោះកម្ពុជា នៅលើឆាកអន្តរជាតិដើម្បីបំពេញមហិច្ឆតាអំណាចរបស់ខ្លួន។ នេះគឺពិតជាអ្នក នយោបាយចង្រៃជាតិមែន!

នៅពេលនេះ ដោយមើលឃើញថាប្រទេសចិន បានគាំទ្រ និងជួយមកកម្ពុជាយ៉ាងច្រើន និងជាបន្ដបន្ទាប់ក្នុងការអភិវឌ្ឍជាតិ និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាពិសេសការប្រកាន់នយោបាយ អព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធ និងសន្តិសហវិជ្ជមានរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដោយមានបាវចនាដឹកនាំប្រទេស «កំណែទម្រង់ខាងក្នុង ពង្រីកមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យជាតិ» បានធ្វើឱ្យ សម រង្ស៊ី ស្លន់ស្លោរនិងបាត់អស់ក្តីសង្ឃឹមក្នុងជីវិតនយោបាយរបស់ខ្លួន។ ខណៈខ្លួនកំពុងរត់គេចពីសំណាញ់ច្បាប់នៅប្រទេសកម្ពុជា រត់គេចពីគុកទៅពួនសម្ងំបោកប្រាស់ពលរដ្ឋខ្មែរ នៅសហភាពអឺរ៉ុប នៅអាមេរិក សម រង្ស៊ី បានធ្វើការវាយប្រហារប្រទេសចិន ដែលផ្ទុយពីអ្វីដែលខ្លូនបានលើកឡើងកាលពីឆ្នាំ ២០១៤ កន្លងទៅ។ សម រង្ស៊ី មិនត្រឹមតែវាយប្រហារទៅលើប្រទេសចិន ប៉ុន្តែថែមទាំងបានប្រើជំនាញញុះញង់រើសអើងប្រកាន់ជាតិសាសន៍របស់ខ្លួនប្រឆាំងនឹងជនជាតិចិននៅ កម្ពុជាថែមទៀតផង ដូចអ្វីដែលទណ្ឌិតរូបនេះបានញុះញង់ឱ្យរើសអើងប្រកាន់ពូជសាសន៍ប្រឆាំងនឹង ជនជាតិវៀតណាមផងដែរ។

គោលជំហរនយោបាយរេដូចចុងស្រល់ និងគ្មានយុទ្ធសាស្ត្រនយោបាយច្បាស់លាស់របស់ សម រង្ស៊ី ទោះបីជាស្លាប់ហើយកើតមកវិញធ្វើនយោបាយ ១០ ជាតិទៀតក៏គ្មានតម្លៃសម្រាប់ជាតិនិងប្រជាជនកម្ពុជាឡើយ ប៉ុន្តែវាពិតជាបានបង្កនូវគ្រោះមហន្តរាយដល់ជាតិជាក់ជាមិនខាន។ ប្រសិនបើសម រង្ស៊ី មានឱកាសក្នុងការដឹកនាំក្តាប់អំណាចទំនងជានឹងក្លាយទៅជាជនផ្តាច់ការដូចអ្វីដែលសពបណ្ឌិត កែម ឡី បានថាឱ្យសម រង្ស៊ី ហើយក៏នឹងធ្វើឱ្យកម្ពុជាស្ថិតក្នុងអស្ថិរភាពដោយសារតែយកកម្ពុជាទៅប្រលែង លេងជាមួយនឹងជម្លោះអន្តរជាតិ និងការយកកម្ពុជាទៅលេងសើចក្នុងអារម្មណ៍ នយោបាយរវើរវាយ និង ជំងឺផ្លូវចិត្តរបស់ខ្លួន។ ហេតុដូច្នេះហើយបានជា សម រង្ស៊ី ធ្វើនយោបាយយូរទៅបាត់បង់អ្នកគាំទ្រ និង ប្រជាពលរដ្ឋអស់ជំនឿទុកចិត្ត ហើយចាត់ទុកថា ជាមនុស្សគ្មានតម្លៃសម្រាប់ជាតិ។

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩