(ព្រះវិហារ)៖ អំណោយជាថវិកា និងសម្ភារប្រើប្រាស់ជាច្រើនទៀត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានយកទៅប្រគល់ ជូនបងប្អូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត នៅស្រុករវៀង ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩នេះ។

លោកឧត្តមសេនីយ៍ទោ ចន្ទ័ សុភក្ត្រ័ា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានថ្លែងថា សមាគមអតីតយុទ្ធជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន តែងតែបានយកចិត្តទុកដាក់គិតគូរជានិច្ចអំពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនអតីតយុទ្ធជននៅទូទាំងប្រទេស។

ដោយឡែក សម្រាប់ខេត្តព្រះវិហារ ក្នុងនាមលោកជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត លោកតែងណែនាំក្រុមការងារអតីតយុទ្ធជនតាមក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់តាមដានអំពីបញ្ហា ប្រឈមចំពោះជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនអតីតយុទ្ធជន ដើម្បីនឹងមានវិធានការដោះស្រាយឲ្យបានទាន់ពេលវេលា។

លោក ចន្ទ័ សុភក្ត្រ័ា បានទៀតថា ចាប់តាំងពីលោកត្រូវបានទទួលភារកិច្ច ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារមក លោករួមជាមួយប្រធានសមាគមអតីតយុទ្ធជនកម្ពុជាតាមក្រុង ស្រុករួមជាមួយអាជ្ញាធរដែនដី ក្រោមការណែនាំពីសំណាក់ ទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត គឺសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានដោះស្រាយបញ្ហាជាច្រើនជូនអតីតយុទ្ធជនបានច្រើនគ្រួសារ។

លោកបន្តថា ជាក់ស្តែងថ្ងៃនេះ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បាននាំអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោប្រធានសមាគមអតីតយុទ្ធជនកម្ពុជា មកប្រគល់ជូនគ្រួសារអតីតយុទ្ធជននៅស្រុករវៀង ខេត្តព្រះវិហាដែលពួកគាត់មានជីវភាពខ្វះខាត។

ដោយឡែក កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ម្សិលមិញនេះ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ក៏បានដឹកនាំក្រុមការងារចុះជួយលើកផ្ទះជូនគ្រួសារអតីតយុទ្ធជននៅស្រុកឆែប និងបានចែកអំណោយជាថវិកា និងសម្ភារដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋចាស់ជរាចំនួន ២០គ្រួសារផងដែរ៕